ព័ត៌មានជាតិ
បញ្ហាគ្រឿងញៀន៖ សម្ដេច ហ៊ុន ម៉ាណែត ឱ្យបន្តអនុវត្តគោលការណ៍ «សម្អាតផ្ទះយើង» និង «សម្អាតចកចេញពីផ្ទៃបឹង»
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តសង្កត់ធ្ងន់ទៅលើការអនុវត្តគោលការណ៍«សម្អាតផ្ទះយើង» និង «សម្អាតចកចេញពីផ្ទៃបឹង» ជុំវិញវិធានការដ៏ម៉ឺងម៉ាត់ចំពោះមន្ត្រីរាជការទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។

ជាមួយនឹងការបន្តអនុវត្តអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលក៏បានដាក់ចេញគោលការណ៍ «សម្អាតផ្ទះយើង» ដើម្បីឱ្យក្រសួងស្ថាប័នពង្រឹងគុណភាពធនធានមនុស្សប្រកបដោយគុណាធិបតេយ្យ ភាពស្អាតស្អំ និងភាពជាគំរូនៃការអនុវត្តច្បាប់ តាមរយៈបទបញ្ជាក្នុងការមានវិធានការម៉ឺងម៉ាត់ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន និងមន្ត្រីជាប់កិច្ចសន្យា ដែលជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ និងបទល្មើសគ្រឿងញៀនខុសច្បាប់ ដើម្បី «សម្អាតចកកខ្វក់ចេញពីផ្ទៃបឹង និងរក្សាផ្ទៃបឹងឱ្យថ្លាជាប្រចាំ»។ នេះជាសាររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។
សម្ដេចធិបតី បញ្ជាឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវបន្តអនុវត្តគោលការណ៍ «សម្អាតផ្ទះយើង» និង «សម្អាតចកចេញពីផ្ទៃបឹង» ដោយត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំមន្ត្រីនៃក្រសួងស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងមានវិធានការម៉ឺងម៉ាត់ចំពោះការពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីលើកកម្ពស់ទំនុកចិត្ត ប្រសិទ្ធភាពការងារ អភិបាលកិច្ចល្អ និងភាពស្អាតស្អំ។ ចំពោះគណៈបញ្ជាការឯកភាពរាជធានីខេត្ត ត្រូវបន្តពង្រឹងអនុវត្តគោលនយោបាយ «ភូមិឃុំសង្កាត់មានសុវត្ថិភាព» ដោយត្រូវលុបបំបាត់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ ជាពិសេសតាមក្លឹបកម្សាន្ត និងទីតាំងសប្បាយដ្ឋាននានា ដោយត្រូវឈរលើស្មារតី «៣កុំ និង១រាយការណ៍» គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំបន្ធូរបន្ថយ និងត្រូវរាយការណ៍។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់គណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងតួនាទី និងភារកិច្ចរបស់ខ្លួន ដោយអនុវត្តតាមភារកិច្ច និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីម្ចាស់ការអនុវត្តតាមដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់។
ដោយការងារផ្សព្វផ្សាយ និងអប់រំ គឺជាកម្លាំងចលករមិនអាចខ្វះបានផងនោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំឱ្យមានការចូលរួមផ្សព្វផ្សាយ ជំរុញលើកទឹកចិត្តដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករ និយោជិត និយោជក វិស័យឯកជន និងសាធារណជនទូទៅ ឱ្យបានយល់ដឹងស៊ីជម្រៅកាន់តែច្បាស់អំពីផលប៉ះពាល់ គ្រោះថ្នាក់ និងវិនាសកម្មនៃគ្រឿងញៀន ដោយ «ត្រូវនិយាយថាទេដាច់ខាតចំពោះគ្រឿងញៀន»។ ក្នុងនោះ សម្រាប់គ្រួសារ ដែលមានអ្នកញៀនគ្រឿងញៀន និងក្រសួងស្ថាប័ន ដែលមានមន្ត្រីជាអ្នកញៀនគ្រឿងញៀន ត្រូវលើកទឹកចិត្តឱ្យទៅទទួលការបន្សាប ព្យាបាល និងស្តារនីតិសម្បទា ដើម្បីមានឱកាសធ្វើសមាហរណកម្មចូលក្នុងសង្គមវិញ។

លើសពីនេះ ចូលរួមទាញយក និងប្រើប្រាស់ឱ្យបានទូលាយនូវកម្មវិធីទូរសព្ទដៃ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីទទួលបានការអប់រំ ខ្លឹមសារមេរៀន ព័ត៌មាន សេវាព្យាបាលនិងស្តារនីតិសម្បទា និងរាយការណ៍មកសមត្ថកិច្ចក្នុងករណីមានការប្រើប្រាស់ ឬចែកចាយគ្រឿងញៀនក្នុងសហគមន៍៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា