ព័ត៌មានជាតិ
ធនាគារពិភពលោកអនុម័ត កញ្ចប់ឥណទានថ្មីចំនួន ២៧៥ លានដុល្លារ ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា
ក្រុមប្រឹក្សានាយកនៃធនាគារពិភពលោក នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤ បានអនុម័តលើកញ្ចប់ឥណទានចំនួន២៧៥ លានដុល្លារអាមេរិក ដើម្បីជួយទ្រទ្រង់ដល់កិច្ចខិតខំប្រឹង និងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង។

សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤នេះ បានបញ្ជាក់ថា ហិរញ្ញប្បទាននេះ មានប្រភពមកពីមូលនិធិមានអត្រាការប្រាក់ទាបរបស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ នឹងត្រូវបានយកទៅប្រើប្រាស់សម្រាប់ជំរុញកំណែទម្រង់ សំដៅលើកកម្ពស់ភាពប្រកួតប្រជែងនៃផ្នែកឯកជន, ពង្រឹងជំហរសារពើពន្ធរបស់ប្រទេស និងផ្តល់ជំនួយដល់ក្រុមប្រជាជនងាយរងគ្រោះបំផុត។
ឥណទាននេះគឺសម្រាប់គម្រោងដំណាក់កាលទី២ ស្តីពី ហិរញ្ញប្បទានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា និងការរៀបចំគោលនយោបាយអភិវឌ្ឍន៍មានភាពធន់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលនៅរារាំងកិច្ចខិតខំរបស់កម្ពុជាក្នុងការរើបម្រះខ្លួនចេញពីឥទ្ធពលញាំញីរ៉ាំរ៉ៃមកលើសេដ្ឋកិច្ច ពីសំណាក់ជំងឺរាតត្បាតកូវីដ-១៩។

ឥណទានថ្មីនេះបន្ថែមពីលើឥណទានតម្លៃ ២៧៤ លានដុល្លារអាមេរិក ដែលត្រូវបានផ្តល់ក្នុងឆ្នាំ២០២២ សម្រាប់គម្រោងដដែលនេះ នៅក្នុងដំណាក់កាលទី១។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “បន្ទាប់ពីបានស្តារខ្លួនចេញពីផលជះនៃជំងឺរាតត្បាតកូវីដ-១៩ និងពីស្ថានការណ៍អង្រួនកន្ត្រាក់ក្រោយមកទៀត ពេលនេះកម្ពុជាកំពុងបង្វែរការផ្តោតកិច្ចខិតខំរបស់ខ្លួន ឆ្ពោះទៅសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចថេរមានគុណភាពខ្ពស់”។
លោកស្រី បានបន្ថែមទៀតថា៖ “ឥណទានថ្មីនេះនឹងជួយជំរុញភាពប្រកួតប្រជែងនៃផ្នែកឯកជន, ពង្រឹងជំហរសារពើពន្ធរបស់រដ្ឋាភិបាល និងផ្តល់ជំនួយដល់ពលរដ្ឋកម្ពុជាដែលងាយរងគ្រោះបំផុត។”
ការរាតត្បាតជំងឺកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជាធ្លាក់ចុះកំណើនជាលើកដំបូង ក្នុងរយៈ២៥ឆ្នាំ ហើយការធ្លាក់ចុះនេះមានសភាពធំធេងគួរសម នៅក្នុងចំណោមតំបន់អាស៊ីបូព៌ា។ បច្ចុប្បន្ន សេដ្ឋកិច្ចបានស្តារស្ថានភាពប្រសើរឡើងវិញហើយ ប៉ុន្តែកំណើនរបស់វានៅតែមិនទាន់អាចវិលទៅរកកម្រិតនៅមុនមានការផ្ទុះជំងឺរាតត្បាត នៅឡើយទេ។
ស្ថានភាពនេះនៅកម្ពុជា ជាការឆ្លុះបញ្ចាំងអំពីស្ថានភាពសេដ្ឋកិច្ចនៅលើពិភពលោក និងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធនៃបែបផែនកំណើនរបស់ប្រទេសនេះ។ បញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធរបស់កម្ពុជារួមមាន ផលិតភាពមានកំណើនខ្សោយ, ការអភិវឌ្ឍននៃមូលធនមនុស្សនៅមានកម្រិតទាប, និងឧបសគ្គដល់ការបង្កើត និងការប្រកួតប្រជែងរបស់ធុរកិច្ចឯកជន។
សេដ្ឋកិច្ចរបស់កម្ពុជាមានលក្ខណៈប្រមូលផ្តុំខ្លាំង ទៅលើផលិតផល, ទីផ្សារនាំចេញ និងធនធានហិរញ្ញប្បទាន ដែលជាហេតុធ្វើឱ្យមានការរងការប៉ះទង្គិចពីសំណាក់ស្ថានការណ៍អង្រួនកន្ត្រាក់ណាស់។ ប្រទេសនេះក៏ងាយរងគ្រោះពីផលជះនៃការប្រែប្រួលអាកាសធាតុដែរ ជាពិសេសទឹកជំនន់ និងភាពរាំងស្ងួត។
ឥណទានថ្មីនឹងត្រូវបានយកទៅប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាប្រឈមទាំងនេះ។ ជំនួយនេះនឹងជួយបង្កើតបរិយាកាសអំណាយផលដល់ការបើកដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន, បិទអាជីវកម្ម និងការប្រកួតប្រជែងដោយត្រឹមត្រូវយុត្តិធម៌។
ផ្នែកឯទៀតនៃឥណទាននេះ នឹងជួយពង្រឹងភាពធន់នៃសារពើពន្ធតាមរយៈការកែលម្អភាពប្រសិទ្ធផលនៃចំណាយ, សម្រាលហានិភ័យនៃចំណាយមូលធន និងបង្កើនភាពជាដៃគូរវាងរដ្ឋនិងឯកជន និងពង្រឹងសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការកៀរគរហិរញ្ញប្បទាន តាមរយៈសញ្ញាបណ្ណជាតិ។
ឥណទានថ្មីនឹងជួយសម្រួលផងដែរ ដល់ការផ្តល់ជំនួយសង្គ្រោះឱ្យបានទាន់ពេលវេលា ដល់ក្រុមគ្រួសារងាយរងគ្រោះឱ្យបានកាន់តែទូលំទូលាយ ក្នុងករណីជួបគ្រោះមហន្តរាយធម្មជាតិ ឬស្ថានភាពអង្រួនកន្ត្រាក់សេដ្ឋកិច្ច, កែលម្អបទប្បញ្ញត្តិបរិស្ថាន និងលើកកម្ពស់ដល់ការគ្រប់គ្រងគ្រោះមហន្តរាយ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង