ព័ត៌មានជាតិ
គណៈកម្មការទី៨ រដ្ឋសភា ស្នើអាជ្ញាធរខេត្តកំពង់ឆ្នាំង ដកផ្ទាំងផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈ
គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ដែលដឹកនាំដោយលោកស្រី ឡោក ខេង បានស្នើសុំឱ្យអាជ្ញាធរខេត្តកំពង់ឆ្នាំងពិនិត្យលទ្ធភាពកាត់បន្ថយ ឬដកផ្លាំងប៉ាណូធំៗដែលបានផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅតាមទីសាធារណៈ។
ការស្នើសុំរបស់គណៈកម្មការរដ្ឋសភាបែបនេះ បន្ទាប់ពីបានសង្កេតឃើញថា មានការផ្សព្វផ្សាយប៉ាណូពាណិជ្ជកម្មគ្រឿងស្រវឹងច្រើននៅតាមដងផ្លូវនៃខេត្តកំពង់ឆ្នាំង ហើយម្យ៉ាងវិញទៀតគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន តែងតែបង្កឡើងដោយអ្នកបើកបរស្ថិតក្នុងស្ថានភាពឥទ្ធិពលគ្រឿងស្រវឹងនេះតែម្ដង។
នៅក្នុងឱកាសចុះបំពេញបេសកកម្មការងារនៅខេត្តកំពង់ឆ្នាំង លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា (គណៈកម្មការទី៨) និងគណៈប្រតិភូអម បានជួបប្រជុំពិភាក្សាការងារជាមួយលោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីចុះពិនិត្យលើការអនុវត្តច្បាប់ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យទាំង៤ ដែលគណៈកម្មការទទួលបន្ទុក។
តាមរយៈកិច្ចប្រជុំពិភាក្សារវាងគណៈកម្មការទី៨ រដ្ឋសភា និងអាជ្ញាធរខេត្តកំពង់ឆ្នាំង លោកស្រី ឡោក ខេង បានលើកឡើងនូវសំណូមពរមួយចំនួនទៅកាន់អាជ្ញាធរខេត្តកំពង់ឆ្នាំង ដែលក្នុងនោះ ក៏មានបញ្ហានៃការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅតាមទីសាធារណៈ។ លោកស្រី ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានស្នើសុំឱ្យកាត់បន្ថយ ឬដកផ្លាក និងប៉ាណូធំៗ ដែលបានផ្សព្វផ្សាយអំពីគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករខ្ពស់នៅតាមទីតាំងសាធារណៈ និងតាមដងផ្លូវក្នុងខេត្តកំពង់ឆ្នាំង។
ជំនួសនូវការដាក់ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករខ្ពស់ លោកស្រី ឡោក ខេង បានស្នើសុំឱ្យមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្តដាក់ប៉ាណូ និងចាក់វីដេអូអប់រំផ្សព្វផ្សាយពីការបង្ការ និងរបបអាហារសម្រាប់ការពារជំងឺមិនឆ្លងដល់ប្រជាពលរដ្ឋ និងស្នើសុំឱ្យមន្ទីរសុខាភិបាល មន្ទីរកិច្ចការនារី និងមន្ទីរការងារ ត្រូវចូលរួមសហការគ្នាចុះផ្សព្វផ្សាយប្រយុទ្ធប្រឆាំងជំងឺមិនឆ្លងតាមរយៈគណៈទ្រទ្រង់សុខភាពភូមិ និងចុះទៅដល់ផ្ទះពលរដ្ឋនៅតាមភូមិឃុំ ដើម្បីផ្សព្វផ្សាយដល់យុវជនក្រីក្រងាយរងហានិភ័យឱ្យមកចូលរៀននៅសាលាបណ្ដុះបណ្ដាលពហុបច្ចេកទេសខេត្ត។
លើសពីនេះ លោកស្រី ប្រធានគណៈកម្មការ ក៏បានស្នើឱ្យអាជ្ញាធរខេត្តកំពង់ឆ្នាំង ត្រូវតែពង្រឹងសមត្ថភាពភាពរបស់ខ្លួនក្នុងការផ្សព្វផ្សាយពីសារៈសំខាន់នៃការប្រើប្រាស់ប័ណ្ណ ប.ស.ស ដល់បុគ្គលស្វ័យនិយោជន៍ឱ្យបានយល់ច្បាស់ ខណៈដែលមន្ទីរសង្គមកិច្ច ត្រូវពន្យល់ឱ្យបានច្បាស់ពីបញ្ហាកញ្ចប់ថវិកាគ្រួសារ ដែលត្រូវបានធ្វើសំយោគជូនប្រជាពលរដ្ឋនាពេលថ្មីៗនេះផងដែរ។
គួរជម្រាបថា កាលពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យពិនិត្យឡើងវិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូតាមទីសាធារណៈ ដោយត្រូវកម្រិតឱ្យបានសមរម្យ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយសារការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ