ព័ត៌មានជាតិ
តុលាការបញ្ជាឃុំខ្លួននគរបាល២រូប និងបក្សពួក ក្រោយលួចធ្វើអត្តសញ្ញាណប័ណ្ណឱ្យជនជាតិវៀតណាម
មន្ត្រីនគរបាលសង្កាត់សំបួរ២រូប និងសមាជិកក្រុមប្រឹក្សាសង្កាត់សំបួរ ម្នាក់ នៃក្រុងសៀមរាប ព្រមទាំងបក្ខពួក ត្រូវបានសាលាដំបូងខេត្តសៀមរាបសម្រេចចោទប្រកាន់ រួចឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគារ ពាក់ព័ន្ធករណីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឲ្យជនដែលមិនមានសញ្ជាតិខ្មែរ(ជនជាតិវៀតណាម)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាបកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។

សេចក្ដីប្រកាសព័ត៌មាន ឲ្យដឹងថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានចាត់ការលើ សំណុំរឿងព្រហ្មទណ្ឌលេខ៨៨០ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ទាក់ទងនឹងជនជាតិវៀតណាម ១នាក់ និងជនជាតិខ្មែរ ៥នាក់ មានគ្នាសរុបចំនួន ៦នាក់ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនចំនួន ៤នាក់ និងបក្សពួក ២នាក់បានគេចខ្លួន។
ក្រោយពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងនានា ក្នុងសំណុំរឿង តំណាងអយ្យការបានចោទប្រកាន់លើជនសង្ស័យជនជាតិវៀតណាម១នាក់ ពីបទកាន់កាប់ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយខុសច្បាប់ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅចំណុចសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងខែតុលា ឆ្នាំ២០២៣ និងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣០ នៃច្បាប់ស្តីពីសញ្ជាតិ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។

សម្រេចចោទប្រកាន់ជនជាតិខ្មែរ៥នាក់ ក្នុងនោះមានមុខរបរជា មន្ត្រីនគរបាលជាតិ២នាក់ សមាជិកក្រុមប្រឹក្សា សង្កាត់១នាក់ និង២នាក់ជាប្រជាពលរដ្ឋបានគេចខ្លួន ពីបទ ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យជនដែល មិនមានសញ្ជាតិខ្មែរ និងក្លែងបន្លំឯកសារសាធារណៈ ប្រព្រឹត្តនៅចំណុចសង្កាត់សំបូរ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងខែតុលា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា ៣០ នៃច្បាប់ស្តីពីសញ្ជាតិ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ តាមដីកាសន្និដ្ឋានបញ្ជូនរឿង ឱ្យស៊ើបសួរលេខ ១៣៣៨ អយធ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមច្បាប់។
គួរឱ្យដឹងថា ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល មិនបានបង្ហាញពីអត្តសញ្ញាណច្បាស់លាស់របស់ជនល្មើសឡើយ៕
ដោយ៖ជុន កុសល

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ