ព័ត៌មានជាតិ
ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន
នៅព្រឹកថ្ងៃទី២១ ខែមិថុនា នេះ ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ បានចុះអនុស្សរណៈយោគយល់ជាផ្លូវការលើកិច្ចសហប្រតិបត្តិការផលិត និងផ្សព្វផ្សាយព័ត៌មាន រួមទាំងព្រឹត្តិការណ៍នានានៅលើបណ្តាញផ្សព្វផ្សាយគ្រប់ប្រភេទទាំងអស់របស់ក្រសួងព័ត៌មាន ដើម្បីឱ្យប្រជាជនបានដឹងពីភាពសម្បូរបែបនៃវិស័យទេសចរណ៍នៅកម្ពុជា។ ពិធីចុះហត្ថលេខាបានប្រព្រឹត្តឡើងក្រោមអធិបតីរបស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន។

អនុស្សរណៈនៃការយោគយល់នេះត្រូវបាន រៀបចំឡើងក្នុងគោលបំណងសហការផលិត ផ្សព្វផ្សាយមាតិកាព័ត៌មានគ្រប់ទម្រង់របស់ក្រសួងទេសចរណ៍ ឱ្យកាន់តែសម្បូរបែប ទាន់ពេលវេលា និង ប្រកបដោយគុណភាព សំដៅបញ្ជ្រាបការយល់ដឹងរបស់ប្រជាពលរដ្ឋលើវិស័យទេសចរណ៍នៅកម្ពុជា នៅលើប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទទាំងអស់របស់ក្រសួងព័ត៌មាន ទាំងបុរាណ និងទំនើប រួមទាំងបណ្តាញទំនាក់ទំនងសង្គមដទៃទៀតរបស់ក្រសួងព័ត៌មាន សំដៅពង្រីក និងពង្រឹងវិសាល ភាពការផ្សព្វផ្សាយព័ត៌មានរបស់ស្ថាប័នសាធារណៈទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
គួរឱ្យដឹងថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ មានសារៈសំខាន់ ហើយជាវប្បធម៍នៃកិច្ចសហការក្នុងក្របខណ្ឌនៃក្រសួង ស្ថាប័នរួម ក្រោមអភិក្រមរបស់រាជរដ្ឋាភិបាលគឺប្រពន្ធ័ “ ជីវភាពនៃប្រព័ន្ធតូអង្គតែមួយ “ មានន័យថា ក្រសួង ស្ថាប័ន នៅក្រោមរាជរដ្ឋាភិបាល គឺបំពេញការងារមិនជាន់គ្នានោះទេ ហើយបំរើឱ្យគ្នាទៅវិញទៅមក ដើម្បីឈានទៅសម្រេចគោលនយោបាយរួមតែមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងថា កិច្ចសហការដ៏មានសារៈសំខាន់នេះធ្វើឡើងព្រោះវិស័យទេសចរណ៍ ជាវិស័យមួយចូលរួមក្នុងកំណើនសេដ្ឋកិច្ចរបស់ជាតិ ដូច្នេះទាមទារឱ្យមានការផ្សព្វផ្សាយបានទូលំទូលាយ ពីសក្តានុពលទេសចរណ៍ ក៏ដូចជាទិសដៅទេសចរណ៍ និងផ្នែកផ្សេងៗទៀតនៅក្នុងវិស័យទេសចរណ៍។
លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកថា ទោះបីកន្លងមកមិនទាន់មានការចុះអនុស្សរណៈនេះក្តី តែក្រសួងព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិទាំងអស់ បានធ្វើសកម្មភាពក្នុងការចូលរួមផ្សព្វផ្សាយទាក់ទងវិស័យទេសចរណ៍ មានភាពសកម្ម ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងពីសក្តានុពលនៃវិស័យទេសចរណ៍នៅកម្ពុជា មានអ្វីខ្លះ ហើយអ្វីខ្លះដែលអាចទាក់ទាញភ្ញៀវទេសចរពីក្រៅប្រទេស ចូលមកកម្ពុជា ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននានា បានធ្វើកិច្ចការងារយ៉ាងច្រើន ហើយសម្រេចបានលទ្ធផលជាបន្តបន្ទាប់ តែការផ្សព្វផ្សាយមិនសូវរស់រវើក មិនបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង ដូច្នេះហើយជាជំហានទៅមុខទៀត ក្រសួងព័ត៌មាន នឹងពង្រឹងកិច្ចសហការជាមួយ ក្រសួង ស្ថាប័ន នានាចំណុះឱ្យរាជរដ្ឋាភិបាល ដើម្បីជួយធ្វើការផ្សព្វផ្សាយពីផែនការសកម្មភាព និងសមិទ្ធិផលនានាដែលសម្រេចបាននាពេលកន្លងមក ដាក់ចុះនូវគោលនយោបាយ និងទិសដៅបន្តទៅមុខទៀត ដើម្បីបញ្ជ្រាបទៅឱ្យប្រជាពលរដ្ឋបានដឹងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីផែនការសកម្មភាពការងារដែលរាជរដ្ឋាភិបាលបានដាក់ចុះ ដែលជាមូលដ្ឋានគ្រឹះមួយក្នុងការកសាងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្រាប់លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចាត់ទុកការចុះអនុស្សរណៈនាឱកាស គឺមានសារសំខាន់ ដែលជាជំហានថ្មីមួយក្នុងការរួមចំណែកដល់ការផ្សព្វផ្សាយសក្តានុពល ទេសចរណ៍កម្ពុជា ក៏ដូចជាជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។ ដោយឡែក គោលបំណង នៃអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវ សកម្មភាពពាក់ព័ន្ធនឹងវិស័យទេសចរណ៍ឱ្យបានលឿន រហ័ស និងទាន់ពេលវេលា ប្រកបដោយ គុណភាព ទៅដល់សាធារណៈជនទូទៅ។

លោក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណដល់ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលតែងតែបានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងការផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ ដែលពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់ព័ត៌មានជាក់លាក់ពីព្រឹត្តិការណ៍ សំខាន់ៗនៃការអភិវឌ្ឍក្នុងវិស័យទេសចរណ៍កម្ពុជាទៅដល់មជ្ឈដ្ឋានទូទៅ។
លោក រដ្ឋមន្ត្រី សុខ សូកេន បានជម្រាបជូនថាក្រសួងទេសចរណ៍ បានដាក់ចេញផែនការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដោយមានចក្ខុវិស័យច្បាស់លាស់ «ដើម្បីរួមចំណែកដល់ការលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជាទៅជាគោលដៅទេសចរណ៍ឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ»។

ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ ក្រសួងទេសចរណ៍ក៏បានដាក់ចេញបេសកកម្មសម្រាប់ កសាងបរិស្ថាន ដែលមានលក្ខណៈអំណោយផលដល់ទេសចរណ៍កម្ពុជា ក្នុងការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយភាពរស់រវើក ធានាបាននូវឧត្តមភាព ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន តាមរយៈការដាក់ចេញ និងជំរុញការអនុវត្តឱ្យបានពេញលេញនូវគំនិត ផ្តួចផ្តើមយុទ្ធសាស្ត្រ «បង្កើន៥ និងអភិវឌ្ឍ៣» ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអនុវត្តការងាររបស់មន្ត្រីក្រសួងទេសចរណ៍ គ្រប់លំដាប់ថ្នាក់ និងសម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយគ្រប់ដៃគូពាក់ព័ន្ធទាំងអស់ក្នុងគោលដៅបង្កើនប្រសិទ្ធភាព សុខុដុមនីយកម្មក្នុងការងារ ការសម្របសម្រួលរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតួអង្គទាំងអស់ ដែលមានតួនាទីចូលរួម អភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ