Connect with us

ព័ត៌មានជាតិ

អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ នៅខេត្តព្រះសីហនុ ជាង ៩៤០ នាក់ ទទួលបានប័ណ្ណក្រីក្រ

បានផុស

នៅ

លោក ម៉ាង ស៊ីណេត អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា រដ្ឋបាល​ខេត្ត សហការ​ជាមួយ​ក្រសួងផែនការ និង​មន្ទីរ​សុខាភិបាល បាន​ផ្តល់​ប័ណ្ណ​ក្រីក្រ​កម្រិត ២ ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​សរុប​ចំនួន ៩៤៦ នាក់ ដែល​បាន​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​កាន់​តែ​ប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​«​សុវត្ថិភាព​កុមារ និង​ការ​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល នៃ​មេរោគ​អេដស៍ ជំងឺ​អេដស៍​ក្នុង​វិស័យ​ទេសចរណ៍​» នៅ​សណ្ឋាគារ ស៊ី​ប្រ៊ី​ស ក្រុង​ព្រះសីហនុ កាលពី​ថ្ងៃ​ទី ២០ មិថុនា​នេះ លោក​អភិបាល​រង​ខេត្ត បាន​បន្ត​ថា​ គិត​ត្រឹម​ឆមាស​ទី​ ១ ឆ្នាំ​ ២០២៤​ នេះ ខេត្ត​ព្រះសីហនុ មាន​អ្នក​ជំងឺ​អេដស៍​ដែល​មក​ទទួល​សេវា​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ សរុប​ចំនួន ២.២៦៥ ​នាក់ ស្រី ១.០២៤ នាក់ ក្នុង​នោះ​ជនបរទេស ២៧ ​នាក់ (​ឥណ្ឌូណេស៊ី ១៦​ នាក់ ចិន ៥​ នាក់ វៀតណាម ៤​ នាក់ ហ្វីលីពីន ១​ នាក់ និង​ឥណ្ឌា ១​ នាក់​)។ ក្រៅពីនោះ ក៏​មាន​អ្នក​មក​ទទួល​សេវា​ពិគ្រោះ និង​ព្យាបាល​ជំងឺ​កាមរោគ​សរុប​ចំនួន ៥០៩ នាក់ ស្រី ២៦៨ នាក់ (​អ្នកជំងឺ​ស្វាយ​មាន ២៣១ នាក់ និង​ជំងឺ​កាមរោគ​ផ្សេងៗ ២៧៨ នាក់។

ជាមួយ​គ្នា​នេះ ក៏​មាន​ការ​មក​ទទួល​សេវា​ប្រឹក្សា និង​ធ្វើតេស្ត​រក​មេរោគ​អេដស៍ និង​ជំងឺ​ស្វាយ​សរុប​ចំនួន ៤.៣៦៤ នាក់ ស្រី ១.២៨១ នាក់ ក្នុង​នោះ វិជ្ជមាន​ជំងឺ​អេដស៍​សរុប ៖ ៧៣ នាក់ (ស្រី ១២ នាក់) និង​វិជ្ជមាន​ជំងឺ​ស្វាយ សរុប ១៣៦ នាក់ (ស្រី ៦៥ នាក់)។

លោក​អភិបាល​រង​ខេត្ត បាន​បន្ត​ថា រដ្ឋបាល​ខេត្ត​បាន​សហការ​ជាមួយ​អង្គការ CWPD និង​អង្គការ MHC អប់រំ​សុខភាព ផ្តល់​ប្រឹក្សា​ធ្វើតេស្ត​ឈាម ចែក​ស្រោមអនាម័យ និង​បញ្ជូន​ទៅ​ពិនិត្យ​សុខភាព​បន្ត​ពូជ​នៅ​មន្ទីរពេទ្យ​បង្អែក ដោយ​មិន​មាន​ការ​បង់​ប្រាក់​ដល់​ក្រុម​នារី​ធ្វើការ​នៅ​ខារ៉ាអូខេ ម៉ាស្សា ភោជនីយដ្ឋាន និង​ក្លឹប​កម្សាន្ត​ចំនួន ៨១ កន្លែង មាន​នារី​ធ្វើការ​ចំនួន ១.៣៥៩ នាក់ និង​ក្រុម​បុរស​ស្រឡាញ់​បុរស​ចំនួន ១.១៥០ នាក់ និង​ក្រុម​បំប្លែង​ភេទ​ចំនួន ៥៨៦ នាក់ ដែល​ពួកគេ​ប្រកបមុខរបរ​នៅ​ទីតាំង​កំណត់​មិន​ច្បាស់លាស់។

លោក​អភិបាលរង​ខេត្ត បាន​បន្ត​ទៀត​ថា មាន​មណ្ឌល​សុខភាព​ទាំង ១៧ នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ការ​ធ្វើតេស្ត​ឈាម​រហ័ស (​នៅ​ចុង​ម្រាមដៃ​) គ្រប់​ប្រជាជន​ទូទៅ រួម​ទាំង​ស្ត្រី​ដែល​មក​ពិនិត្យ​ផ្ទៃពោះ​លើក​ទី ១ និង​គ្រប់​អ្នក​ជំងឺ​របេង ត្រូវ​បាន​ផ្តល់​ប្រឹក្សា ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍/មេរោគ​ស្វាយ និង​ដៃគូ។

លោក​អភិបាលរង​ខេត្ត បាន​បន្ថែម​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​មោះមុត​ក្នុង​ការ​ដឹកនាំ​បំផុស​ចលនា​ចូលរួម​ជា​ចរន្ត​តែមួយ​ក្នុង​ការ​ទប់ស្កាត់​ការ​ចម្លង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​ឱ្យ​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់ និង​មាន​ការ​ទទួល​ស្គាល់​ពី​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ និង​ស្ថាប័ន​អង្គការ​សហប្រជាជាតិ ក្នុង​គោលដៅ​ដើម្បី​ឈាន​ទៅ​បញ្ចប់​ជំងឺ​អេដស៍​នៅ​ឆ្នាំ ២០២៥។ ចំពោះ​ការ​ឆ្លង​រាលដាល នៃ​មេរោគ​អេដស៍ ជំងឺ​អេដស៍ ក៏​ជា​បញ្ហា​ប្រឈម​មួយ​ដែល​ធ្វើ​ឱ្យ​វា​មានការ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ផងដែរ ប្រសិនបើ​ការឆ្លង​រីក​រាលដាល​នេះ​កើតមាន​ទ្រង់ទ្រាយ​ធំ​ដោយ​យើង​មិនបាន​ធ្វើការ​ទប់ស្កាត់​ឱ្យ​បាន​ទាន់​ពេលវេលា​នោះ​ទេ។

លោក​អភិបាលរង​ខេត្ត បាន​បន្តថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​អភិវឌ្ឍ​វិស័យ​គន្លឹះ និង​ប្រភព​ថ្មី នៃ​កំណើន​សេដ្ឋកិច្ច ដោយ​ក្នុងនោះ​ក៏បាន​ផ្តោត​អាទិភាព​លើ​ការ​បន្ត​លើកកម្ពស់​វិស័យ​ទេសចរណ៍ ជាពិសេស​ការបន្ត​ជំរុញ​ការអភិវឌ្ឍ​ទេសចរណ៍​វប្បធម៌ និង​ធម្មជាតិ ដោយ​បន្ថែម​ទេសចរណ៍​បៃតង ស្អាត និង​វៃឆ្លាត ការ​ជំរុញ​ការ​បង្កើត​ប្រភេទ​ទេសចរណ៍​ថ្មីៗ ។ល។

លោក ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ បាន​ថ្លែង​បើក​សិក្ខាសាលា​ថា រាជរដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​វិស័យ​ទេសចរណ៍ ជា​មាស​បៃតង និង​ជា​វិស័យ​អាទិភាព​មួយ​ក្នុងចំណោម​វិស័យ​អាទិភាព​នានា ដែល​បាន​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​សង្គម​តាមរយៈ​ការ​វិនិយោគ ការ​បង្កើត​ការងារ ការកាត់បន្ថយ​ភាព​ក្រីក្រ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការ​ការពារ និង​អភិរក្ស​សម្បត្តិ​វប្បធម៌ និង​ធនធានធម្មជាតិ​យ៉ាង​សំខាន់។

លោក​រដ្ឋលេខាធិការ បាន​បន្តថា សិក្ខាសាលា​នេះ​ពិត​ជា​មាន​សារៈសំខាន់ សុំ​ឱ្យ​សិក្ខាកាម​ទាំងអស់​បន្ត​ការ​យកចិត្តទុកដាក់​ត្រងត្រាប់​ស្តាប់​បទ​បង្ហាញ​របស់​វាគ្មិន បើ​មាន​ចម្ងល់​អាច​សួរ និង​ចូលរួម​ផ្តល់​មតិយោបល់​ឱ្យ​បាន​ផុលផុស និង​ផ្តល់​ព័ត៌មាន​ផ្សេងៗ ដើម្បី​ចែករំលែក​ព័ត៌មាន​ថ្មីៗ លើ​ការយល់ដឹង​អំពី​ការពារ​កុមារ និង​ការទប់ស្កាត់​ការ​រីក​រាលដាល នៃ​មេរោគ​អេដស៍ ជំងឺ​អេដស៍​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម