Connect with us

ព័ត៌មានជាតិ

តុលាការ សន្យាចាត់វិធានការច្បាប់ដោយម៉ឺងម៉ាត់លើសំណុំរឿងឃាតកម្មបង្កឡើងដោយឈ្មោះ ស្រី ស៊ីណា

បានផុស

នៅ

តុលាការ បានសន្យាចាត់វិធានការក្នុងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់នៅក្នុងសំណុំរឿងពាក់ព័ន្ធនឹងអំពើឃាតកម្ម ដែលប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា ដើម្បីផ្តល់ភាពយុត្តិធម៌។

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ដូច្នេះថា៖ «សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងចាត់វិធានការក្នុងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់នៅក្នុងសំណុំរឿងនេះ ដើម្បីផ្តល់យុត្តិធម៌ឱ្យបានត្រឹមត្រូវតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានពន្យល់ពីការចោទប្រកាន់ និងចំណាត់ការនីតិវិធីលើសំណុំរឿងឃាតកម្ម ប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា។

អ្នកនាំពាក្យ បានរៀបរាប់ថា ក្រោយពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនសំណុំរឿង និងជនល្មើសមក តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានយកចិត្តទុកដាក់បំផុតក្នុងការពិនិត្យភស្តុតាង របាយការណ៍សន្និដ្ឋានរបស់សមត្ថកិច្ច និងបានសាកសួរគ្រប់បុគ្គលពាក់ព័ន្ឋរួចមក បានសន្និដ្ឋានថា អំពើនេះជាអំពើឃាតកម្ម ដោយពុំមានធាតុផ្សំជាអំពើឃាតកម្មគិតទុកជាមុនតាមការកំណត់នៃច្បាប់នោះទេ ព្រោះថា នៅមុនពេលមានការបាញ់ប្រហារទៅលើជនរងគ្រោះ គឺមានការជជែកឈ្លោះប្រកែកគ្នាជាមុន រវាងជនល្មើស និងជនរងគ្រោះ និងឈានទៅដល់ការបាញ់សម្លាប់ជនរងគ្រោះភ្លាមៗ ដោយពុំមានភស្តុតាងនៃការរៀបចំផែនការសម្លាប់មនុស្សតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌនៃកម្ពុជាឡើយ។

ដោយពិនិត្យឃើញព្យសនកម្មទៅលើជនរងគ្រោះស្លាប់ពីរនាក់ និងរបួសពីរនាក់ តំណាងអយ្យការបានចោទប្រកាន់ករណីនេះជា ២សំណុំរឿង ដោយសំណុំរឿងទី១ (ជនរងគ្រោះស្លាប់ពីរនាក់) បានធ្វើការចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ពីបទ “ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោសរហូតដល់១៥ឆ្នាំ។

សំណុំរឿងទី២ (ជនរងគ្រោះរបួសពីរនាក់) បានធ្វើការចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ពីបទ “ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោសរហូតដល់ ១៥ឆ្នាំ។

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ការចោទប្រកាន់របស់តំណាងអយ្យការ គឺធ្វើឡើងដោយផ្អែកតាមអង្គហេតុ និងភស្តុតាងដែលជាលទ្ធផលនៃការស្រាវជ្រាវ ស៊ើបអង្កេតរបស់មន្ត្រីនគរបាលយុត្តិធម៌ និងអយ្យការ។ ក្រោយពីទទួលបានសំណុំរឿងខាងលើ ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើ ជនត្រូវចោទឈ្មោះ ស្រី ស៊ីណា តាមនីតិវិធីច្បាប់ជាធរមាន។

តែយ៉ាងណា អ្នកនាំពាក្យ បញ្ជាក់បន្ថែមថា ចៅក្រមស៊ើបសួរ នឹងធ្វើការស្រាវជ្រាវឱ្យបានស៊ីជម្រៅបន្ថែមទៀតលើសំណុំរឿងទាំងពីរនេះ ក្នុងករណីរកឃើញនូវភស្តុតាងថ្មីបន្ថែម ដែលអាចនាំឱ្យមានការប្រែប្រួលទៅលើអង្គហេតុ និងបទចោទប្រកាន់ ចៅក្រមស៊ើបសួរមានសិទ្ធិអំណាចក្នុងការកែប្រែបទចោទប្រកាន់បានជាដរាប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម