ព័ត៌មានជាតិ
ទស្សនកិច្ចរដ្ឋមន្រ្តីការបរទេសថៃមកកម្ពុជា នឹងរិះរកវិធីសាស្ត្រដើម្បីពង្រឹងកិច្ចសហការទ្វេភាគី
តបតាមសំណើររបស់ភាគីកម្ពុជា រដ្ឋមន្ត្រីការបរទសថៃ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៤ ខាងមុខនេះ ដើម្បីពិភាក្សាការងារ និងពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ទាប់ពីប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្រ្តកាលពីដើមឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មានក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី ២៤ មិថុនានេះ បានឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះលោក ម៉ារីត សាងៀមផុង្ស (Maris Sangiampongsa) នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោក ម៉ារីត សាងៀមផុង្ស ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសលោក សុខ ចិន្តាសោភា ដែលក្នុងឱកាសនោះរដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងផ្លាស់ប្តូរទស្សនអំពី មធ្យោបាយនានាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ព្រមទាំងរិះរកវិធីសាស្ត្រនានាដើម្បីពង្រីកកិច្ចសហប្រតិបត្តិការបន្ទាប់ពីប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត កាលពីខែកុម្ភៈ ឆ្នាំ២០២៤។ ភាគីទាំងពីរ ក៏រំពឹងនឹងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាប្រយោជន៍និងក្តីកង្វល់រួម។
យោងតាមក្រសួងការបរទេសថៃ ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្រ្តីការបរទេសថៃ នឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីកម្ពុជា ដើម្បីតាមដានវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងនោះរួមបញ្ចូលទាំងការបង្កើនទំនាក់ទំនងទ្វេភាគីទៅជាដៃគូយុទ្ធសាស្ត្រ ពាណិជ្ជកម្ម និងការវិនិយោគ ការអភិវឌ្ឍន៍តំបន់ព្រំដែន ការងារ អប់រំ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ ក្រសួងការបរទេសថៃ ឱ្យដឹងទៀតថា ក្រៅពីមានជំនួបជាមួយថ្នាក់ដឹកនាំកំពូលកម្ពុជា រដ្ឋមន្រ្តីការបរទេសថៃ ក៏នឹងជួបជាមួយតំណាងសហគមន៍ធុរកិច្ចថៃ និងទីភ្នាក់ងាររដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់ Team Thailand នៅកម្ពុជាផងដែរ។
គួរជម្រាបថា កម្ពុជា-ថៃ បានឯកភាពដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីពី “ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ”។ ការឯកភាពធ្វើឡើងក្នុងអំឡុងពេល នាយករដ្ឋមន្រ្តីថៃលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) បានបំពេញទស្សនកិច្ចផ្លូវការ កាលពីខែកុម្ភៈ ឆ្នាំ ២០២៤។

ក្នុងឱកាសនោះ សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបានផ្លាស់ប្ដូរយោបល់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន ដែលរួមមាន៖ វិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្ដិសុខ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ និងវិស័យថាមពល។ ក្នុងក្របខ័ណ្ឌនៃការពង្រឹងទំនាក់ទំនងនយោបាយ និងការទូត សមភាគីទាំងពីរ បានឯកភាពលើការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ពី “ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។
នាយករដ្ឋមន្រ្តីទាំងពីរ ក៏បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការចំនួន ៥ រួមមាន ១-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា និងក្រសួងមហាផ្ទៃថៃ។ ២-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាធិការ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងក្រសួងឧត្តមសិក្សា វិទ្យាសាស្រ្ត ស្រាវជ្រាវ និងនវានុវត្តន៍ថៃ។ ៣-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីទំនិញឆ្លងកាត់ រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងនាយកដ្ឋានគយថៃ។ ៤-អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងធនាគារនាំចេញ-នាំចូលថៃ និង ៥-អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មាធិការពាណិជ្ជកម្មថៃ ៕
អត្ថបទ៖ ឡាយ សាមាន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ