ព័ត៌មានជាតិ
៧ មូលហេតុ កវី យូ សុភា ពុំទាន់ចង់ឱ្យ ភាពយន្តស្នាដៃនិពន្ធរបស់លោក យកសំឡេងពិត
ខណៈវិស័យភាពយន្តកម្ពុជាកំពុងរីកចម្រើន និងរត់តាមសាកល ទាំងបរិបទស្នាដៃតែងនិពន្ធ បច្ចេកទេសថត បច្ចេកទេសកាត់ត ក៏ដូចជា ការសម្ដែងដោយយកសំឡេងតួអង្គផ្ទាល់នោះ លោក យូ សុភា កវីនិពន្ធប្រលោមលោក និងភាពយន្ត ដែលមានកេរ្តិ៍ឈ្មោះធ្លាប់បានទទួលពានជាច្រើននោះ បានលើកហេតុផល ៧ យ៉ាង ដែលលោកពុំទាន់ចង់ឱ្យ ភាពយន្តស្នាដៃនិពន្ធរបស់លោក យកសំឡេងតួអង្គពិតទេ។
លោក យូ សុភា បានបានបង្ហោះលើបណ្ដាញសង្គម នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នេះថា ក្នុងដំណាក់កាលនេះ លោកពុំទាន់ចង់ឱ្យ ភាពយន្តជាស្នាដៃនិពន្ធរបស់លោក យកសំឡេងតួពិតទេ ដោយហេតុផលខាងក្រោម៖
១. តារាសម្តែងមានសំឡេងល្អមិនស្មើគ្នា ( ល្អ មធ្យម អន់ ) នាំឱ្យសាច់រឿងថយតម្លៃ ទៅមិនស្រុះគ្នា
២. បទពិសោធពីអ្នកទស្សនា វាយតម្លៃទៅលើទឹកដមសំឡេងរបស់តួសម្តែងនាំឱ្យឈានទៅរកការបាក់ទឹកចិត្ត ដូចជាថា តួសំឡេងម៉្ញេក សំឡេងដូចប្រុស និយាយដូចអានសន្ទរកថា សំឡេងត្បៀត សំឡេងគ្រលរ សំឡេងខ្សោយដូចអត់បាយ សំឡេងត្រឡាន់ អណ្តាតធំ។ល។
៣. បាត់បង់ធនធានតារាសម្តែងដែលមានរូបសម្រស់ ទេពកោសល្យសម្តែង តែខ្សោយសំឡេង
៤. ការបញ្ចូលសំឡេងអាចដោះស្រាយបញ្ហាខាងលើនេះបាន ថែមទាំងបានជួយលើកសាច់រឿងឱ្យកាន់តែមានភាពទាក់ទាញ ព្រោះលោកគ្រូអ្នកគ្រូដែលជាអ្នកបញ្ចូលសំឡេងមានសមត្ថភាព និងទេពកោសល្យខ្ពស់ក្នុងបញ្ចូលអារម្មណ៍ មនោសញ្ចេតនាឱ្យស្របនឹងទឹកមុខរបស់តួអង្គម្នាក់ៗ ជាពិសេសអាចសង្រ្គោះឃ្លាសន្ទនាដែរ ដូចអានអក្សរមកជាឃ្លាសន្ទនាដែលស្របតាមបញ្ហារឿងវិញ កាត់បន្ថយភាពឆ្គង។
៥. ផ្តល់ឱកាសដល់លោកគ្រូអ្នកគ្រូជាក្រុមការងារបញ្ចូលសំឡេងទទួលបានប្រាក់កម្រៃយកទៅដោះស្រាយបញ្ហាជីវភាព កាត់បន្ថយភាពក្រីក្រក្នុងសង្គម (ចែករំលែកគ្នារស់)
៦. ទឹកដមសំឡេងពីធម្មជាតិជារឿងដែលស្ទើរតែពុំអាចកែបាន រឿងខ្មែរសម័យមុនក៏ត្រូវការបញ្ចូលសំឡេងដែរ
៧. ផលិតករភាពយន្តចង់ចំណេញណាស់ ប៉ុន្តែដោយសារហេតុផលខាងលើនេះ ទើបធ្វើឱ្យផលិតករភាពយន្តពុំមានជម្រើសក្រៅពីការបញ្ចូលសំឡេងនេះ បើតួនិយាយពីរោះទាំងអស់ ឬទោះជាសំឡេងអន់បែបណាក៏ទស្សនិកជនទទួលយកបាន ដោយពុំមានការរិះគន់នោះ ផលិតករក៏ពុំចាំបាច់ចំណាយប្រាក់លើការបញ្ចូលសំឡេងនេះដែរ។
គួរបញ្ជាក់ថា លោក យូ សុភា ចាប់ផ្តើមសរសេរប្រលោមលោក តាំងពីឆ្នាំ២០០០ ហើយបានទទួលពានរង្វាន់ និងមេដាយជាច្រើន លើការប្រកួតប្រជែងស្នាដៃអក្សរសិល្ប៍ មានជាអាទិ៍ដូចជា៖
រឿងខ្លី “ជីវិតដែលគេបោះបង់ចោល” ចំណាត់ថ្នាក់លេខ៣ រៀបចំនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងកម្មវិធីទិវាអក្សរសាស្ត្រ។
រឿងខ្លី “ហេតុអ្វីឯងព្រម?” ចំណាត់ថ្នាក់លេខ១ ស្តីពីអនាគតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
រឿង “អំណាចនៃលទ្ធិប្រជាធិបតេយ្យ” ចំណាត់ថ្នាក់លេខ១ លើផ្នែករឿងខ្លី ស្តីពីអនាគតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
រឿង “កុលស្រ្តី” ចំណាត់ថ្នាក់លេខ២ ផ្នែកប្រលោមលោក ពានរង្វាន់ព្រះនាងឥន្រ្ទទេវី រៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
រឿងខ្លី “បរិញ្ញាបត្រខ្ញុំ ឬទុកបរិញ្ញាបត្រឱ្យមេឃមើល” ចំណាត់ថ្នាក់លេខ២ រៀបចំឡើងដោយសមូហកម្មអក្សរសិល្ប៍នូហាចលើកទី២។
រឿង “បំណុលវាសនា” ពានរង្វាន់ព្រះបាទអង្គឌួង ចំណាត់ថ្នាក់លេខ២ (គ្មានចំណាត់ថ្នាក់លេខ១) ផ្នែកប្រលោមលោក រៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាននៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
រឿង “ត្រើយនិស្ស័យ” ពានរង្វាន់ឧកញ៉ាសុត្តន្តប្រីជាឥន្ទ ចំណាត់ថ្នាក់លេខ១ ផ្នែកប្រលោមលោក រៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
រឿង “ទោះសុរិយានៅតែរះ” ចំណាត់ថ្នាក់លេខ២ ផ្នែកប្រលោមលោក ពានរង្វាន់សម្តេចព្រះសង្ឃរាជ ជួន ណាត (គ្មានចំណាត់ថ្នាក់លេខ១) រៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
រឿង “គ្មានទៀតឡើយ” ចំណាត់ថ្នាក់លេខ១ ពានរង្វាន់ឧកញ៉ាវិបុលរាជ នូ កន ដែលរៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
កំណាព្យខ្លី “ម៉ែឈប់ខ្លាចទៅ” រង្វាន់លេខ១ ស្តីពីការបោះឆ្នោត។ ព្រមទាំងមានពានរង្វាន់ផ្សេងៗជាច្រើនទៀត។
ចំណែកប្រលោមលោកដែលបានបោះពុម្ព មានដូចជារឿង កញ្ញាម្ទេសខ្មាំង រាជកញ្ញា បើបេះដូងជាប់ឈាម បងជាស្វាមីក្រៅបេះដូង ជាកំណប់ស្នេហ៍អូនថែជូនបង សច្ចៈសីលគុណ កុំផ្តាច់និស្ស័យកុំប្រល័យស្នេហ៍បង ទុកបរិញ្ញាប័ត្រឱ្យមេឃមើល ស្ពានកោះពេជ្រផ្តាច់ស្នេហ៍ ព្រលឹងខ្មោចស្រីបំបែកក្តីឃាតកម្ម ស្អប់អូនចុះបើបងដឹង និងរឿងខ្លីៗជាច្រើនទៀត ដែលបានចុះផ្សាយលើទំព័រទស្សនាវដ្ដី និងតាមបណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន។ ក្នុងនោះ លោក បាននិពន្ធភាពយន្តដែលបាន និងកំពុងត្រៀមចាក់បញ្ចាំងតាមទូរទស្សន៍ ភាពយន្តភាគ ដូចជារឿង រាជិនីភូមិគ្រឹះ មហិច្ឆតា ឋានសួគ៌ទារុញ ឫស្យា ម្ចាស់កីតម្បាញ អប្សរាមហាអង្គរ ក្រមុំឆ្នាស់កំលោះឆ្នើម ចិត្តកូនស្រី នាងហរទ័យ…។
ចំណែកភាពយន្តខ្លីអប់រំ មានដូចជារឿង ម៉ែ កែ ១០០ដុល្លារ មើលងាយ វង្វេង អ្នកជិតខាង លះបង់ បាក់ទឹកចិត្ត ពុកខ្ញុំរត់កង់បី ពេលម៉ែឈឺ លោកគ្រូខ្ញុំ ល្ខោន បងប្អូន សម្បកក្រៅ ជីវិតគូ មិត្តល្អ លុយកូន ប្រពន្ធក្មេង ប្រពន្ធចាស់ ធាតុពិត ភ្លើតភ្លើន កូនក្រៅបញ្ជី ព្រមទាំងរឿងមួយចំនួនទៀត កំពុងរៀបចំសរសេរដើម្បីចាក់ផ្សាយបន្ត៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ