ព័ត៌មានជាតិ
អត្រាខ្វះអាហារូបត្ថម្ភ និងភាពក្រិនរបស់កុមារកម្ពុជានៅជនបទ នៅតែជាក្តីកង្វល់រាជរដ្ឋាភិបាល
នាពេលថ្មីៗ នេះ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា និងអង្គការស៊ីវិល បានចុះសិក្សាដោយផ្ទាល់នៅភូមិពើងឆ័ត្រ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយលើកឡើងស្រដៀងគ្នាថា កុមារនៅតាមជនបទមួយចំនួន ពិសេសតំបន់ដាច់ស្រយាល នៅតែជួបនូវបញ្ហាកង្វះអាហារូបត្ថម្ភ គួរឱ្យព្រួយបារម្ភ ដែលធ្វើឱ្យកុមារមានការលូតលាស់យឺត(ក្រិន) ខ្សោយ ដោយសារតែការខ្ជះខ្ជាយរបស់ឪពុកម្ដាយ និងអ្នកថែទាំមួយចំនួនមិនសូវបានយកចិត្តទុកដាក់លើកុមារ។

លោក យី គឹមថាន នាយករងប្រចាំប្រទេស អង្គការ Plan International Cambodia (PIC) បានឱ្យដឹងថា បញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវ បានប៉ះពាល់ដល់កុមារកម្ពុជាប្រមាណ ១ នាក់ ក្នុងចំណោម ១០ នាក់ ដែលមានអាយុក្រោម ៥ ឆ្នាំ។ ការណ៍នេះ វាត្រូវបានកំណត់លក្ខណៈដោយសមាមាត្រទម្ងន់ស្រាល និងកម្ពស់។ បច្ចុប្បន្នគម្រោងអាហារូបត្ថម្ភរបស់លោក បានអនុវត្តបញ្ចូលគ្នានៅក្នុងខេត្ត សៀមរាប ស្ទឹងត្រែង ក្រចេះ និងរតនគិរី។ បើតាមលទ្ធផលពីការស្ទង់មតិសុខភាពប្រជាសាស្ត្រកម្ពុជាឆ្នាំ ២០២១ ខណៈពេលភាពក្រិនរបស់កុមារបានថយចុះពី ៣៤ ភាគរយ ទៅ ២២ ភាគរយ នៅចន្លោះឆ្នាំ ២០១៤ និងឆ្នាំ ២០២១ ហើយការខ្ជះខ្ជាយកុមារភាពនៅតែមិនផ្លាស់ប្ដូរនៅត្រឹម ១០ ភាគរយ។
លោក ជា សំណាង អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កសិកម្ម និងជនបទ និងជាសហប្រធាន នៃអនុក្រុមការងារសម្រាប់លាងសម្អាត និងអាហារូបត្ថម្ភ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ការលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាកិច្ចការដែលភាគីពាក់ព័ន្ធទាំងអស់ត្រូវធ្វើការរួមគ្នា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ហើយការងារនេះក៏ជាយុទ្ធសាស្ត្រជាតិក្នុងការលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅទូទាំងប្រទេសផងដែរ។ បច្ចុប្បន្ន ក្រសួងសុខាភិបាល និងក្រសួងអភិវឌ្ឍន៍ជនបទ កំពុងធ្វើការរួមគ្នាកែលម្អអាហារូបត្ថម្ភរបស់កុមារ ដោយការផ្តល់ទឹកស្អាត និងអនាម័យដល់ខេត្តដែលមានហានិភ័យខ្ពស់។ ការងារលើកកម្ពស់ទឹកស្អាត និងអនាម័យ ឱ្យឆ្លើយតបនឹងអាហារូបត្ថម្ភ ជាកិច្ចខិតខំប្រឹងប្រែងអន្តរវិស័យ ដែលទាមទារឱ្យភាគីពាក់ព័ន្ធទាំងអស់ធ្វើការរួមគ្នា ហើយមិនអាចនិយាយបានថា អង្គភាពណាមួយ អង្គការណាមួយ ឬគម្រោងណាមួយអាចធ្វើការតែម្នាក់ឯងបាននោះទេ។

លោក ជា សំណាង មានប្រសាសន៍ថា រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍មួយចំនួន កំពុងធ្វើការកែលម្អអាហារូបត្ថម្ភនៅកម្ពុជា ហើយបើយោងតាមជំរឿន (CDHS) កម្ពុជា បានកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃជំងឺក្រិនកុមារពីជាង ៣២ភាគរយ ក្នុងឆ្នាំ២០១៤ មកនៅត្រឹម ២២ភាគរយ នៅឆ្នាំ២០២១ ដោយមានអត្រា នៃការក្រិនប្រហែល ១០ ភាគរយប៉ុណ្ណោះ។ ទោះយ៉ាងនេះក៏ដោយ លោកនៅតែមានការព្រួយបារម្ភចំពោះអត្រាប្រេវ៉ាឡង់ នៃកុមារអាយុក្រោម ៥ ឆ្នាំ ដែលទទួលរងពីកង្វះអាហារូបត្ថម្ភពីកម្រិតស្រាលទៅធ្ងន់ធ្ងរ ហើយបានជំរុញក្រសួងពាក់ព័ន្ធ ត្រូវដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភឱ្យបានទាន់ពេលវេលា ដើម្បីការពារកុមារទាំងនោះទៅជាស្គមស្គាំង កែមិនឡើង ដែលនាំឱ្យចោទជាបញ្ហាកាន់តែធ្ងន់ឡើង។ បញ្ហានេះ បើមិនមានវិធានការទាន់ពេលទេ នឹងប៉ះពាល់ដល់ការអភិវឌ្ឍប្រទេស ប្រទេសមួយអភិវឌ្ឍន៍ទៅបាន ត្រូវការធនធានមនុស្សដែលមានសុខភាពល្អ មានអាហារហូបចុកគ្រប់គ្រាន់។
លោកស្រី ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងក្នុងឱកាសចុះបំពេញទស្សនកិច្ចនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ថា ការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ គឺជាគន្លឹះ នៃការអភិវឌ្ឍជាតិ ហើយត្រូវតែដោះស្រាយដោយអាជ្ញាធរ។ បញ្ហានេះ ខេត្តមួយចំនួន នៅតែប្រឈមមុខនឹងការក្រិន និងខ្ជះខ្ជាយរបស់កុមារ ដោយសារឪពុកម្តាយ និងអ្នកមើលថែ មិនបានផ្តល់អាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់កូនចៅរបស់ពួកគេ ដែលជាការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការលូតលាស់ និងសុខភាពរបស់កុមារ។

លោកស្រី បានបញ្ជាក់ថា បច្ចុប្បន្នក្រសួងសុខាភិបាល កំពុងធ្វើការងារនេះ ដើម្បីកាត់បន្ថយកង្វះអាហារូបត្ថម្ភ ដោយបានបង្កើតមជ្ឈមណ្ឌលថែទាំទារក និងកុមារ ហើយកំពុងកៀរគរដៃគូអភិវឌ្ឍន៍សុខភាព ដើម្បីធ្វើការរួមគ្នាប្រយុទ្ធប្រឆាំងនឹងកង្វះអាហារូបត្ថម្ភនៅកម្ពុជា។ ទន្ទឹមនឹងលើកកម្ពស់អាហារូបត្ថម្ភនេះ ក្រសួងបានបណ្តុះបណ្តាលមន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាព និងក្រុមគាំពារសុខភាព ដើម្បីអប់រំ និងលើកកម្ពស់ការយល់ដឹងអំពីការផ្តល់អាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់ដល់កុមារ ចៀសវាងការខ្វះអាហារូបត្ថម្ភ និងភាពក្រិសក្រិនរបស់កុមារ។ ក្រៅពីនេះ ក្រសួងក៏បានដាក់ចេញនូវយុទ្ធនាការពិនិត្យសុខភាព ដោយប្រើប្រាស់រង្វង់ដៃនៅលើសាច់ដុំដៃ (MUAC) ការវាស់កម្ពស់ និងទម្ងន់របស់កុមារផងដែរ សម្រាប់ការវាយតម្លៃអំពីស្ថានភាពអាហារូបត្ថម្ភរបស់កុមារ។ ការងារទាំងនេះ ក្រសួងបានបន្តធ្វើការជាមួយដៃគូអភិវឌ្ឍន៍ ក្នុងការផ្គត់ផ្គង់កញ្ចប់អាហារបន្ថែមដល់កុមារដែលប្រឈមនឹងកង្វះអាហារូបត្ថម្ភ ឬក្រិន។
លោកស្រី ក៏បានបន្តថា រដ្ឋាភិបាលកំពុងធ្វើយុទ្ធនាការលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្ដូរអាកប្បកិរិយារបស់ឪពុកម្តាយ និងអ្នកថែទាំកុមារនៅក្នុងសហគមន៍ មូលដ្ឋាន ក្នុងការប្រើប្រាស់ទឹកស្អាត និងអនាម័យ រួមទាំងការបង្កើតសួនបន្លែ ដើម្បីផ្តល់អាហារូបត្ថម្ភគ្រប់គ្រាន់ដល់កូនៗ របស់ពួកគេ ផងដែរ។ ទន្ទឹមនេះ ក្រសួងក៏កំពុងកៀរគរដៃគូអភិវឌ្ឍន៍ ដើម្បីធ្វើការរួមគ្នាលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជាផងដែរ។

សូមជម្រាបថា កុមារកម្ពុជាមួយចំនួន នៅតាមជនបទ ត្រូវបង្ខំចិត្តរស់នៅជាមួយជីដូន ជីតា បងប្អូន ព្រោះឪពុកម្តាយទៅធ្វើការនៅឆ្ងាយៗ និងក្រៅប្រទេសជាដើម ការណ៍នេះហើយទើបធ្វើឲ្យកុមារងាយនឹងកង្វះអាហារូបត្ថម្ភ៕
អត្ថបទ ៖ ជុន កុសល




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ