ព័ត៌មានជាតិ
ពលរដ្ឋឃុំព្រែកហ្លួង ជាង ១០០ គ្រួសារ ស្នើ រាជរដ្ឋាភិបាល ប្រគល់ដីស្រែដែលពួកគាត់អាស្រ័យផលជាង ៣០ ឆ្នាំ មកវិញ
ប្រជាពលរដ្ឋសរុបចំនួន ១១២ គ្រួសារ រស់នៅភូមិស្ដីក្រោម ភូមិស្ដីលើ ភូមិបាក់អម្រែក និងភូមិដូនអិន ស្ថិតក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កំពុងទទូចអង្វរសុំឱ្យ រាជរដ្ឋាភិបាល មេត្តាប្រគល់ដីស្រែដែលពួកគាត់អាស្រ័យផល ជាង ៣០ ឆ្នាំ កន្លងមក មកវិញ ខណៈពេលនេះក្រុមការងារបានចុះកាត់ឆ្វៀលដីស្ទើរតែអស់ទាំងស្រុងទៅហើយ។

កន្លងទៅ ថ្មីៗ នេះ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅឃុំព្រែកហ្លួង ស្រុកឯកភ្នំ បានរៀបរាប់ថា ដីដែលពួកគាត់បានអាស្រ័យផល និងកំពុងអាស្រ័យផល សុទ្ធតែបានមកពីការវាស់ចែកឱ្យពីសំណាក់មេឃុំស្ដីលើ តាំងតែពីជំនាន់មិនទាន់អស់ខ្មែរក្រហម និងប៉ារ៉ា នៅក្នុងព្រៃរនាមមកម្ល៉េះ បើគិតពីរយៈពេល មិនក្រោមពី ៣០ ឆ្នាំ ទៅ ៤០ ឆ្នាំឡើយ ហើយកាលនោះ ម្នាក់ៗ ទទួលបានទទឹង ៦ ម៉ែត្រ និងបណ្ដោយទៅទល់នឹងព្រៃរនាម ដើម្បីប្រកបមុខរបរដាំដើមក្រចៅ ព្រោះការជំនាន់នោះ រោងចក្រក្រចៅដូនទាវនៅដំណើរការផលិតបាវនៅឡើយ។
ប្រជាពលរដ្ឋ បានបន្តថា ដីដែលពួកគាត់កំពុងអាស្រ័យផលនេះមានចម្ងាយពីដងស្ទឹងសង្កែប្រមាណ ៤០០ ទៅ ៥០០ ម៉ែត្រប៉ុណ្ណោះ បច្ចុប្បន្នប្រជាពលរដ្ឋទាំងអស់ បាននាំគ្នាផ្លាស់ប្ដូរមុខរបរដើម្បីដាំស្រូវឡើងវិញ ដោយសារតែមួយរយៈក្រោយមករោងចក្រក្រចៅត្រូវបានបិទទ្វារ ទើបពុំមាននរណាទទួលទិញដើមក្រចៅទៀតឡើយ។ ចំណែកចំណុចដែលពួកគាត់ធ្វើស្រែសព្វថ្ងៃ ចាប់ពីអូរក្របីឆ្លង ទៅទល់នឹងភូមិបាក់ព្រា ស្ថិតក្នុងទឹកដីឃុំព្រៃចាស់ បើសរុបប្រជាពលរដ្ឋរងគ្រោះដោយសារការកាត់ឆ្វៀលដីស្រែចូលជាសម្បត្តិរដ្ឋ គឺ ចំនួន ១១០ គ្រួសារ និងផ្ទៃដីស្រែកំពុងអាស្រ័យផលមានទំហំជាង ២០០ ហិតា ស្មើនឹង ២១២៧២២៣ ម៉ែត្រការ៉េ។

ថ្មីៗ នេះ ក្រោយពីមានអនុក្រឹត្យលេខ ៩០ អនក្រ ប ក រួចមក ក្រុមការងារបានចុះបោះបង្គោលត្រីកោណ និងបោះព្រំប្រទល់ដីរដ្ឋ ដោយកាត់ឆ្វៀលមកនៅចម្ងាយត្រឹមតែជាង ១៥០ ម៉ែត្រ ពីដងស្ទឹងសង្កែតែប៉ុណ្ណោះ ដែលធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ដីកំពុងអាស្រ័យផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ក្នុងនោះ ក៏មានប្រជាពលរដ្ឋខ្លះបាត់បង់ទាំងស្រុងតែម្ដង ដោយពុំមានសល់មួយម៉ែត្រការ៉េសោះឡើយ។ ផ្ទៃដីដែលនៅសល់គឺ ១៣៩១០៤៩ ម៉ែត្រការ៉េ តែប៉ុណ្ណោះ ដែលបច្ចុប្បន្នប្រជាពលរដ្ឋទាំងអស់ បានសំណូមពរយ៉ាងទទូចស្នើសុំដល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចតេជោ ហ៊ុន សែន មេត្តាចាត់ក្រុមការងារ ដើម្បីចុះសិក្សាឡើងវិញត្រង់ទីតាំងខាងលើនេះ ដើម្បីឱ្យពួកគាត់ទទួលបានដីកំពុងអាស្រ័យផលមកវិញក្នុងការបង្កបង្កើនផល និងទប់ទល់ក្នុងជីវភាពប្រចាំថ្ងៃ៕
អត្ថបទ ៖ សោ និយមរ័ត្ន






-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត