ព័ត៌មានជាតិ
ផ្ទះបុរាណអាយុ ១០០ ឆ្នាំ នៅក្រុងបាត់ដំបងមាន ៨០០ ខ្នងផ្ទះ ជាគោលដៅទាក់ទាញទេសចរ
សំណង់អគារសម័យបុរាណជាច្រើន ដែលបានបន្សល់ទុកអស់រយះពេលចន្លោះពី ៩០ ទៅ ១០០ ឆ្នាំ នៅចំកណ្តាល បេះដូងនៃក្រុងបាត់ដំបងរហូតដល់បច្ចុប្បន្ន នៅតែបង្ហាញរូបរាងយ៉ាងស្រស់បំព្រងនិងកំពុងពេញនិយមក្នុងការទស្សនាកម្សាន្តពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ខណះបច្ចុប្បន្នអាជ្ញាធរបានយកចិត្តទុកដាក់ទៅលើបរិស្ថាននិងដងផ្លូវសាធារណះឲ្យមានភាពទូលាយ សម្រាប់បម្រើដល់ភ្ញៀវទេសចរអន្តរជាតិ ធ្វើដំណើរថ្មើរជើងដើម្បីទស្សនាអគារបុរាណ។

អតីតនាយកសាលាម្នាក់ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ គឺព្រឹទ្ធាចារ្យ ពុទ្ធ សំរិទ្ធ រស់នៅក្នុងក្រុងបាត់ដំបងបានលើកឡើងថា បើតាមលោកនៅចាំខ្លះៗ ការសាងសង់អគារបុរាណក្នុងក្រុងមាន ៣ ដំណាក់កាលពីគ្នា ហើយការសាងសង់ទៀតសោត ក៏មានទុកចន្លោះផ្លូវសម្រាប់ការដើរកម្សាន្ត និងសម្រាប់រថយន្តអគ្គិភ័យចេញចូលងាយស្រួលផងដែរ បើសិនមានករណីអគ្គីភ័យនោះគឺមានផ្លូវលេខ ១ កន្លះ និងលេខ ២ កន្លះ ដែលនេះជាការឆ្លាតវៃនិងជាលក្ខណះ ការពាររបស់បុរាណកាលណោះ។
ព្រឹទ្ធាចារ្យរូបនេះបន្តថា អគារផ្ទះល្វែងដែលបានសាងសង់ក្នុងក្រុងភាគច្រើនមានកម្រឹតត្រឹម ២ ជាន់ប៉ុណ្ណោះ មានទទឹង ៥ ម៉ែត្រ និង បណ្តោយ ២០ ម៉ែត្រ មានជញ្ជាំងជាប់គ្នា ដំបូលប្រកដោយក្បឿងដីឥដ្ឋ និងនៅផ្នែកខាងក្រោយនិងខាងមុខផ្ទះខ័ណ្ឌគ្នាដោយអណ្តូងខ្យល់ ហើយបង្អួច ទ្វារ និងជណ្តើរ ធ្វើអំពីឈើ តែខុសគ្នាត្រង់សម័យកាលបារាំងមានក្បាច់រចនាបថច្រើនជាងសម័យសង្គមរាស្ត្រនិយម។
លោកថា “និយាយទៅ ខ្ញុំសង្កេតឃើញ មានភាពខុសគ្នា ២ ត្រង់ថា សម័យបារាំងមានរូបចម្លាក់ក្បាច់ក្បូរច្រើន ហើយសម័យរាស្ត្រនិយមគឺមានលក្ខណះសាមញ្ញជាង”។



សំណង់អគារបុរាណក្នុងក្រុងមួយចំនួនត្រូវបានជួសជុលផ្នែកខ្លះៗ ដោយរក្សាទម្រង់ដើមដូចជាទ្វារធ្វើពីឈើ បង្អួច ជាដើមក៏ត្រូវបានលាបថ្នាំបន្ថែម។ បច្ចុប្បន្នអាជ្ញាធរខេត្តបានរៀបចំសណ្តាប់ធ្នាប់សាធារណះក្នុងក្រុងបានល្អប្រសើរជាងមុន សម្រាប់បម្រើដល់ភ្ញៀវធ្វើដំណើរទស្សនាអគារបុរាណចាប់ពីផ្លូវលេខ ១ រហូតដល់ផ្លូវលេខ ៣។ អ្វីដែលសំខាន់មានភាពស្មុគស្មាញ និងខ្វះសណ្តាប់ធ្នាប់នោះស្ថិតនៅផ្លូវលេខ១កន្លះ និង២កន្លះ ដែលក្នុងរយះពេលកន្លងទៅ ខ្វះការចូលរួមពីប្រជាពលរដ្ឋរស់នៅតែពេលនេះហាក់ខុសប្លែកពីគ្រានោះឆ្ងាយណាស់ ទាំងបរិស្ថានទាំងដងផ្លូវ សាធារណះក្នុងក្រុង។
លោក ហម អរុណ អនុប្រធាន នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា បច្ចុប្បន្នសំណង់អគារផ្ទះបុរាណ ដែលបានបន្សល់នៅក្នុងក្រុងបាត់ដំបងសរុបមានចំនួន ៨០០ខ្នងផ្ទះ ស្ថិតនៅក្នុងកណ្តាលនៃក្រុងបាត់ដំបង ចន្លោះពីផ្លូវលេខ ១ ដល់ផ្លូវលេខ៣ បូករួមទាំងនៅវត្តគរផង។
លោកថា ផ្ទះបុរាណនៅក្រៅពីក្រុងបាត់ដំបង ក៏មានច្រើនដែរដែលពលរដ្ឋកំពុងរស់នៅ ព្រោះផ្ទះទាំងនោះស្ថិតក្នុងរយះកាលក្រោម ៥០ ឆ្នាំ មិនចាត់ទុកជាផ្ទះបុរាណទេ បើចាប់ពីចន្លោះ៩០ ទៅ ១០០ ឆ្នាំ ទើបកំណត់ជាផ្ទះបុរាណនិងជាប្រវត្តិសាស្ត្រ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?