ព័ត៌មានជាតិ
អនុប្រធានបក្សប្រជាជន ដាស់តឿនមន្ត្រីឱ្យធ្វើអំពើល្អ ដើម្បីទទួលបានការគាំទ្រពីពលរដ្ឋ
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានដាស់តឿនដល់មន្ត្រីរបស់បក្ស ត្រូវតែប្រព្រឹត្តអំពើល្អ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ កុំបានអំណាចហើយ ធ្វើសកម្មភាពផ្តេសផ្តាស ដែលជះឥទ្ធិពលមិនល្អដល់កិត្តិយសបក្ស។

«យើងគប្បីនៅចាំគោលការណ៍ជាមូលដ្ឋានរបស់គណបក្សយើង គឺធ្វើអំពើល្អ…ធ្វើអំពើល្អនឹងទទួលបាននូវការគាំទ្រ ផ្តល់យុត្តិធម៌ពិតប្រាកដពីអ្នកបោះឆ្នោត និងពីប្រជាពលរដ្ឋ។ យើងបានអំណាចហើយ យើងមិនត្រូវមានមោទនភាព ធ្វើសកម្មភាពផ្តេសផ្តាសដោយមិនទទួលខុសត្រូវនោះទេ»។ នេះជាសារដាស់តឿនរបស់សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង។
សាររបស់សម្ដេច ស ខេង ស្របគ្នានឹងសាររបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានណែនាំឱ្យរាំងស្កាត់ដោយម៉ឺងម៉ាត់ចំពោះបាតុភាពអសកម្មរបស់មន្ត្រី ដែលបំពានលើគោលការណ៍គណបក្ស និងច្បាប់រដ្ឋ ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងប្រយោជន៍របស់ប្រជាជន។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មន្ត្រីបក្សនៅគ្រប់ថ្នាក់ដែលមានភាពរឹងមាំ និងស្អាតស្អំ គឺជាកត្តាគន្លឹះដ៏សំខាន់នៃជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ព្រោះថា មន្ត្រីបក្សជាស្ពានតភ្ជាប់រវាងគណបក្សជាមួយប្រជាជនដោយផ្ទាល់ ហើយជាកម្លាំងដឹកនាំ ជាកម្លាំងជំរុញ និងអនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្ស។

ប្រធានគណបក្សប្រជាជន សម្ដេចតេជោ បានសង្កត់ធ្ងន់នៅចំពោះមុខអង្គមីទ្ទិញខួបទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា រាជធានីភ្នំពេញ ថា៖ «ប្រជាជនកម្ពុជា ត្រូវការការដឹកនាំរបស់គណបក្ស គាំទ្រគណបក្ស ប៉ុន្តែអ្វីដែលប្រជាជនមិនសប្បាយចិត្ត គឺទង្វើខុសឆ្លងរបស់មន្ត្រីគណបក្សមួយចំនួន ដែលនោះ ខ្ញុំអំពាវនាវចំពោះមន្ត្រីគណបក្សទាំងអស់ចូលធ្វើសកម្មភាពបម្រើប្រជាជនដោយស្មោះ យើងជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជននោះឡើយ»។
បន្ថែមពីលើការណែនាំឱ្យមន្ត្រីប្រព្រឹត្តអំពើល្អជាមួយពលរដ្ឋ សម្ដេច ស ខេង ក៏បានស្នើឱ្យគណបក្សគ្រប់ជាន់ថ្នាក់ត្រូវតែរៀបចំពិនិត្យឡើងវិញនូវអង្គការចាត់តាំងរបស់គណបក្ស។ ក្នុងន័យនេះ សម្ដេច ស ខេង ថា មិនមែនឱ្យកែសម្រួលរចនាសម្ព័នទេ តែជាការរៀបចំពិនិត្យឡើងវិញអំពីសមាសភាព ហើយសមាសភាពទាំងនោះត្រូវជាអ្នកមានសមត្ថភាព និងឆន្ទៈមុះមុត ដើម្បីធ្វើការងារ និងត្រូវធ្វើបច្ចុប្បន្នភាពចំពោះសមាជិកគណបក្ស។

ចំពោះមុខបញ្ហាជាក់ស្តែងដែលត្រូវយកចិត្តទុកដាក់នៅនឹងមូលដ្ឋានសព្វថ្ងៃនេះ ក៏ដូចជាកន្លងមក និងបន្តទៅមុខទៀតនោះ សម្ដេចអនុប្រធានគណបក្សប្រជាជន គូសបញ្ជាក់ថា ជារួមត្រូវបន្តគាំទ្រនូវកម្មវិធីនយោបាយ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ជាពិសេសការបន្តអនុវត្តកំណែទម្រង់ ដែលរដ្ឋាភិបាលបានកំណត់ គឺកំណែទម្រង់លើគ្រប់វិស័យ ហើយនិយាយដោយឡែក កំណែទម្រង់ថ្នាក់ក្រោមជាតិ ដែលនៅតែមានសារៈសំខាន់ និងមិនអាចបោះបង់ចោលបាន។
ក្នុងនោះ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺនៅតែជាកិច្ចការដ៏ចាំបាច់ ធ្វើយ៉ាងណាលុបបំបាត់គ្រឿងញៀន លុបបំបាត់ក្មេងទំនើង លុបបំបាត់ល្បែងស៊ីសងខុសច្បាប់ ជាដើម៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ