Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន នឹងផ្ដល់អត្ថប្រយោជន៍ធំៗ ៤

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ លើក​ឡើង​ថា ការ​ពិនិត្យ​ឡើង​វិញ និង​ការ​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង-ស្ថាប័ន នឹង​ផ្ដល់​អត្ថប្រយោជន៍​ធំៗ ចំនួន ៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​សិក្ខាសាលា​ស្ដីពី «ឧត្តមានុវត្តន៍ នៃ​ការ​ពិនិត្យ​ឡើង​វិញ និង​ការ​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង-ស្ថាប័ន និង​ការ​ពង្រឹង​សមិទ្ធកម្ម​វិស័យ​សាធារណៈ» នា​ថ្ងៃ​ទី ២១ ខែ​មិថុនា ឆ្នាំ ២០២៤ នេះ។

នា​ឱកាស​នោះ ឯកឧត្ដម ហ៊ុន ម៉ានី បាន​មាន​ប្រសាសន៍​ថា តើ​ការ​ពិនិត្យ​ឡើង​វិញ និង​ការ​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង-ស្ថាប័ន នឹង​ផ្ដល់​អត្ថប្រយោជន៍​ដូចម្ដេច​ខ្លះ?

ផ្សារ​ភ្ជាប់​សំនួរ​ខាង​លើ ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​ថា «ការ​ពិនិត្យ​ឡើងវិញ និង​ការ​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង-ស្ថាប័ន នឹង​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន ក្នុង​នោះ​រួមមាន ៖ (១).លើក​កម្ពស់​ដំណើរការ នៃ​ក្រសួង-ស្ថាប័ន ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព គុណភាព និង​ស័ក្ដិសិទ្ធិ​ភាព​ក្នុង​ក្របខណ្ឌ នៃ​ការ​បំពេញ​មុខងារ និង​បេសកកម្ម ដើម្បី​ឆ្លើយតប​ទៅ​នឹង​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល (២).ការ​ចាត់ចែង​ប្រើប្រាស់​ថវិកា​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធ​ភាព​ក្នុង​ការ​អនុវត្ត​មុខងារ (៣).ការ​គ្រប់គ្រង និង​ចាត់ចែង​ធនធាន​មនុស្ស​ប្រកប​ដោយ​ប្រសិទ្ធភាព ដោយ​កំណត់​បាន​ពិតប្រាកដ​នូវ​តម្រូវការ​ធនធាន​មនុស្ស ការ​អភិវឌ្ឍ​សមត្ថភាព​មន្ត្រី និង​ការ​ពង្រាយ​មន្ត្រី (៤).សមិទ្ធកម្ម​របស់​ក្រសួង-ស្ថាប័ន និង​អង្គភាព​ក្រោម​ឱវាទ មាន​ភាព​ច្បាស់លាស់ អាច​ត្រួតពិនិត្យ និង​វាយតម្លៃ​បាន ព្រមទាំង​មាន​ភាព​កាន់តែ​ប្រសើរ»។

ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​បន្ត​ថា ការ​ពិនិត្យ​ឡើងវិញ និង​ការ​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង-ស្ថាប័ន មាន​គោលបំណង​លើក​កម្ពស់​ដំណើរការ នៃ​ក្រសួង-ស្ថាប័ន ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិ​ភាព ក្នុង​ក្របខណ្ឌ នៃ​ការ​បំពេញ​មុខងារ និង​បេសកកម្ម​របស់​ខ្លួន ឲ្យ​ឆ្លើយតប​ទៅ​នឹង​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋសភា។

គួរ​ជម្រាប​ថា ការ​ពិនិត្យ​ឡើងវិញ និង​ការ​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង​-​ស្ថាប័ន ជា​ការងារ​អាទិភាព​មួយ​របស់​ក្រសួង​មុខងារ​សាធារណៈ ក្នុង​បេសកកម្ម​កែទម្រង់​រដ្ឋបាល​សាធារណៈ។

ក្នុង​រយៈពេល​បន្តបន្ទាប់ ក្រសួង​មុខងារ​សាធារណៈ នៃ​រាជរដ្ឋាភិបាល នីតិកាល​ទី ៧ បាន​យក​ចិត្ត​ទុក​ដាក់​សិក្សា​រៀបចំ និង​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ទាំងអស់ នៅ​កម្ពុជា ដើម្បី​រៀបចំ​ការងារ​នេះ តាមរយៈ​កិច្ចប្រជុំ​បច្ចេកទេស​ជាច្រើន ការ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល សិក្ខាសាលា និង​ការ​ពិគ្រោះ​យោបល់​នានា ធ្វើ​យ៉ាងណា​សម្រេច​បាន​ការងារ​នេះ​ឲ្យ​បាន​ឆាប់រហ័ស​នៅ​ក្នុង​ឆ្នាំ ២០២៤។

គួរ​បញ្ជាក់​ថា សិក្ខាសាលា​ស្ដីពី «ឧត្តមានុវត្តន៍ នៃ​ការ​ពិនិត្យ​ឡើង​វិញ និង​ការ​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង​-​ស្ថាប័ន និង​ការ​ពង្រឹង​សមិទ្ធ​កម្មវិស័យ​សាធារណៈ» ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ដោយ លោក សុខ សូកេន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ តំណាង​ក្រសួង​-​ស្ថាប័ន ៣០ តំណាង​ធនាគារ​ពិភពលោក គ្រូឧទ្ទេស​ជាតិ​-​អន្តរជាតិ ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ជំនាញ នៃ​ក្រសួង​មុខងារ​សាធារណៈ និង​តាម​ប្រព័ន្ធ​អន​ឡាញ។

សិក្ខាសាលា​នេះ មាន​រៀបចំ​បទ​បង្ហាញ​ស្ដីពី​ការ​ពាក់ព័ន្ធ​ការងារ​វិភាគ​មុខងារ​ដោយ​អ្នក​ជំនាញ​ក្នុង​វិស័យ​សាធារណៈ​ជាតិ និង​អន្តរជាតិ​, បទ​ពិសោធ និង​ករណី​សិក្សា​របស់​ប្រទេស​អូស្ត្រាលី និង​ប្រទេស​សិង្ហបុរី និង​លំហាត់​ពិភាក្សា​ផង​ដែរ។ សិក្ខាសាលា​នេះ ជា​ការ​សហការ​រៀបចំ​ដោយ​ក្រសួង​មុខងារ​សាធារណៈ និង​ធនាគារ​ពិភពលោក រួម​ជាមួយ​ការ​សហការ​ឧបត្ថម្ភ​ដោយ The European Union និង Australian Aid៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម