ព័ត៌មានជាតិ
មេបញ្ជាការកងទ័ពជើងគោក ប្រាប់ឱ្យប្រយ័ត្នរឿងចងសម្ព័ន្ធមេត្រីភាពជាមួយប្រទេសជាមិត្ត
លោក ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក បានប្រាប់ដល់មេបញ្ជាការសឹករងខេត្ត និងមេបញ្ជាការភូមិភាគ ត្រូវប្រយ័ត្នរឿងចងសម្ព័ន្ធមេត្រីភាពជាមួយប្រទេសជាមិត្ត ដោយមុននឹងធ្វើសន្យាអ្វីមួយ ត្រូវមានការអនុញ្ញាតពីថ្នាក់ដឹកនាំ។

ការប្រកាសយ៉ាងដូច្នេះរបស់ លោក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក ធ្វើឡើងក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងដំឡើងឋានន្តរសក្ដិជូន លោក ជួន សុភ័ក្ត្រ មេបញ្ជាការថ្មីតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង។
លោកមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងទៀតថា គ្រប់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងមេបញ្ជាការភូមិភាគ គប្បីធ្វើឱ្យមានតម្លាភាពបំផុត ដោយសុំគោលការណ៍ធ្វើកិច្ចសន្យាមកបញ្ជាការដ្ឋានកងទ័ពជើងគោក។ ទៀតសោត មិនអនុញ្ញាតឱ្យទៅចងសម្ព័ន្ធមេត្រីភាពដោយគ្មានការឯកភាពពីបញ្ជាការដ្ឋានកងទ័ពជើងគោកនោះទេ។

លោក ម៉ៅ សុផាន់ គូសបញ្ជាក់ថា «មកដល់ម៉ោងនេះ ឥតមានឱនក្បាលទៅសុំគេពីមិត្ត ហើយត្រូវស្គាល់ពីតម្លៃខ្លួនយើងឱ្យច្បាស់លាស់ ហើយមិនអាចសុំគេរហូតបានទេ យើងមានលទ្ធភាព និងគិតពីអធិបតេយ្យភាព កិត្តិយស។ ជាពិសេសធ្វើការតាមឋានានុក្រម តម្លាភាព និងអនុវត្តតាមបទបញ្ជាពីថ្នាក់ដឹកនាំ»។
ទន្ទឹមនោះ លោកមេបញ្ជាការកងទ័ពជើងគោក ក៏បានព្រមានថា ហាមដាច់ខាតទៅកាងឱ្យវិស័យឯកជនមានរថយន្តពាក់ស្លាកលេខ ខ.ម ធ្វើឱ្យប៉ះពាល់ដល់តម្លៃកិត្តិយសកងទ័ពនោះឡើយ។ ទៅថ្ងៃមុខ លោកនឹងចុះធ្វើបច្ចុប្បន្នភាពគ្រប់តំបន់ប្រតិបត្តិការសឹករងខេត្តរាល់អំពើអសកម្មភាពក្នុងអង្គភាព។

ជាថ្មីនេះ លោក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក បញ្ជាឱ្យមេបញ្ជាការថ្មីតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង ការពារសម្បត្តិធម្មជាតិក្នុងមូលដ្ឋានសមត្ថកិច្ចរបស់ខ្លួន ហើយមានបង្ក្រាបមេខ្លោងធំៗ ទាំងឡាយ ដែលលួចរំលោភបំពានទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិ។
ឆ្លើយតបនឹងបទបញ្ជារបស់ថ្នាក់ដឹកនាំ លោកឧត្ដមសេនីយ៍ត្រី ជួន សុភ័ក្ត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង ទើបតែឡើងកាន់តំណែងថ្ងៃនេះ ប្ដេជ្ញាចិត្តថា លោកនឹងស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការពារជាដាច់ខាតនូវរាជបល្ល័ង្ក និងរបបរាជានិយម ក៏ដូចជាប្រជាជន។

លោកមេបញ្ជាការថ្មីតំបន់ប្រតិបត្តិការសឹករងខេត្ត នឹងអនុវត្តតាមច្បាប់ជាធរមានលើកិច្ចការការពារធនធានធម្មជាតិក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួនឱ្យបានគង់វង្ស។ បង្ក្រាបរាល់មុខសញ្ញាមេខ្លោងដែលលួចកាន់កាប់ទន្ទ្រានដីរបស់រដ្ឋខុសច្បាប់។ ជាពិសេសការពារដាច់ខាតចំពោះរាជរដ្ឋាភិបាលស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងការពារសមិទ្ធផលជាតិទាំងឡាយ ជាស្នាដៃដ៏ឧត្តុង្គឧត្តម ជាមរតកប្រវត្តិសាស្ត្របន្សល់ទុកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវាយកម្ទេចរាល់ការឃុបឃិតប៉ុនប៉ងបំផ្លាញសេចក្ដីសុខសន្តិភាព បង្កឡើងដោយពួកប្រឆាំង។
លោក ជួន សុភ័ក្ត្រ អះអាងថា បន្តថែរក្សាប្រពៃណី មិត្តភាព សាមគ្គីភាព ឯកភាពផ្ទៃក្នុង ឱ្យបានរឹងមាំ ផ្តល់ស្នាមញញឹម និងសុភមង្គល ឱ្យយោធិន និងបន្តយកចិត្តទុកដាក់កសាងសមត្ថភាពទ័ព ចិញ្ចឹមបីបាច់ថែរក្សាសុខុមាលភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ពឱ្យបានល្អប្រសើរ។ ខិតខំយកចិត្តទុកដាក់លើការងារដឹកនាំបញ្ជា គ្រប់គ្រងកងឯកភាព ដោយឈរលើមូលដ្ឋាន នៃការបែងចែកចំណេះដឹង បទពិសោធការងារ ឱ្យមានការអភិវឌ្ឍរីកចម្រើន សម្រេចឱ្យបានជោគជ័យ មួយរយភាគរយ ជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់៕
អត្ថបទ ៖ សិរីវឌ្ឍនៈ





-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ