ព័ត៌មានជាតិ
រាជដំណាក់ព្រះមហាក្សត្រខ្មែរ លើកំពូលភ្នំបូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ជួសជុលតាមគំរូដើមឡើងវិញ
លោក សាយ សុភក្ត្រា នាយកផ្នែកលក់ និងទីផ្សារក្រុមហ៊ុន សុខា អូតែល បានឱ្យដឹងថា ក្រុមហ៊ុនសុខា អូតែល កំពុងរង់ចាំការឆ្លើយតបពីព្រះបរមរាជវាំង ដើម្បីធ្វើការជួសជុលនិងកែលំអព្រះរាជដំណាក់ស្លាខ្មៅនៅលើកំពូលភ្នំបូកគោឱ្យមានភាពល្អប្រសើរឡើងវិញ។

ឆ្លើយតបសំណួរ «កម្ពុជាថ្មី» ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មាននៅឧទ្យាជាតិព្រះមុនីវង្សបូកគោកាលពីពេលថ្មីៗនេះ លោក សាយ សុភក្ត្រា បានឱ្យដឹងថា ពាក់ព័ន្ធទៅនឹងគម្រោងកែលំអដំណាក់ស្លាខ្មៅ ដែលស្ថិតនៅរមណីយដ្ឋានឋានសួគ៌បូកគោ កន្លងមកខាងក្រុមហ៊ុនបានក្រាបបង្គំគាល់ទៅខាងព្រះបរមរាជវាំង ដើម្បីសុំការអនុញ្ញាតក្នុងការជួសជុល ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។
សម្រាប់គម្រោងជួសជុលដំណាក់ស្លាខ្មៅនេះទៀតសោត លោក សាយ សុភក្ត្រា បានអះអាងថា មិនចេះតែធ្វើនោះទេព្រោះទីតាំងនេះជាទីតាំងអតីតព្រះរាជដំណាក់របស់ព្រះមហាក្សត្រ ហេតុដូចនេះត្រូវរង់ចាំការអនុញ្ញាតពីព្រះបរមរាជវាំងជាមុនសិន ទើបក្រុមហ៊ុនហ៊ានជួសជុល។
«ខាងក្រុមហ៊ុនបានក្រាបបង្គំគាល់ទៅខាងព្រះបរមរាជវាំង ដើម្បីសុំការអនុញ្ញាតជួសជុល ប៉ុន្តែនៅមិនទាន់ទទួលបានការឆ្លើយតបមកវិញ ហេតុដូចនេះក៏មិនហ៊ានរៀបចំអ្វីនោះដែរ គ្រាន់តែជួយរៀបចំ ថែរក្សា សម្អាត សំរាម ឱ្យបានស្អាត នៅពេលមានអ្នកទៅទស្សនាតែប៉ុណ្ណោះ។ សម្រាប់ការជួសជុលនេះទៀតសោត ត្រូវធ្វើតាមប្លង់ស្ថាបត្យកម្មដើមដែលមានពីមុនមក»។ លោក សាយ សុភក្ត្រា បញ្ជាក់។



លោក លោក សាយ សុភក្ត្រា បានបន្ថែមថា បច្ចុប្បន្នក្រុមការងារគ្រាន់តែជួយកាត់សម្អាតស្មៅម្ដងម្កាល ក៏ដូចជាសម្អាតសំរាមជុំវិញបរិវេណព្រះរាជដំណាក់តែប៉ុណ្ណោះ ហើយសកម្មភាពផ្សេងលើសពីនេះលុះត្រាតែមានការអនុញ្ញាតពីព្រះបរមរាជវាំង។
លោក សាយ សុភក្ត្រា ក៏សង្ឃឹមដែរថា ព្រះបរមរាជវាំងនឹងយល់ព្រមអនុញ្ញាត ដើម្បីអាចជួសជុលនិងកែលំអដំណាក់ស្លាខ្មៅនេះជូនព្រះរាជវាំងឡើងវិញផងដែរ។
គួរជម្រាបថា ដំណាក់ស្លាខ្មៅមានទីតាំងស្ថិតនៅក្បែររូបសំណាកលោកយាយម៉ៅ ស្ថិតនៅត្រង់គីឡូម៉ែត្រទី ២០ តាមបណ្ដោយផ្លូវឡើងចុះរមណីយដ្ឋានឋានសួគ៌បូកគោ។ ដំណាក់នេះសាងសង់ឡើងពីបាយអរ និងបិទឈើស្លាខ្មៅនៅក្នុងឆ្នាំ១៩៣៦ សម្រាប់ជាព្រះរាជដំណាក់សម្រាកលំហែព្រះកាយរបស់ព្រះបរមរតនកោដ ព្រះបាទនរោត្តម សីហនុ នៅក្នុងសម័យសង្គមរាស្ត្រនិយម។


ដោយសារសង្គ្រាមស៊ីវិលរាប់ទស្សវត្ស ដំណាក់ស្លាខ្មៅរងការខូចខាត និងទុកចោលរហូតមកដល់បច្ចុប្បន្ន។ បើទោះបីជា អាគារដំណាក់ទុកចោលជាឆ្នាំក៏ពិតមែន ប៉ុន្តែអាគារសំណាក់ទាំងមូលនៅមានសភាពរឹងមាំ គ្រាន់តែទ្វារបង្អួចបានបាត់បង់អស់។ ដំណាក់នេះបែរមុខឆ្ពោះមករកផ្លូវ រីឯខាងក្រោយដំណាក់ អាចគយគន់ទេសភាពមាត់ជ្រោះ និងថ្ងៃលិចដ៏អស្ចារ្យ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី