ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់អភិបាលខេត្តកណ្តាលថ្មីបង្ក្រាបក្មេងទំនើងឱ្យមានប្រសិទ្ធភាព តាមបទបញ្ជានាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំដល់លោក គួច ចំរើន ដែលមកកាន់ជាអភិបាលខេត្តកណ្ដាលថ្មី ឱ្យខិតខំបង្កើនការបង្ក្រាបក្រុមក្មេងទំនើងក្នុងភូមិសាស្ត្រខេត្តកណ្ដាលឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជារបស់នាយករដ្ឋមន្ត្រី។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលខេត្តកណ្ដាល ដែលត្រូវដឹកនាំដោយអភិបាលខេត្តថ្មី គឺលោក គួច ចំរើន ត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយត្រូវផ្ដោតលើការបង្ក្រាបបទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ការលាងសម្អាតប្រាក់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ពិសេសថ្មីៗនេះ គឺបញ្ហាក្មេងទំនើងឱ្យមានប្រសិទ្ធភាពតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញនាពេលកន្លងមក។
ជាការរម្លឹក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច ពិសេសអភិបាលរាជធានី-ខេត្តទាំងអស់ ដែលជាប្រធានគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត បន្តទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងដែលបង្កអសន្តិសុខនៅក្នុងសង្គមឱ្យបានតឹងរឹងបំផុត ដោយ «ងើបមួយវាយមួយ ងើបមួយក្រុមវាយមួយក្រុម»។

តែយ៉ាងណា លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានវាយតម្លៃចំពោះកិច្ចខិតខំរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលចាស់ ដែលសម្របសម្រួល ដឹកនាំការងាររដ្ឋបាល និងការអភិវឌ្ឍខេត្តកណ្តាល ក្នុងរយៈតំណែងអស់រយៈពេល ៤ឆ្នាំកន្លងមកនេះ និងវាយតម្លៃចំពោះលោក គួច ចំរើន ដែលពេលនេះ ត្រូវបានតែងតាំងជាអភិបាលខេត្តកណ្តាលថ្មី។
បន្ថែមពីលើការពង្រឹងគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យលោក គួច ចំរើន ពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្តឱ្យកាន់តែមានការរីកចម្រើន ស្របតាមយុទ្ធសាស្តបញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យអភិបាលខេត្តកណ្ដាលថ្មីយកចិត្តទុកដាក់លើការគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ការអភិវឌ្ឍសេដ្ឋកិច្ចរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ការផ្តល់សេវាសាធារណៈតាមច្រកចេញចូលតែមួយនៅរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដោយត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈរបស់មន្រ្តីក្នុងការបំពេញការងារ ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលនានាកាន់តែមានភាពងាយស្រួល ឆាប់រហ័ស តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងបរិយាប័ន្ន។
ដើម្បីជាការគាំទ្រដល់ការដឹកនាំរបស់លោក គួច ចំរើន នៅខេត្តកណ្ដាលនេះ លោក ស សុខា បានស្នើដល់ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក និងឃុំ សង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ រួមទាំងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល រួមគ្នាជាធ្លុងមួយផ្តល់ការគាំទ្រ និងចូលរួមជាមួយលោក គួច ចំរើន សំដៅបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្តឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

ជាការឆ្លើយតបនឹងសេចក្ដីទុកចិត្តឱ្យកាន់ជាអភិបាលខេត្តកណ្ដាល លោក គួច ចំរើន បាប្តេជ្ញាយ៉ាងមុតមាំនៅចំពោះមុខលោកឧបនាយករដ្ឋមន្ត្រី ស សុខា និងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធនៃរដ្ឋបាលខេត្តកណ្ដាល ក្នុងការប្រើប្រាស់សមត្ថភាព លះបង់កម្លាំងកាយចិត្ត និងបទពិសោធក្នុងការដឹកនាំការគ្រប់គ្រងកិច្ចការរដ្ឋបាល ការអភិវឌ្ឍសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីរួមគ្នាបន្តអភិវឌ្ឍនូវសមិទ្ធផល និងស្នាដៃថ្មីៗបន្ថែមទៀត។
គួរជម្រាបថា លោក គួច ចំរើន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ អតីតអភិបាលខេត្តព្រះសីហនុ ត្រូវបានផ្ទេរ និងតែងតាំងជាអភិបាលខេត្តកណ្តាល ជំនួសលោក គង់ សោភ័ណ ដែលត្រូវតែងតាំងតួនាទីថ្មី ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ