ព័ត៌មានជាតិ
រថយន្តដឹកទំនិញ រត់សាកល្បងជោគជ័យពីទីក្រុងគុនមីនប្រទេសចិន មកដល់រាជធានីភ្នំពេញ
អនុវត្តតាមកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គ (ហៅកាត់ថា GMS CBTA)ដំណើរការរត់សាកល្បងរថយន្តដឹកទំនិញ (EH Trial Run) ពីទីក្រុងគុនមីន ប្រទេសចិន ឆ្លងកាត់ប្រទេសឡាវ ប្រទេសថៃ បានមកដល់រាជធានីភ្នំពេញដោយជោគជ័យ។
ក្បួនរថយន្តចំនួន ០៧ គ្រឿង បានធ្វើដំណើរចំណាយជាង ២ ០០០ គ.ម ដោយមានទាំងយានយន្តដឹកទំនិញ ០៥ គ្រឿង បានដឹកបន្លែស្រស់ សម្ភារការិយាល័យ គ្រឿងសង្ហារិម និងយានយន្តដឹកអ្នកដំណើរចំនួន ០២ គ្រឿងទៀត បានដឹកប្រតិភូមហាអនុតំបន់មេគង្គ ប្រតិបត្តិករដឹកជញ្ជូន អ្នកជំនាញការ និងអ្នកកាសែតសម្រាប់ចូលរួមដំណើរការរត់សាកល្បងនេះ។
តាមកិច្ចព្រមព្រាងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គ ប្រទេសជាសមាជិក GMS មានកូតាយានយន្តចំនួន ៥០០ គ្រឿង (យានយន្តដឹកទំនិញ និងយានយន្តដឹកអ្នកដំណើរ) ដែលអនុញ្ញាតឱ្យដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមបណ្តាញផ្លូវតភ្ជាប់ប្រទេស GMS ទាំង ៦ (រួមមាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម)។
កិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គ (GMS CBTA) អាចជួយឱ្យប្រតិបត្តិករដឹកជញ្ជូន កាត់បន្ថយពេលវេលាសម្រាប់ការជម្រះបែបបទពាក់ព័ន្ធ ឬនីតិវិធីឆ្លងកាត់ព្រំដែនជាអន្តរជាតិ ដោយមិនតម្រូវឱ្យមានការលើកដាក់ទំនិញឡើងវិញ។ ចំពោះអ្នកដំណើរនៅតែអាចអង្គុយលើយានយន្តដឹកអ្នកដំណើរនោះដដែល។
ឧកញ៉ា បណ្ឌិត សុិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អេចប្រេស ខេមបូឌា និងជាអ្នកជំនាញវិជ្ជាជីវៈក្នុងវិស័យដឹកជញ្ជូន និងភស្តភាកម្មក្នុងក្រុមប្រឹក្សាភិបាលនៃសមាគមភស្តុភាកម្មកម្ពុជាបានឲ្យកម្ពុជាថ្មីដឹងថា ជារឿងល្អដែលកម្ពុជាត្រូវតែស្វែងយល់ពីកិច្ចព្រមព្រៀងដឹកជញ្ជូននេះដោយយកចិត្តទុកដាក់បំផុត។
ការធ្វើពាណិជ្ជកម្មមិនថាតែជាមួយប្រទេសចិននិងពិភពលោក មានពាក់ព័ន្ធប្រព័ន្ធមធ្យោបាយដឹកជញ្ជូនសំខាន់ចំនួន ៣។ មានទំនិញខ្លះមិនអាចដឹកជញ្ជូនតាមយន្តហោះបានទេ ទំនិញខ្លះក៏មិនអាចដឹកជញ្ជូនតាមផ្លូវទឹកបានស្រួលដែរ អីចឹងត្រូវប្រើប្រាស់ផ្លូវគោក។ បើតាមឧកញ៉ា ស៊ិន ចន្ធី ការសិក្សាមធ្យោបាយដឹកជញ្ជូន កុំមើលតែមួយផ្នែក ត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយទាំងផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក។
យ៉ាងណាមិញ ឧកញ៉ាបណ្ឌិត សុិន ចន្ធី ដែលបានចូលរួមសិក្សាពីកិច្ចព្រមព្រៀងដឹកជញ្ជូននេះបានបន្ថែមថា ការសាកល្បងនេះគ្រាន់តែជាការបើកផ្លូវ នៅមិនទាន់សិក្សាលម្អិតពីតម្លៃដឹកជញ្ជូននៅឡើយទេ។ ជាបទពិសោធន៍ការដឹកជញ្ជូនតាមផ្លូវគោកគឺប្រសើរជាងផ្លូវអាកាស ប៉ុន្តែលោកទទួលស្គាល់ថាក៏មិនថោកជាងការដឹកជញ្ជូនតាមផ្លូវទឹកដែរ ប៉ុន្តែការដឹកជញ្ជូនតាមផ្លូវគោក អាចចំណាយពេលតិចជាងនិងប្រសិទ្ធភាពជាង។
មហាអនុតំបន់មេគង្គ គឺជាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមួយដែលមានសមាជិកចំនួន ០៦ ប្រទេស រួមមាន៖ ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន (ខេត្តយូណាន និងតំបន់ស្វយ័តក្វាងស៊ីជុង) សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា ព្រះរាជាណាចក្រថៃ និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
ចំពោះកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គ (ហៅកាត់ថា GMS CBTA) គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយរបស់មហាអនុតំបន់មេគង្គ (GMS) ដែលបង្កើតឡើងក្នុងគោលបំណងដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូនផ្លូវគោកជាអន្តរជាតិ និងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជាសមាជិក GMS ជាធ្លុងមួយឱ្យអស់ពីលទ្ធភាព ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវថ្នល់។
គួរបញ្ជាក់ថា ពិធីទទួលស្វាគមន៍ក្បួនរថយន្តរត់សាកល្បង EH Trial Run ពីទីក្រុងគុនមីន (ប្រទេសចិន) ឆ្លងកាត់តាមប្រទេសឡាវ ប្រទេសថៃ មករាជធានីភ្នំពេញបានធ្វើឡើងកាលពីសប្តាហ៍មុននេះ ដោយមានការចូលរួមពីមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជាដែលតំណាងដោយលោក តូច ចាន់កុសល រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ មន្ត្រីជាន់ខ្ពស់ក្រសួងដឹកជញ្ជូនសាធារណរដ្ឋប្រជាមានិតឡាវ ប្រធានប្រតិភូនៃក្រសួងដឹកជញ្ជូនចិន តំណាងធនាគារអភិវឌ្ឍន៍អាស៊ី ប្រតិភូតំណាងប្រទេសចិន កម្ពុជា ឡាវ ថៃ និងទីប្រឹក្សានៃគម្រោងផងដែរ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»