ព័ត៌មានជាតិ
ក្រសួងអប់រំ អនុវត្តផែនការធានាគុណភាពអប់រំសម្រាប់កុមារគ្រប់រូប និងកុមារមានពិការភាព
ក្រសួងអប់រំ យុវជន និងកីឡា ដាក់ឱ្យអនុវត្តផែនការសកម្មភាព ស្តីពី ការអប់រំបរិយាបន្ន រយៈពេល ៥ ឆ្នាំ ដើម្បីធានាឱ្យមានការអប់រំប្រកបដោយគុណភាពសម្រាប់កុមារគ្រប់រូប រួមទាំងកុមារមានពិការភាព។ នេះបើតាមការផ្ដល់ព័ត៌មានពី ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/449134479_872464241573667_434682558499858625_n-1024x682.jpg)
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ អង្គការយូនីសេហ្វប្រចាំកម្ពុជា បានរៀបចំពិធីបើកសិក្ខាសាលាដាក់ឱ្យអនុវត្តផែនការសកម្មភាព ស្ដីពី ការអប់រំបរិយាបន្ន (២០២៤-២០២៨) ស្ថិតក្រោមអធិបតី លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពី បណ្ឌិត ហីរ៉ូយូគី ហាត់តូរី (Hiroyuki Hattori) ប្រធានកម្មវិធីអប់រំអង្គការយូនីសេហ្វប្រចាំកម្ពុជា ថ្នាក់ដឹកនាំរាជធានីខេត្ត មន្រ្តីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ទីភ្នាក់ងារសហប្រជាជាតិ ព្រមទាំងសិស្សមានពិការភាព តំណាងមាតាបិតា និងគ្រូបង្រៀន ដែលចូលរួមផ្ទាល់ចំនួនសរុបជាង ១៥០នាក់ និងចូលរួមតាមប្រព័ន្ធវីដេអូអនឡាញ (ZOOM) មានចំនួនជាង ៤០០ នាក់។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/449438258_872464404906984_7012977514902548719_n-1024x682.jpg)
លោក សេរី ជំនះ រដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការអនុវត្តផែនការសកម្មភាព ស្តីពី ការអប់រំបរិយាបន្ន២០១៩-២០២៣ ដើម្បីគាំទ្រយុទ្ធសាស្រ្ត គោលនយោបាយ ស្តីពី ការអប់រំបរិយាបន្នឆ្នាំ២០១៨ បាននាំមកនូវវឌ្ឍនៈភាពគួរកត់សម្គាល់។ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់បញ្ចូលមុខវិជ្ជាអប់រំបរិយាបន្នទៅក្នុងកម្មវិធីបណ្តុះបណ្តាលនៅ តាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិត និងបានបណ្តុះបណ្តាលគ្រូជំនាញ និងអប់រំបរិយាបន្នប្រមាណ ៤០០០ នាក់ សម្រាប់វិទ្យាល័យអប់រំពិសេស ថ្នាក់សមាហរណកម្ម និងថ្នាក់អប់រំបរិយាបន្ននៅទូទាំងប្រទេស។ ក្រសួងបានសហការជាមួយដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ និងសហគមន៍ អនុវត្តកម្មវិធីអប់រំបរិយាបន្ននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ការអប់រំតាមផ្ទះ ដើម្បីផ្តល់សេវាគាំទ្រកុមារមានពិការភាព ប្រមាណ ១៦ ០០០ នាក់។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/449204623_872464364906988_1526578506435304701_n-1024x682.jpg)
រដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា ផែនការសកម្មភាព ស្តីពី ការអប់រំបរិយាបន្ន ២០២៤-២០២៨ ជាសមិទ្ធផលថ្មីដ៏មានសារៈសំខាន់មួយទៀតនៅក្នុងវិស័យអប់រំកម្ពុជា។ សមិទ្ធផលនេះ បានបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងធានាឱ្យមានការផ្ដល់សេវាអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌សម្រាប់ទាំងអស់គ្នា ស្របតាមគោលដៅអភិវឌ្ឍន៍ដោយចីរភាពទី៤។ ការអប់រំប្រកបដោយបរិយាបន្ន សម្រាប់មនុស្សមានពិការភាព ផ្តល់នូវឱកាសស្មើភាពគ្នា និងទទួលស្គាល់នូវសារៈសំខាន់នៃការចូលរួមចំណែករបស់ពួកគេ ទៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេស។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/449329915_872464191573672_8807325727911529766_n-1024x682.jpg)
ផែនការសកម្មភាព ស្ដីពី ការអប់រំបរិយាបន្ន ២០២៤-២០២៨ នេះ មានគោលបំណងសម្រេចគោលដៅធំៗចំនួន៣ ទី១. ផែនការសកម្មភាពនេះផ្ដោតលើការផ្លាស់ប្តូរឥរិយាបថសង្គម ដើម្បីលើកកម្ពស់បរិយាបន្ន និងបង្ការការមាក់ងាយ និងការរើសអើង។ ទី២. ផែនការសកម្មភាពនេះមានគោលបំណងផ្ដល់នូវឧបករណ៍ និងការគាំទ្រដែលចាំបាច់ តាមរយៈការធានាលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យា និងសេវាផ្តល់ជំនួយ។ ទី៣. ផែនការនេះគូសបញ្ជាក់ពីកិច្ចសហការរវាងស្ថាប័ននានារបស់រាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីកសាងបរិយាកាសប្រកបដោយបរិយាបន្ន និងមានការគាំទ្រគ្រប់ជ្រុងជ្រោយដល់កុមារមានពិការភាព។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/449286965_872464331573658_8678365513796321111_n-1024x682.jpg)
បណ្ឌិត ហីរ៉ូយូគី ហាត់តូរី ប្រធានផ្នែកអប់រំនៃអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា បានលើកឡើងថា ផ្អែកតាមស្ថិតិពិការភាពរបស់សកលលោកបង្ហាញថា កុមារពិការជួបប្រទះបញ្ហាប្រឈមជាច្រើនចំពោះការអប់រំ ដូចជាឥរិយាបថអវិជ្ជមាន ការរើសអើង និងកង្វះសមត្ថភាពក្នុងការផ្តល់ការអប់រំបរិយាបន្ននៅក្នុងសាលារៀន។ ការលំបាកទាំងនេះទាមទារការខិតខំប្រឹងប្រែងរួមគ្នាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/449287574_872464278240330_202193839284113046_n-1024x682.jpg)
លោកបានកោតសរសើរចំពោះ ក្រសួងអប់រំ យុវជន និងកីឡា ចំពោះការរីកចម្រើនខ្លាំងដោយបានចុះឈ្មោះកុមារមានពិការភាពប្រមាណ ១៦ ០០០ នាក់ក្នុងមួយឆ្នាំៗ។ ផែនការសកម្មភាពថ្មី ស្តីពី ការអប់រំបរិយាបន្ន ២០២៤-២០២៨ ស្វែងរកការពង្រឹងប្រព័ន្ធអប់រំប្រកបដោយគុណភាព សមភាព និងបរិយាបន្នសម្រាប់កុមារគ្រប់រូប។
លោកបណ្ឌិត បានបញ្ជាក់បន្ថែមទៀតថា យូនីសេហ្វប្រចាំកម្ពុជា រួមនឹងដៃគូអភិវឌ្ឍន៍ បាន និងកំពុងគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអនុវត្តគំនិតផ្ដួចផ្ដើមនេះ ស្របតាមគោលដៅអភិវឌ្ឍន៍ដោយចីរភាពទី៤ ដែលមានគោលបំណងធានាឱ្យមានការផ្តល់ការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌សម្រាប់ទាំងអស់គ្នា។ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ កម្មវិធីអប់រំរបស់អង្គការយូនីសេហ្វនឹងផ្តោតលើ៖
![](https://www.kampucheathmey.com/wp-content/uploads/2024/06/449295418_872464598240298_2472192057065503534_n-1024x682.jpg)
១. ការធ្វើឱ្យប្រសើរឡើងទិន្នន័យស្តីពីកុមារពិការ ដើម្បីណែនាំការបង្កើតគោលនយោបាយ និងការតស៊ូមតិសម្រាប់សិទ្ធិកុមារមានពិការភាព និងបង្កើនលទ្ធភាពទទួលបានការអប់រំបរិយាបន្នប្រកបដោយគុណភាពខ្ពស់។
២. ការលើកកម្ពស់ប្រព័ន្ធអប់រំ សមត្ថភាព និងជំនាញ ដើម្បីពង្រីក និងផ្តល់សេវាអប់រំបរិយាបន្នសម្រាប់កុមារទាំងអស់ ជាពិសេសកុមារមានពិការភាព។
៣. ធ្វើការជាមួយសហគមន៍ដើម្បីបង្កើនការយល់ដឹង និងលើកកម្ពស់ការផ្លាស់ប្តូរសង្គម និងអាកប្បកិរិយាជាវិជ្ជមានចំពោះការអប់រំបរិយាបន្ន។
៤. អភិវឌ្ឍភាពជាដៃគូដ៏រឹងមាំជាមួយរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន និងសហគមន៍ ដើម្បីគាំទ្រសេវាអប់រំបរិយាបន្នសម្រាប់កុមារមានពិការភាព។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/449100202_872464114907013_1883400247757321956_n-1024x682.jpg)
គួរបញ្ជាក់ថា នៅទូទាំងសកលលោក ក្នុងចំណោមកុមារ ១០ នាក់មានកុមារម្នាក់ មានពិការភាព ដែលសរុបមានចំនួន ២៤០ លាននាក់ ក្នុងនោះជិតពាក់កណ្តាលរស់នៅតំបន់អាស៊ីអាគ្នេយ៍។ នៅកម្ពុជា ក៏ដូចជាប្រទេសជាច្រើនក្នុងសកលលោកដែរ គឺកុមារមានពិការភាពមានលទ្ធភាពបានចូលរៀនតិចជាងកុមារគ្មានពិការភាព និងមានគម្លាតខុសគ្នា នៃការចូលរៀន និងការបញ្ចប់ការសិក្សា រវាងកុមារមានពិការភាព និងកុមារគ្មានពិការភាព។ កម្មវិធីប្រកាសដាក់ឱ្យអនុវត្តផែនការសកម្មភាពនេះ ជាសមិទ្ធផលថ្មីដ៏សំខាន់មួយទៀតនៅក្នុងវិស័យអប់រំកម្ពុជា ដែលបានរំលេចឱ្យឃើញពីភាពចាំបាច់បន្ទាន់ក្នុងការផ្តល់ការអប់រំបរិយាបន្ននៅកម្ពុជា។ យោងតាមជំរឿនទូទៅប្រជាជននៅកម្ពុជាឆ្នាំ២០១៩ មានពលរដ្ឋអាយុចាប់ពី ៥ ឆ្នាំឡើងចំនួន ៦៨៩ ៥៣២ នាក់មានពិការភាព ដែលនៅក្នុងនោះប្រហែល ៣៧ ៥០០ នាក់ ជាកុមារអាយុចាប់ពី ៥ ដល់ ១៤ ឆ្នាំ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/06/449284683_872464118240346_1720508584226721999_n-1024x682.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?