Connect with us

ព័ត៌មានជាតិ

វឌ្ឍនភាព​សំណង់ព្រះពុទ្ធបដិមានៅភ្នំសំពៅ ​អូស​បន្លាយ​ពេល​​ជិត ២០ ឆ្នាំ នៅ​មិន​ទាន់​ដឹង​បញ្ចប់​នៅ​ពេល​​ណា?

បានផុស

នៅ

រូប​ព្រះពុទ្ធបដិមាឆ្លាក់នៅលើជញ្ជាំងភ្នំសំពៅ​ ត្រូវបានមន្ត្រីនៃមន្ទីរវប្បធម៌ខេត្តបាត់ដំបង​​ទទួល​ស្គាល់​ថា ជា​ចម្លាក់ព្រះពុទ្ធរូប​​ដ៏ធំអស្ចារ្យ​មិនធ្លាប់​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​នឹងក្លាយ​ជារូបចម្លាក់​ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាមួយបន្ថែមទៀត ក្នុងរយៈពេលរាប់រយឆ្នាំតទៅមុខទៀត ក្រោយ​ការសាងសង់រួចរាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា​សំណង់​សាសនា​ដ៏​ធំនេះ​ដែល​បាន​ជួយ​ទាក់ទាញ​ចំណាប់​អារម្មណ៍ពីស្រទាប់​មនុស្ស​គ្រប់ជាតិសាសន៍​មកទស្សនា និងស្វែងយល់​អំពីពុទ្ធប្រវត្តិផ្សេងៗ​ពាក់ព័ន្ធវិស័យ​សាសនារបស់កម្ពុជា បាន​ចាយ​ពេល​ជាង ២០ ឆ្នាំ នៅ​មិន​ទាន់​កំណត់​អាច​បញ្ចប់​ទាំង​ស្រុង​នៅ​ពេលណានោះទេ។

តាម​រយៈ​កម្ពុជាថ្មី ប្រជាពលរដ្ឋរស់នៅ​ក្នុងឃុំ ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បាន​ស្នើឲ្យរដ្ឋបាល​ខេត្តបាត់ដំបង និងមន្ទីរពាក់ព័ន្ធមេត្តាជួយជំរុញ ក្រុមជាងធ្វើ​យ៉ាងណា​សាងសង់ឲ្យបានរួចរាល់ និង​ឆាប់បានតុបតែង​លាបពណ៌ ដើម្បីទាក់ទាញអារម្មណ៍ភ្ញៀវទេសចរបរទេសឲ្យមកទស្សនា ខណះ​ពលរដ្ឋ​រិះគន់ថា ការសាងសង់រូបដិមារាប់សិបឆ្នាំមិនចេះរួចរាល់នេះ បាន​កំពុង​ធ្វើឲ្យប៉ះពាល់​ដល់អារម្មណ៍ភ្ញៀវក្រៅនិងក្នុងស្រុកយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។

លោក សាវឿន ជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋក្នុងមូលដ្ឋានបានលើកឡើងថា “តាមខ្ញុំសង្កេត​មើល ភ្ញៀវទេសចរ ទាំងខ្មែរក្នុងស្រុកនិងបរទេស ហាក់មានការធុញទ្រាន់ក្នុងការ​សាងសង់​ព្រះពុទ្ធ​រូបនេះ។ ខ្ញុំធ្លាប់ចេះអង់គ្លេសតិចតួច ខ្ញុំបានស្តាប់ជនបរទេសនិយាយគ្នាថា ហេតុអីបានធ្វើមិនចេះ​រួចរាល់​ចឹង មួយឆ្នាំមកលេងម្តង នៅតែ​ឃើញដដែលៗ ខ្ញុំខ្មាស​ជនបរទេសនោះដែរ តែមិនដឹង​ធ្វើ​ម៉េច។ ពេលនេះមានតែពួកខ្ញុំសំណូមពរតាមអ្នកកាសែតឲ្យរដ្ឋបាលខេត្ត​និងមន្ត្រី​ពាក់ព័ន្ធជួយ​ជំរុញក្រុម​ជាងតែប៉ុណ្ណោះ” ។

ចំណែកពលរដ្ឋម្នាក់ទៀតគឺ អ្នកស្រី សោភ័ណ្ឌ ក៏បាន​បញ្ចេញមតិដែរថា អ្នកស្រីសង្ឃឹមថា បើសិន​ជារូបបដិមា​នេះធ្វើរួចរាល់ លាបពណ៌បានស្អាតហើយ ភ្ញៀវទេសចរទាំងក្នុង​និងក្រៅស្រុកអាច​នឹងមកទស្សនា និងគោរព​ប្រតិបត្តិច្រើន។

អ្នកស្រីបន្តថា “កុំថាតែភ្ញៀវទេសចរ សូម្បីពួកខ្ញុំក៏មានការធុញទ្រាន់ដែរ វាមិនដែលមាន​គ្រាន់តែរូប​១​សោះ ធ្វើរយះពេលយូរឆ្នាំយ៉ាងហ្នឹង។ ខ្ញុំក៏ធ្លាប់ឃើញ គេសាងសង់រូបនៅលើផ្ទាំងថ្មដូចគ្នា ហើយរូប​ធំជាង​នេះផង យ៉ាងយូរ ១ ទៅ ២ ឆ្នាំគឺរួចរាល់ តែនេះជាង ១០ ឆ្នាំ ដូចចម្លែក​ពេក ហើយ​អាជ្ញាធរ​ពាក់ព័ន្ធធ្វើដូចជាធម្មតាអត់ខ្វល់”។

យុវតី ឌីណា ក៏បានបញ្ចេញយោបល់ដែរថា “ភ្នំសំពៅបច្ចុប្បន្ន ហាក់ដូចជាកន្លែង​ឋានសុខ​សម្រាប់​ពលរដ្ឋអ៊ីចឹង។ ខ្ញុំពេលទំនេរទៅអង្គុយមើលទេសភាព និងរូបព្រះនឹងដែរ។ ខ្ញុំសម្លឹងយូរ​ទៅ​ហាក់​ធ្វើឲ្យអារម្ភណ៍​ជ្រះថ្លានិង​ស្ងប់ស្ងាត់ បើសិនជាបានរួចរាល់ ហើយផាត់ពណ៌ល្អ ខ្ញុំថា​អ្នកណា​ក៏ចង់មក​មើលនិងគោរពប្រតិបត្តិដែរ។ ខ្ញុំអត់យល់​ថាហេត្វ​អីបានធ្វើយឺត​ចឹង​ទេ” ។

លោកមេឃុំភ្នំសំពៅទើបកាន់តំណែងថ្មីបានប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្នបាន​ធ្វើរួចរាល់​ហើយ នៅតែ​សំអាតបន្តិច​បន្តួចប៉ុណ្ណោះ។

ការលើកឡើងពីលោកមេឃុំ ហាក់​ផ្ទុយពីការពិនិត្យឃើញពីមន្ត្រីនៃមន្ទីទេសចរណ៍ខេត្តដោយលើកឡើងថា ក្រុមជាងហាក់មិនយកចិត្តទុកដាក់ ហើយ​បើ​តាម​ភាពជាក់ស្តែង​អាច​​ពន្យាពេល​រាប់សិបឆ្នាំទៀត។

មន្ត្រីសុំ​មិន​បញ្ចេញឈ្មោះ​រូបនេះ​ថា “ការសាងសង់​យឺតនេះ ខ្ញុំអត់យល់។ តែបើតាមខ្ញុំស្មាន មានចេតនាពន្យារ​ពេល ដើម្បី​​ទាញ​ប្រយោជន៍ពីការសាងសង់”។

ទន្ទឹមគ្នានេះ លោក ឆាយ ម៉ាទីណា អភិបាលរងខេត្តបាត់ដំបងទទួលបន្ទុកផ្នែកទេសចរណ៍ និង​បរិស្ថាន បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីនៅថ្ងៃនេះដែរ​ថា លោកឯកភាពជាមួយ​ការរិះគន់​របស់​ប្រជាពលរដ្ឋតែ​លោក​ថា លោកកំពុងយកចិត្តទុកដាក់​លើបញ្ហានេះ ដោយលោក​បានផ្អាក​ក្រុម​ជាង​ទាំងនោះ​ហើយ។

លោកក៏បានសុំយោបល់ពីលោក​អភិបាលខេត្ត ដើម្បីបង្កើត​ក្រុម​គណះកម្មាការច្បាស់លាស់​មួយ ដើម្បីគ្រប់គ្រង​កញ្ចប់ ថវិកាពីសប្បុរសជន។

លោកថា ម្ចាស់​គម្រោងដែលជាសប្បុរសជនគឺមិន​មាន​ថវិកាបន្តទេ និយាយជារួមគឺធ្វើតាមថវិការបស់​សប្បុរសចូលរូម​ពេលពួកគេទៅទស្សនា។ តែពេលនេះ​លោកបានស្នើ​ដល់លោកអភិបាលខេត្ត ដើម្បីឲ្យមានការបង្កើតជា​គណះកម្មការមួយ តាម​រយះ​អាជ្ញាធរ​ស្រុកឲ្យបានច្បាស់លាស់​ ក្នុងការទ្រទ្រង់ការ​សាងសង់បន្តឲ្យបានរួចរាល់​ក្នុងពេល​ដ៏ខ្លីខាងមុខនេះ ។

លោកគួសបញ្ជាក់ថា ដោយសារតែមើលឃើញ រមនីយដ្ឋាន​ភ្នំសំពៅមាន​សក្តានុពលសម្បូរបែប​ផ្នែកទេសចរណ៍ ដែលកំពុងមានភាពទាក់ទាញនិងល្បីល្បាញ រដ្ឋបាលខេត្តបាន​ឯកភាពជាមួយ​មន្ត្រីនៃមន្ទីរពាក់ព័ន្ធ នឹងបន្តសាងសង់រូបបដិមា បន្ថែមទៀត ដើម្បីលើកកម្ពស់​វិស័យ​ព្រះពុទ្ធ​សាសនា តាមរយះរមនីយដ្ឋាន​ភ្នំសំពៅដ៏ល្បីល្បាញមួយនេះ។

លោកថា បច្ចុប្បន្នមានសប្បុរសធម៌​មួយចំនួនកំពុងគាំទ្រគម្រោងនេះ ទើបលោក​បង្កើតក្រុម​គណះកម្មការច្បាស់លាស់​មួយ ដើម្បីគ្រប់គ្រងរាល់ថវិកាពីសប្បុរសជន ក្នុងនោះ​លោក​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋាន​ផ្ទាល់ ជួយទៅតាមសិទ្ធាជ្រះថ្លារៀងៗខ្លួ ​ទោះ​តិចច្រើនក្តី ដើម្បី​ទុក​ទុក​មរតក​ប្រវត្តិសាស្ត្រ។

ចម្លាក់ដាប់ឆ្លាក់ជាប់ផ្ទាំងថ្មនៅលើជញ្ជាំងភ្នំសំពៅ ស្ថិតក្នុងទឹកដីខេត្តបាត់ដំបង ជាចម្លាក់​អំពី​ពុទ្ធ​ប្រវត្តិចាប់ពីទ្រង់ប្រសូត្រ ត្រាស់ដឹង និងចូលនិព្វាន របស់ព្រះពុទ្ធ ដែល​ពលរដ្ឋក្នុង​មូលដ្ឋានបាន​អះអាង​ថា ចាប់ផ្តើមសាងសង់ស្ថាបនាឡើងក្នុងឆ្នាំ ២០០៣ រហូតដល់បច្ចុប្បន្ន ជាង ២០ ឆ្នាំ។

រូបបដិមាដ៏ធំនៅចំកណ្ដាលឆ្លាក់ជាព្រះពុទ្ធទ្រង់ត្រាស់ដឹងតាមការគ្រោងទុក ប៉ុន្តែជាងធ្វើចេញជារូបព្រះពុទ្ធផ្ចាញ់​មារទៅវិញ។ ក្នុងនោះក៏មានចម្លាក់ ២ អមសងខាង ដោយចម្លាក់នៅខាងស្ដាំដៃ បង្ហាញ​ពីទ្រង់ប្រសូត្រ និងខាងឆ្វេង ចម្លាក់រូបទ្រង់ចូលនិព្វាន។

បើតាមក្រុមជាង ការសាងសង់ស្ថាបនារូបព្រះពុទ្ធទាំង ៣ ផ្ទាំងនោះ ក្រោមការជួយជ្រមជ្រែង​ឧបត្ថម្ភថវិកា​ពីសប្បុរសជននានា ក្នុងនោះក៏មានលោកមហាឧបាសក តាំង ម៉េងហ៊ុន លោកជំទាវ​ឧកញ៉ា ឌី ប្រឹម និងលោក សំ តាំហន។

ដោយសារខ្វះខាតថវិកាឧបត្ថម្ភពីសប្បុរសជនផង ដំណើរការចម្លាក់ថ្មភ្នំនេះក៏ត្រូវបានផ្អាកជា​បណ្ដោះអាសន្ន​ក្នុងឆ្នាំ ២០១០ អស់រយះពេល ០៨ ឆ្នាំ ទើបចាប់ផ្ដើមដំណើរការឡើងវិញ​ក្នុងឆ្នាំ ២០១៨ ក្រោមគម្រោងឧបត្ថម្ភថវិកាទាំងស្រុងពីលោកឧបាសក តាំង ម៉េងហ៊ុន លោកជំទាវឧកញ៉ា ឌី ប្រឹម និង លោកសំ តាំហន តាមរយះការគៀងគរពីសប្បុរសជនក្នុង​និងក្រៅស្រុក។

តែមកដល់បច្ចុប្បន្នក៏ត្រូវបានប្រឈមថវិកាម្តងទៀត ទើបបង្កឲ្យមានការ​ស្ថាបនាយឺតយ៉ាវ​បែបនេះ។

បើទោះបីយ៉ាងណា រមនីយដ្ឋានធម្មជាតិប្រវត្តិសាស្ត្រភ្នំសំពៅនៅ​តែ​ទទួលបានភាព​ល្បីល្បាញនិង​ទាក់ទាញ ភ្ញៀវទេសចរ ក្នុងនិងក្រៅស្រុក​មកទស្សនាច្រើន​ ផ្តើមចេញពីហ្វូងសត្វ​ប្រចៀវ​ដែលជាដើមចមនៃការទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិយ៉ាង​ផុសផុលឲ្យមក​ទស្សនា​រមនីយដ្ឋាន​មួយនេះ ដែលជាតំបន់ទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រនៅលើទឹកដីអាណាចក្រ​​ខេត្ត​បាត់ដំបង ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម