ព័ត៌មានជាតិ
ម្ចាស់ហាងអាហារក្នុងក្រុងពោធិ៍សាត់ ប្តេជ្ញាមិនបម្រើអាហារសត្វព្រៃ តែនឹងជួយអភិរក្សថែមទៀត
ម្ចាស់ហាងលក់ម្ហូបអាហារ ស្ថិតនៅក្នុងក្រុងពោធិ៍សាត់ បានអះអាងដូចៗគ្នាប្តេជ្ញានឹងមិនជួញដូរសាច់សត្វព្រៃយកមកធ្វើម្ហូប ដើម្បីបម្រើឱ្យសេវាកម្មម្ហូបអាហារឡើយ បើទោះបីជាមានពលរដ្ឋយកមកលក់ឱ្យឬក៏មានភ្ញៀវឱ្យតម្លៃម្ហូបខ្ពស់ក៏ដោយ។

លោក អុល អូនចេម អ្នកគ្រប់គ្រងនៅហាង «សារ៉ា កាហ្វេ» នៅក្រុងពោធិ៍សាត់បានឱ្យដឹងថា ហាងរបស់លោកចាប់តាំងពីពេលបើកដំណើរការពីឆ្នាំ២០១៨ រហូតមកដល់ឆ្នាំ២០២៤ នេះ មិនមានលក់សាច់សត្វព្រៃឬជួញដូរឡើយ ប៉ុន្តែមានតែជួយអភិរក្សសត្វព្រៃឡើងវិញ។ ការជួយអភិរក្សសត្វព្រៃនេះទៀតសោត ហាងរបស់លោកក៏ទទួលបានបណ្ណសរសើរពីក្រសួងបរិស្ថានក្នុងការចូលរួមការពារមិនជួញដូរសាច់ព្រៃ។
លោកបានអះអាងថា «ដោយសារនៅក្នុងហាងបានប្រកាសពីការមិនជួញដូរ និងមិនមានធ្វើម្ហូបចេញពីសាច់សត្វព្រៃ ដូច្នេះរាល់ភ្ញៀវដែលមកទទួលទានម្ហូបអាហារនៅទីនេះ ក៏មិនដែលសួរនាំពីម្ហូបសាច់សត្វព្រៃឡើយ»។
បើទោះបីជានៅក្នុងហាងមិនមានលក់សាច់សត្វព្រៃក៏ពិតមែន លោក អុល អូនចេម បានបន្តថា ចំនួនភ្ញៀវដែលមកទទួលទាននៅតែមានចំនួនច្រើន ប៉ុន្តែមួយរយៈចុងក្រោយនេះមានការថយចុះ ដែលអាចមកពីកត្តាសេដ្ឋកិច្ចផង និងដោយសារតែមានការកើនឡើងនូវអាជីវកម្មហាងម្ហូបនៅក្នុងខេត្តផង។

ក្នុងនាមជាអ្នកបម្រើឱ្យសេវាកម្មម្ហូបអាហារ លោកមើលឃើញថា សត្វព្រៃជាប្រភេទសត្វកម្រមួយ ដូច្នេះប្រសិនបើពលរដ្ឋចាប់យកមកធ្វើជួញដូរ ឬធ្វើជាម្ហូបអាហារទៀត អាចនឹងធ្វើឱ្យសត្វព្រៃដាច់ពូជលែងមានតទៅទៀត។ ដូចនេះ លោកក៏អំពាវនាវដល់ម្ចាស់អាជីវកម្មដទៃទៀតផងដែរ គួរកុំបរិភោគ ឬសម្លាប់សត្វព្រៃ ប៉ុន្តែគួរនាំគ្នាងាកមកចូលរួមអភិរក្សសត្វព្រៃឱ្យបានល្អប្រសើរវិញព្រោះថាសត្វព្រៃមួយចំនួនជាប្រភេទសត្វកម្រ និងជិតផុតពូជដូច្នេះគួរជួយថែរក្សាដើម្បីឱ្យយុវជនជំនាន់ក្រោយបានឃើញ។
ជាមួយគ្នានេះ បុគ្គលិកបម្រើការនៅក្នុងហាង «សារ៉ា កាហ្វេ» កញ្ញា នឿន សុខណា បានបញ្ជាក់ដែរថា តាំងពីចូលធ្វើការនៅទីនេះមក កញ្ញាតែងឃើញខាងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ចុះណែនាំជាប្រចាំអំពីការទប់ស្កាត់ ក៏ដូចជាមិនឱ្យជួញដូរ និងបរិភោគសាច់សត្វព្រៃ។ ដូច្នេះ កញ្ញាគិតថា បើមានការចុះណែនាំបែបនេះ នោះមិនយឺតពេលនោះទេនៅក្នុងការទប់ស្កាត់ ពីព្រោះកញ្ញាសង្កេតឃើញថាភាគច្រើនហាងដែលបម្រើខាងសេវាកម្មម្ហូបអាហារនៅក្នុងក្រុងពោធិ៍សាត់ គឺមិនមានហាងមួយណាជួញដូរ ឬទទួលទានសាច់សត្វព្រៃឡើយ។

ទន្ទឹមនេះ លោក ឆន សុផាន់ណារ៉េត អ្នកគ្រប់គ្រងភោជនីយដ្ឋាន «ម្លប់ស្វាយ ពោធិ៍សាត់» ដែលជាភោជនីយដ្ឋានដ៏ធំមួយនៅក្រុងពោធិ៍សាត់ដែលប្រកាសមិនបម្រើអាហារសត្វព្រៃបានឱ្យដឹងដែរថា ការចូលរួមមិនទទួលទានសត្វព្រៃមានផលប្រយោជន៍ច្រើន ដោយទី១ អាចឱ្យចំនួនសត្វព្រៃមានការកើនឡើងវិញ ទី២ ជួយបង្កើនចំនួនភ្ញៀវទេសចរ ទី៣ ប្រជាពលរដ្ឋប្តូរគោលដៅពីការបរបាញ់សត្វព្រៃ ទៅជាប្រកបរបរអ្វីផ្សេង ដែលមិនធ្វើឱ្យប៉ះពាល់ដល់ការអភិរក្សសត្វព្រៃ។
ក្រោយប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ពីសារសំខាន់នៃសត្វព្រៃ លោកមើលឃើញថា រយៈពេលចុងក្រោយនេះ គឺមិនមានអ្នកមកសួរនាំពីការជួយដូរទិញសត្វព្រៃនោះដែរ។ កត្តាទាំងអស់នេះហើយ ដែលជួយការពារធនធានធម្មជាតិ ការកើនឡើងនៃសត្វព្រៃ ជាពិសេសការកើនឡើងនៃចំនួនភ្ញៀវទេសចរដែលអាចជួយឱ្យប្រជាពលរដ្ឋនៅតាមតំបន់អាចទទួលបានផលប្រយោជន៍។
ដោយឡែកយុវជន ឡេង ណារុន ជាសិស្សនៃវិទ្យាល័យពោធិ៍សាត់ បានលើកឡើងថា ការប្រកាសមិនលក់សាច់សត្វព្រៃនៅក្នុងភោជនីយដ្ឋានជាការរួមចំណែកមួយដ៏ល្អ ព្រោះការលក់សាច់សត្វព្រៃជាអំពើមួយដែលខុសច្បាប់ និងធ្វើឱ្យចំនួនសត្វព្រៃបាត់បង់ ហើយការអភិរក្សព្រៃឈើក៏ជាចំណែកមួយជួយដល់ជម្រកសត្វព្រៃ។
យុវជនរូបនេះបានបន្តថា «សត្វព្រៃពិតជាមានសារប្រយោជន៍ ព្រោះនៅពេលសត្វព្រៃបាត់បង់ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏បាត់បង់ទៅតាមហ្នឹងដែរ ដោយហេតុថា ភ្ញៀវទេសចរអន្តជាតិមួយចំនួនចង់មកលេងប្រទេសកម្ពុជា ដោយសារកម្ពុជាជាប្រទេសមួយដែលសម្បូរដោយធនធានធម្មជាតិ និងសត្វព្រៃ»៕

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?