ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត ប្រកាសមិនទុកអតីតយុទ្ធជនណាចោល ដោយគ្មានការគាំពារពីរដ្ឋឡើយ
ដរាបណាគណបក្សប្រជាជនកម្ពុជានៅបន្តដឹកនាំប្រទេស ជីវភាព និងកិត្តិយសរបស់អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល នៅតែបន្តលើកកម្ពស់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា រាជរដ្ឋាភិបាល មិនទុកឱ្យប្រជាជនណាម្នាក់ និយាយជារួម និងនិយាយដោយឡែក មិនទុកឱ្យអតីតយុទ្ធជនណាចោល ដោយមិនទទួលបានការគាំពារសង្គមនោះឡើយ។

តាមការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺផ្ដោតទៅលើការលើកម្ពស់កិត្តិយស ជីវភាព និងឱកាសរបស់អតីតយុទ្ធជន ជនចូលនិវត្តន៍ ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ដោយសម្ដេចធិបតី បញ្ជាក់ថា មិនដូចមជ្ឈដ្ឋានខ្លះ ដែលចោទថា រាជរដ្ឋាភិបាលទុកចោលអតីតយុទ្ធជន ឬអតីតមន្ត្រីរាជការ ដោយមិនបានយកចិត្តទុកទេ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរជាអាទិភាពលើអតីតយុទ្ធជន។
ឆ្លើយតបនឹងមជ្ឈដ្ឋានមតិនេះ សម្ដេចធិបតី បានប្រកាសដូច្នេះថា «ដរាបណាគណបក្សប្រជាជនកម្ពុជា នៅមានឱកាសដឹកនាំបន្ត ជីវភាព និងកិត្តិយសរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល នៅតែបន្តយកចិត្តទុកដាក់ និងលើកកម្ពស់ជាបន្ត… តិច ឬច្រើន យើងត្រូវបន្តជួយ យកចិត្តទុកដាក់»។ ការប្រកាសបែបនេះរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពពីពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងដំណើរឆ្ពោះទៅមុខ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជន បានកំណត់រួចហើយនូវគោលនយោបាយក្នុងការកសាង និងការពារមាតុភូមិកម្ពុជា ឆ្នាំ២០២៤-២០២៨ ដែលក្នុងនោះរួមបញ្ចូលទាំងការអភិវឌ្ឍ និងពង្រឹងប្រព័ន្ធគាំពារសង្គម ប្រកបដោយប្រសិទ្ធភាព និងចីរភាព សំដៅជួយគាំពារប្រជាជនគ្រប់រូបពីហានិភ័យនានា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ស្ថិតនៅក្រៅប្រព័ន្ធគាំពារសង្គមឡើយ។ សម្ដេចធិបតី បន្តថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តរក្សាជំហររួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។
ស្ថិតក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ក៏បានផ្ដោតការយកចិត្តទុកដាក់លើកម្រិតជីវភាពរស់នៅរបស់អតីតយុទ្ធជន ជនចូលនិវត្តន៍ ជនបាត់បង់សមត្ថភាពការងារ និងជនពិការ តាមរយៈចំណុចអាទិភាពសំខាន់ៗមួយចំនួន សំដៅដល់ការគិតគូរដល់អតីតយុទ្ធជន ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់ថា រាជរដ្ឋាភិបាលបានលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន និវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ តាមរយៈការធ្វើសមាហរណកម្មក្នុងប្រព័ន្ធរបបសន្តិសុខសង្គមថ្មី ព្រមជាមួយការតម្លើង របបសន្តិសុខសង្គមប្រចាំខែ ដែលទាបជាង ឬស្មើ៧៧ម៉ឺនរៀល ឱ្យដល់៨២ម៉ឺន៥ពាន់រៀល ដែលបានអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤។

រាជរដ្ឋាភិបាល បានផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ការតម្លើងរបបប្រចាំខែសម្រាប់អ្នកនៅក្នុងបន្ទុករបស់សពមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ខណៈទិន្នន័យអតីតយុទ្ធជន និងក្រុមគ្រួសារត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានានូវការបើកផ្ដល់របបសន្តិសុខសង្គមប្រចាំខែ រួមទាំងការផ្ដល់ប័ណ្ណ ប.ស.ស ប័ណ្ណមូលនិធិសមធម៌សុខាភិបាលសម្រាប់អ្នកកាន់សៀវភៅធនាគាររបស់គ្រួសារពលី ដើម្បីអាចទៅពិនិត្យ ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ ដោយមិនបង់ប្រាក់ ជាពិសេសនោះ គឺការសាងសង់ផ្ទះរាប់ពាន់ខ្នងជូនដល់អតីតយុទ្ធជន ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទាំងនេះហើយ ជាការគិតគូររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាំងពីអាណត្តិសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាល អាណត្តិទី៧នេះ នៅតែបន្តធ្វើបន្ថែមទៀត ដើម្បីក្របខណ្ឌជីវភាព និងកិត្តិយសរបស់អតីតយុទ្ធជនកម្ពុជា។
គួរជម្រាបថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្ដោតការយកចិត្តទុកដាក់ និងផ្ដល់ការគាំពារជាបន្ដបន្ទាប់ដល់អតីតយុទ្ធជនកម្ពុជា ដើម្បីជាការតបស្នងនូវអ្វីដែលអតីតយុទ្ធជនបានលះបង់សម្រាប់មនុស្សជំនាន់ក្រោយ។ ចាប់តាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៣ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រសរុបប្រមាណជាង ៥ពាន់ខ្នង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនថែមទៀត។
សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត វិញ នៅតែបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ តាមរយៈអាទិភាពសំខាន់ៗមួយចំនួនបន្ថែមទៀត៕
ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច