ព័ត៌មានជាតិ
ប្រមុខការទូត ថា កម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀតជាមួយអង្គការសុខភាពពិភពលោក
ប្រមុខការទូតកម្ពុជា លោក សុខ ចិន្តាសោភា បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសុខភាពពិភពលោកឱ្យកាន់តែជិតស្និទ្ធ សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។

ការលើកឡើងរបស់ប្រមុខការទូតកម្ពុជា ក្នុងឱកាសទទួលជួបជាមួយលោកវេជ្ជបណ្ឌិត សាយអា ម៉ាអ៊ូ ព្យូកាឡា នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។
លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអបអរសាទរវេជ្ជបណ្ឌិត ព្យូកាឡា ដែលបានជាប់ឆ្នោត និងត្រូវបានតែងតាំងជានាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ កាលពីខែមករា ឆ្នាំ២០២៤។ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសុខភាពពិភពលោកក្នុងការលើកកម្ពស់សុខភាពសកល និងថ្លែងអំណរគុណដល់ការគាំទ្រជាបន្តបន្ទាប់ និងការរួមចំណែករបស់អង្គការនេះ ក្នុងការលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា។

លោក សុខ ចិន្តាសោភា បានបញ្ជាក់សាជាថ្មីអំពីអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិនេះ ក្នុងការពង្រីកការផ្តល់សេវាសុខាភិបាលឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ដែលផ្តោតលើការពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសុខភាពសង្គម និងការពង្រឹងសមត្ថភាពថែទាំបឋមនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ព្រមទាំងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព។ ក្នុងន័យនេះ លោកប្រមុខការទូតកម្ពុជា បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសុខភាពពិភពលោកឱ្យកាន់តែជិតស្និទ្ធ សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។

លោកវេជ្ជបណ្ឌិត ព្យូកាឡា ជម្រាបជូនលោកឧបនាយករដ្ឋមន្រ្តី អំពីការអនុម័តលើ WHO Fourteenth General Programme of Work (GPW14) ដែលជាទិសដៅយុទ្ធសាស្រ្តរបស់អង្គការសុខភាពពិភពលោក សម្រាប់ឆ្នាំ ២០២៥-២០២៨ នាមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ ដែលបានប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះនៅទីក្រុងហ្សឺណែវ និងវឌ្ឍនភាពនៃសេចក្តីព្រាងចក្ខុវិស័យគាំទ្រសុខភាពគ្រួសារ សហគមន៍ និងសង្គមនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច។
លោកវេជ្ជបណ្ឌិត ក៏បានជម្រាបជូនលោកឧបនាយករដ្ឋមន្រ្តី អំពីសេចក្តីព្រាងយុទ្ធសាស្ត្រសហប្រតិបត្តិការកម្ពុជា-អង្គការសុខភាពពិភពលោក ២០២៤-២០២៨ ដែលកំពុងស្ថិតក្នុងការពិនិត្យចុងក្រោយ។ លោកវេជ្ជបណ្ឌិត បានកោតសរសើរកម្ពុជាដែលបានរួមចំណែកក្នុងការពង្រឹងសុខភាពសកល ជាពិសេសសមិទ្ធផលដ៏សំខាន់ក្នុងអំឡុងពេលកូវីដ-១៩ និងបង្ហាញអំពីឆន្ទៈក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រកម្ពុជាឱ្យស្របតាមតម្រូវការ និងបរិបទនៅក្នុងប្រទេស៕

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?