ព័ត៌មានជាតិ
រដ្ឋមន្រ្តីការពារជាតិអាមេរិក៖«ខ្ញុំសង្ឃឹមថា សហរដ្ឋអាមេរិក អាចជួយកម្ពុជាពង្រឹងសន្តិសុខរបស់ខ្លួន»
«ខ្ញុំសង្ឃឹមថា សហរដ្ឋអាមេរិក អាចជួយកម្ពុជាពង្រឹងសន្តិសុខរបស់ខ្លួនទៅតាមរបៀបដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា»។ នេះ គឺជាការអះអាងរបស់លោកឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក នៅក្នុងលិខិតថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាដែលបានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយលោកកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ។

លិខិតថ្លែងអំណរគុណរបស់លោកឡយ ជេម អូស្ទីន III នេះ ធ្វើឡើងតាំងពីថ្ងៃទី០៦ ខែមិថុនា ពោល គឺ២ថ្ងៃក្រោយជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន តែទើបត្រូវបានសម្តេចប្រធានព្រឹទ្ធសភាកម្ពុជាបញ្ចេញឱ្យដឹងជាសាធារណៈនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ។ រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក បានគូសបញ្ជាក់នៅក្នុងលិខិតថ្លែងអំណរគុណថា សហរដ្ឋអាមេរិកនៅតែមានចំណាប់អារម្មណ៍ធ្វើការជាមួយសម្តេចតេជោ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២។ លោកបានអះអាងបន្ថែមទៀតថា នឹងបន្តកិច្ចពិភាក្សាអំពីមធ្យោបាយដ៏ល្អបំផុតក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយលោកទន្ទឹងរង់ចាំនូវទំព័រថ្មីនេះនៃទំនាក់ទំនងការពារជាតិរបស់ប្រទេសទាំង២។
រឿងពង្រឹងទំនាក់ទំនងទ្វេភាគីនេះ លោករដ្ឋមន្រ្តីការពារជាតិអាមេរិក បានគូសបញ្ជាក់ប្រាប់សម្តេចតេជោនៅក្នុងជំនួបកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ថា អាមេរិក នឹងធ្វើការជាមួយសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្តារ និងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង២បានប្រសើរឡើងវិញ។ សម្រាប់លោករដ្ឋមន្រ្តីការពារជាតិអាមេរិក ប្រទេសទាំងពីរអាចធ្វើការកែសម្រួលឥរិយាបថ ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី បើទោះបីជាភាគីទាំង២មានទស្សនៈមិនស្របគ្នាលើបញ្ហាមួយចំនួន ក៏ប៉ុន្តែ ទំនាក់ទំនងប្រទេសទាំង២នៅលើវិស័យជាច្រើន មានភាពផ្លែផ្កាវិជ្ជមាន។ មិនតែប៉ុណ្ណោះ លោកឡយ ជេម អូស្ទីន III បានបញ្ជាក់ថា៖«យើងអាចអង្គុយជាមួយគ្នា ធ្វើការជាមួយគ្នាប្រកបដោយលទ្ធផល»។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានឯកភាពចំពោះគោលបំណងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកក្នុងការខិតខំពង្រីកនូវទំនាក់ទំនងឱ្យល្អប្រសើរឡើងវិញ ដោយកន្លងមកសម្ដេចតេជោ បានចាត់ទុកថា ទំនាក់ទំនងពិសេសរវាងប្រទេសទាំង២មិនអាក្រក់ពេកនោះទេ បើប្រៀបធៀបនឹងអតីតកាល។ សម្តេចតេជោ បានអះអាងថា កន្លងមក ភាគីទាំងពីរខ្វះការជឿទុកចិត្តគ្នាទៅវិញទៅមក ដូច្នេះ ត្រូវរកវិធីខិតខំកសាងជំនឿទុកចិត្តគ្នាឱ្យបានច្រើន ត្រូវគ្រប់គ្រងភាពខុសគ្នា ទស្សនខុសគ្នា បង្រួញភាពខុសគ្នាឱ្យតូច ទោះពិបាកក៏ដោយ។ ការខ្វះខាតមួយទៀត គឺការខ្វះខាតព័ត៌មានទៅវិញទៅមក និងការវិនិច្ឆ័យខុស ដែលធ្វើឱ្យភាគីទាំង២មានការយល់ច្រឡំគ្នា ដោយសារមិនបានប្ដូរព័ត៌មានគ្នា មិនបានធ្វើការពិភាក្សាគ្នា។
សម្រាប់សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរឡើងនោះ ប្រទេសទាំង២ ត្រូវបំព្រួញឧបសគ្គ និងភាពខុសគ្នាឱ្យនៅតូច និងពង្រីកកិច្ចសហការឱ្យកាន់តែច្រើន និងមានប្រសិទ្ធភាព។ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា៖«អ្វីដែលយើងមានកិច្ចសហប្រតិបត្តិការពីអតីតកាល ជាពិសេស កិច្ចសន្ទនារវាងក្រសួងការពារជាតិទាំងពីរ គឺត្រូវតែបន្តធ្វើការជាមួយគ្នាតទៅទៀត»។ រដ្ឋមន្រ្តីការពារជាតិអាមេរិក បានយល់ស្របនឹងការលើកឡើងរបស់សម្តេចតេជោនេះ ដោយរំលេចពីការចង់ឱ្យមានការបន្តកិច្ចសន្ទនាគ្នា ជាពិសេស លើគោលនយោបាយការពារជាតិក្នុងការស្វែងរកផ្លូវថ្មីមួយក្នុងទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ដើម្បីអនាគត។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសន្ទនាដែលនឹងត្រូវចាប់ផ្ដើមនេះ ព្រោះការនៅឆ្ងាយពីគ្នា នឹងនាំឱ្យបាត់បង់ព័ត៌មាន និងបង្កឱ្យមានការយល់ច្រឡំគ្នា។ សម្ដេចតេជោ បានចាត់ទុកថា អ្វីដែលជាអាទិភាពនៅចំពោះមុខ គឺការសន្ទនា ជាពិសេសនៅក្នុងវិស័យការពារជាតិ ធ្វើយ៉ាងណាឱ្យអស់ការសង្ស័យរវាងគ្នាទៅវិញទៅមក និងកសាងនូវទំនុកចិត្តឱ្យកាន់តែខ្លាំងឡើងវិញរវាងប្រទេសទាំង២។ ជាមួយគ្នានេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា បានសំណូមពរចំពោះមុខរដ្ឋមន្ត្រីការពារជាតិអាមេរិក ដោយស្នើដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក និង ប្រទេសមហាអំណាច កុំដាក់ប្រទេសកម្ពុជានៅក្នុងជម្លោះភូមិសាស្ត្រនយោបាយរបស់ខ្លួន ហើយកុំយកប្រទេសកម្ពុជាធ្វើជាទីកន្លែងប្រយុទ្ធ។ សម្ដេចតេជោ បានគូសបញ្ជាក់ថា កម្ពុជាបានអនុវត្តគោលនយោបាយឯករាជ្យរបស់ខ្លួនផ្អែកលើច្បាប់ ដោយមិនជ្រើសរើសយកខាងណាមួយទេ ដោយយកប្រទេសទាំងអស់ជាមិត្ត៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ