ព័ត៌មានជាតិ
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ទទួលបានថវិកាបរិច្ចាគជាង៣លានដុល្លារ
នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោក ចន ណារិទ្ធ បានឱ្យដឹងថា ចាប់តាំងពីថ្ងៃចាប់ផ្ដើម រហូតដល់ថ្ងៃបញ្ចប់ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ទទួលបានការចូលរួមគាំទ្រពីសប្បុរសជនជាង២៤ម៉ឺននាក់ ជាមួយនឹងថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាមេរិកចំនួនជាង ៣.៣ លានដុល្លារ។ លោក ចន ណារិទ្ធ ឱ្យដឹងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ធ្វើឡើងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។

រូបថតលោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា នៅចំកណ្ដាល។
តាមលោក ចន ណារិទ្ធ ដែលជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចផងនោះ ប្រៀបធៀបថា ចំនួននេះ បើធៀបទៅនឹងកាលពីឆ្នាំមុន គឺមានការកើនឡើងគួរឱ្យកត់សម្គាល់។ ការកើនឡើងនេះ ព្រោះតែទទួលបានការចូលរួមកាន់តែផុសផុលពីសប្បុរសជនក្នុងបណ្តាក្រសួង-ស្ថាប័ន, រាជធានី-ខេត្ត, ក្រុមហ៊ុន-សហគ្រាសទាំងតូចទាំងធំ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនានា ដែលនេះឆ្លុះបញ្ចាំងពីចលនាជាតិដ៏សំខាន់មួយក្នុង «ស្មារតីខ្មែរជួយខ្មែរ» ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹម ដល់ទារក និងកុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានអរគុណ សប្បុរសជនទាំងក្នុង និងក្រៅប្រទេស, ក្រសួង-ស្ថាប័ន, ក្រុមហ៊ុន-សហគ្រាស និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ ដែលបានចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយមធ្យោបាយរាងៗខ្លួន ដូចជា តាមរយៈការចូលរួមបរិច្ចាគ, កិច្ចសហការផ្សព្វផ្សាយ និងការគាំទ្រសកម្មភាពពាក់ព័ន្ធនានា យ៉ាងផុសផុល ដែលបានញុំាងឱ្យយុទ្ធនាការប្រចាំឆ្នាំដ៏មានសារៈសំខាន់មួយនេះ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានលទ្ធផលជោគជ័យយ៉ាងធំធេង ដោយថែមទាំងទទួលបានផងដែរនូវការកោតសរសើររបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែ ចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ការគិតគូរ និងរៀបចំយុទ្ធនាការដែលមានអត្ថន័យដ៏ធំធេងចំពោះសុខភាពទារក និងកុមារនៅកម្ពុជា។
តាម លោកនាយកប្រតិបត្តិ នៃមូលនិធិគន្ធបុប្ផាកម្ពុជា គឺមន្ទីរពេទ្យគន្ធបុប្ផាត្រូវការថវិកាចំណាយចំនួនប្រមាណ១២ ម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗ ឬស្មើនឹងប្រមាណ៤៣លានដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បីរក្សានិរន្តភាពនៃកិច្ចដំណើរការក្នុងបេសកកម្មផ្ដល់ការពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះរាប់លានករណីក្នុងមួយឆ្នាំៗ ប្រកបដោយគុណភាព, ឥតថ្លៃ និងមិនមានការរើសអើង។

គួរម្លឹកថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានផ្តួចផ្តើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានកំណត់យកកាលបរិច្ឆេទចាប់ផ្តើមជាផ្លូវការចាប់ពីថ្ងៃទី១ និងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។
ត្បិតតែយុទ្ធនាការនេះ កំណត់យកកាលបរិច្ឆេទចាប់ផ្ដើមជាផ្លូវការ ចាប់ពីថ្ងៃទីទី០១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ប៉ុន្តែលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាសអំពាវនៅលើគណនីហ្វេសប៊ុកផ្លាល់ខ្លួនឱ្យសប្បុរសជនចូលរួមបរិច្ចាគ តាំងតែពីថ្ងៃទី២៨ ខែឧសភា ហើយមានអ្នកចូលរួមបរិច្ចាគភ្លាមៗតែម្ដង ដោយមិនចាំដល់ថ្ងៃកំណត់ផ្លូវការឡើយ៕
ដោយ៖ជុន កុសល


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?