ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ កំពុងពិនិត្យទិដ្ឋភាពច្បាប់ បន្ទាប់ពីតំណាងកម្មករ ជាង ១៣ ម៉ឺននាក់ ដាក់ញត្តិស្នើសុំកិច្ចអន្តរាគមន៍
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ កំពុងពិនិត្យមើលផ្នែកច្បាប់ លក្ខន្តិកៈ របស់អង្គការសមាគម និងសំណើសំណូមពរទាំងឡាយដែលតំណាងកម្មករ-និយោជិត ជាង ១៣ ម៉ឺននាក់ បានដាក់ញត្តិជាបន្តបន្ទាប់ ស្នើសុំការអន្តរាគមន៍ ដើម្បីពិនិត្យការអនុវត្តសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិការបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់»។

លោកបានឱ្យដឹងទៀតថា ក្រោយពីបានទទួលញត្តិពីតំណាងកម្មករ-និយោជិត ក្រសួងមហាផ្ទៃ កំពុងពិនិត្យមើលសំណូមពរ ឬបញ្ហាដែលជាកង្វល់របស់កម្មករ-និយោជិត បានស្នើសុំឱ្យក្រសួងអន្តរាគមន៍។ បន្ថែមលើនោះ ក្រសួង ក៏កំពុងពិនិត្យមើលថា តើសំណើសំណូមពរទាំងនោះស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួង ឬយ៉ាងណា។
ជាពិសេស ក្រសួងមហាផ្ទៃ ក៏កំពុងពិនិត្យញត្តិទាំងនោះដោយធៀបជាមួយច្បាប់ពាក់ព័ន្ធ ពោលគឺច្បាប់ស្ដីពីអង្គការសមាគម ដើម្បីដឹងថា ច្បាប់បានកម្រិតដូចម្តេចខ្លះអំពីការដំណើរការប្រព្រឹត្តិទៅ នៃអង្គការសមាគម ជាពិសេសអង្គការសមាគមដែលមានភាគីផ្សេងតវ៉ា ឬស្នើឱ្យមានអន្តរាគមន៍។ មិនតែប៉ុណ្ណោះ ក្រសួងក៏ពិនិត្យប្រៀបធៀបថែមទៀត ជាមួយនឹងលក្ខន្តិករបស់សមាគមដែលតម្កល់នៅក្រសួងមហាផ្ទៃ ថាតើធ្វើសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនស្របទៅតាមលក្ខន្តិកៈដែរឬយ៉ាងណា។

លោកបញ្ជាក់ថា «យើងនឹងពិនិត្យទៅលើកិច្ចការទាំងអស់នេះទៅតាមច្បាប់បទដ្ឋានគតិយុត្តិ មិនឱ្យមានការល្អៀង ឬក៏បំពារបំពានច្បាប់ទេ។ ហើយចំពោះវិធានការផ្សេងៗ ដទៃទៀតនោះ យើងនឹងពិនិត្យជាក់ស្ដែងនៅពេលដែលយើងធ្វើការងារដោយយកចិត្តទុកដាក់ផ្អែកលើមូលដ្ឋានច្បាប់»។
សូមបញ្ជាក់ថា ថ្នាក់ដឹកនាំសហព័ន្ធសហជីព សមាគម តំណាងឱ្យសមាជិកសមាជិកា ដែលបំពេញការងារ ក្នុងវិស័យកាត់ដេរ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួន ១៣ ម៉ឺននាក់ រួមមាន សហព័ន្ធសហជីពរក្សាសិទ្ធកម្មករកម្ពុជា និងសហភាពសិទ្ធិកម្មករកម្ពុជា បានយកញត្តិទៅដាក់នៅក្រសួងមហាផ្ទៃជាបន្តបន្ទាប់ គឺនៅថ្ងៃទី ១៤ ខែមិថុនា និងថ្ងៃទី ២១ ខែមិថុនា នេះ ដើម្បីស្នើសុំឲ្យមានការត្រួតពិនិត្យការអនុវត្តសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិការបស់មជ្ឈមណ្ឌល សម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» ដែលធ្វើសកម្មភាពផ្ទុយពីច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលក្ខន្តិកៈរបស់ខ្លួន។

សហជីពតំណាងកម្មករទាំងនោះ បានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចគ្រួសាររបស់កម្មករ-និយោជិត និងស្ថិរភាពការងារ តាមរោងចក្រ សហគ្រាស ដែលបណ្ដាលមកពីរបាយការណ៍របស់អង្គការសង់ត្រាល់ ដែលវាយតម្លៃសេរីភាព សហជីព ក្នុងប្រទេសកម្ពុជា មិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតសម្រាប់ស្ថានភាពសហជីពនៅកម្ពុជា និងគ្មានមូលដ្ឋានច្បាស់លាស់។
លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា ប្រាប់អ្នកសារព័ត៌មានក្រោយយកញត្តិដាក់នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២១ ខែមិថុនា ថា សកម្មភាពរបស់អង្គការសង់ត្រាល់ មិនបានជួយដល់កម្មករ-និយោជិតទូទៅនៅក្នុងប្រទេសកម្ពុជាឡើយ ផ្ទុយទៅវិញសកម្មភាពរបស់អង្គការ សង់ត្រាល់ បែរជាធ្វើឱ្យប៉ះពាល់អារម្មណ៍អ្នកវិនិយោគទុន ដែលមានស្រាប់ និងអ្នកវិនិយោគ ដែលកំពុងនិងត្រៀមមកវិនិយោគនៅកម្ពុជាយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត សកម្មភាពអង្គការសង់ត្រាល់ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ជះឥទ្ធិពលដល់សេដ្ឋកិច្ចក្នុងគ្រួសារ និងស្ថិរភាពការងាររបស់កម្មករ-និយោជិត ក្នុង និងក្រៅប្រព័ន្ធទាំងអស់ នៅប្រទេសកម្ពុជា៕







-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ