ព័ត៌មានជាតិ
រដ្ឋាភិបាលប្រកាសផ្លាស់ប្តូរ ឆ្នាំគោលជាតិថ្មីឲ្យសមស្របទៅទំហំ និងកំណើនសេដ្ឋកិច្ចកម្ពុជា
រដ្ឋាភិបាលបានប្រកាសផ្លាស់ប្ដូរឆ្នាំគោលជាតិចាស់ ដែលបានប្រើប្រាស់ជាង ២០ ឆ្នាំ ដែលជាការធ្វើបច្ចុប្បនភាពដើម្បីឲ្យសមស្របទៅទំហំនិងកំណើនសេដ្ឋកិច្ចកម្ពុជា។

ឆ្នាំគោលចាស់ (ឆ្នាំ ២០០០) ដែលបានប្រើប្រាស់ជាង ២០ ឆ្នាំកន្លងមកនេះ ត្រូវបានវាយតម្លៃដោយអ្នកជំនាញស្ថិតិ និងសេដ្ឋកិច្ចនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងស្ថាប័នស្ថិតិស៊ុយអែត ថាលែងតំណាងឱ្យស្ថានភាពសេដ្ឋកិច្ចកម្ពុជាហើយ ទាំងទំហំ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច និងបានលើកជាសំណើសុំប្តូរឆ្នាំគោលមកវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ។
នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីលទ្ធផលនៃការផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិឆ្នាំ ២០១៤ មន្រ្តីក្រសួងផែនការបានគូសបញ្ជាក់ថា ក្នុងរយៈពេលជិត ២០ ឆ្នាំ នេះ សេដ្ឋកិច្ចកម្ពុជាមានការប្រែប្រួលថ្លៃនិងរចនាសម្ព័ន្ធ ដែលជាការចាំបាច់ក្នុងការផ្លាស់ប្តូរឆ្នាំគោលថ្មីជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងប្រែប្រួលនិងលើកកម្ពស់គុណភាព និងរបាយការណ៍ផលិតផលក្នុងស្រុកសរុប។
លោក ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការបានថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីលទ្ធផលនៃការផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិឆ្នាំ ២០១៤ នៅព្រឹកនេះថា ស្ថិតិគណនេយ្យជាតិ ជាស្ថិតិដ៏សំខាន់មួយក្នុងប្រព័ន្ធស្ថិតិជាតិកម្ពុជានិងក្នុងស្ថិតិម៉ាក្រូសេដ្ឋកិច្ច ដែលមានវិសាលភាពគ្រប់វិស័យក្នុងសេដ្ឋកិច្ចជាតិកម្ពុជា។
បច្ចុប្បន្នការគណនាផលិតផលក្នុងស្រុកសរុប (ផ.ស.ស) គឺផ្អែកលើឆ្នាំគោលចាស់ឆ្នាំ២០០០ ដែលគិតមកដល់ឆ្នាំ២០២២ មានរយៈពេល ២២ ឆ្នាំ។ តាមអនុសាសន៍នៃសេចក្ដីណែនាំរបស់អង្គការសហប្រជាជាតិស្ដីពីស្ថិតិគណនេយ្យជាតិ (UN-SNA) ត្រូវផ្លាស់ប្តូរឆ្នាំគោលរៀងរាល់ ៥ ឆ្នាំម្ដង ឬយ៉ាងយូរបំផុត ១០ ឆ្នាំម្ដង ដើម្បីវាស់វែងកំណើនសេដ្ឋកិច្ច ទំហំសេដ្ឋកិច្ច និងរចនាសម្ព័ន្ធសេដ្ឋកិច្ចឲ្យមានសង្គតិភាព។

លោករដ្ឋមន្រ្តីលើកឡើងបន្ថែមទៀតថា តាមទីប្រឹក្សាស្ថិតិនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ការផ្លាស់ប្តូរឆ្នាំគោលម្តងៗ គឺត្រូវរង់ចាំពេលវេលាដែលសមស្រប មានប្រភពទិន្នន័យគ្រប់គ្រាន់ (ទិន្នន័យ ជំរឿន អង្កេត ទិន្នន័យរដ្ឋបាល)។ ក្នុងន័យនេះ ការផ្លាស់ប្តូរឆ្នាំគោលថ្មី ឆ្នាំ២០១៤ គឺត្រឹមត្រូវ ដោយវិទ្យាស្ថានជាតិស្ថិតិ មានជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ ជំរឿនកសិកម្មឆ្នាំ២០១៣ អង្កេតពាក់កណ្ដាលជំរឿនសេដ្ឋកិច្ចឆ្នាំ ២០១៤ អង្កេតសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៤ និងប្រភពទិន្នន័យរដ្ឋបាលផ្សេងទៀតដូចជា៖ ជញ្ជីងទូទាត់ (ធនាគារជាតិនៃកម្ពុជា) ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល (ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) ទិន្នន័យពាណិជ្ជកម្មអន្ដរជាតិ (អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា) និងទិន្នន័យក្រសួង-ស្ថាប័នផ្សេងទៀតរបស់រាជរដ្ឋាភិបាលគ្រប់គ្រាន់។
ឆ្នាំគោលគណនេយ្យជាតិ ឬឆ្នាំគោល ផ.ស.ស. (ឆ្នាំ២០០០) ដែលបានប្រើប្រាស់សម្រាប់ចងក្រង ផ.ស.ស. ជាងម្ភៃឆ្នាំ នឹងដំណើរការជំនួសឆ្នាំគោលថ្មី (ឆ្នាំ២០១៤) ដើម្បីធ្វើការគណនាថ្លៃថេរ ផ.ស.ស. សម្រាប់វាស់វែងទំហំនិងកំណើនសេដ្ឋកិច្ចកម្ពុជា។
តាមអនុសាសន៍របស់នាយកដ្ឋានស្ថិតិអង្គការសហប្រជាជាតិ (UNStatistics Department-UNSD) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ស្នើឱ្យប្រទេសជាសមាជិកផ្លាស់ប្តូរឆ្នាំគោល ផ.ស.ស. រៀងរាល់ ៥ ឆ្នាំ ឬយូរបំផុត ១០ ឆ្នាំម្ដង។
លោក ទ្រី ឫទ្ធា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការបានបញ្ជាក់ថា គោលបំណងជាចម្បងនៃការផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិឆ្នាំ ២០១៤ គឺដើម្បីធ្វើបច្ចុប្បន្នភាព ទំហំ វិសាលភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា សម្រាប់ធ្វើការប៉ាន់ស្មានឡើងវិញស៊េរីទិន្នន័យ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២២ ស៊េរីទិន្នន័យ ផ.ស.ស.។
លោកថា ឆ្នាំគោល ២០០០ ដែលបានប្រើប្រាស់ជាង ២០ ឆ្នាំកន្លងមកនេះ ត្រូវបានវាយតម្លៃដោយអ្នកជំនាញស្ថិតិ និងសេដ្ឋកិច្ចនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងស្ថាប័នស្ថិតិស៊ុយអែត ថាលែងតំណាងឱ្យស្ថានភាពសេដ្ឋកិច្ចកម្ពុជាហើយ ទាំងទំហំ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច និងបានលើកជាសំណើសុំប្តូរឆ្នាំគោលមកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ។
លោកបន្តថា កន្លងមក វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបានប្តូរឆ្នាំគោលម្ដងគឺប្តូរពីឆ្នាំ ១៩៩៣ ទៅឆ្នាំ២០០០ ដោយផ្អែកលើការអង្កេតសហគ្រាសឆ្នាំ២០០០ ដែលមានសំណាកគំរូត្រឹមតែជាង ២.០០០ សហគ្រាស ហើយចាប់ពីឆ្នាំ២០០០ មកទល់ពេលបច្ចុប្បន្ន វិទ្យាស្ថានជាតិស្ថិតិពុំទាន់បានប្ដូរឆ្នាំគោលទេ។
លោកបន្តទៀតថា ការវាស់វែង សេដ្ឋកិច្ចដែលមានឆ្នាំគោលយូរជាង ២០ ឆ្នាំ បែបនេះ បានធ្វើឲ្យស្ថិតិគណនេយ្យជាតិ លែងមានសង្គតិភាពជាមួយនឹងស្ថិតិម៉ាក្រូសេដ្ឋកិច្ចដទៃទៀតដូចជា៖ ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល ស្ថិតិជញ្ជីងទូទាត់ ស្ថិតិរូបិយវត្ថុ ដែលត្រូវបានប្រើប្រាស់ជាធាតុចូលសម្រាប់រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត កម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល។
ការផ្លាស់ប្តូរឆ្នាំគោល ផ.ស.ស. ឆ្នាំ ២០១៤ បានផ្អែកលើប្រភពទិន្នន័យសំខាន់ៗរួមមាន៖ ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០១១ ជំរឿនកសិកម្មឆ្នាំ ២០១៣ អង្កេតពាក់កណ្តាលជំរឿនសេដ្ឋកិច្ចឆ្នាំ ២០១៤ អង្កេតសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ ២០១៤ និងប្រភពទិន្នន័យរដ្ឋបាលផ្សេងទៀត ដូចជា ជញ្ជីងទូទាត់ (ធនាគារជាតិនៃកម្ពុជា) ស្ថិតិហិរញ្ញវត្ថុរាជរដ្ឋាភិបាល(ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) ទិន្នន័យពាណិជ្ជកម្មអន្តរជាតិ (អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា) និងទិន្នន័យក្រសួង ស្ថាប័នផ្សេងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។
លទ្ធផលបឋមការផ្លាស់ប្តូរឆ្នាំគោល ផ.ស.ស. ឆ្នាំ ២០១៤ ត្រូវបានត្រួតពិនិត្យគុណភាព និង ពិភាក្សាជាច្រើនលើកជាមួយអ្នកជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា មូលនិធិ រូបិយវត្ថុអន្តរជាតិ និងស្ថាប័នស្ថិតិប្រទេសស៊ុយអែត រហូតលទ្ធផលចុងក្រោយសម្រេចបាន ដូចខាងក្រោម៖
១- ទំហំសេដ្ឋកិច្ច ៨៨,៩ ទ្រីលានរៀល ស្មើនឹង ២២,១ ប៊ីលានដុល្លារអាម៉េរិក នៅឆ្នាំគោល ២០១៤ បើធៀបនឹងឆ្នាំ២០០០ មានទំហំសេដ្ឋកិច្ច ៦៧,៤ទ្រីលានរៀល បានកើនឡើង ៣១,៩%។
២- រចនាសម្ព័ន្ធសេដ្ឋកិច្ច៖ វិស័យកសិកម្មមានចំណែក ២២% នៃ ផ.ស.ស. (ថយចុះពី ២៩%) វិស័យឧស្សាហកម្មមានចំណែក ៣០% នៃ ផ.ស.ស. (កើនពី ២៦%) វិស័យសេវាកម្មមានចំណែក ៤២% នៃ ផ.ស.ស. (កើនពី ៤០%) នៅឆ្នាំ២០១៤ បើធៀបនឹងឆ្នាំ២០០០។
៣- ចំណូលសម្រាប់ម្នាក់ (GDP per capita) កើនពី ១ ១៣១ ដុល្លារអាម៉េរិក ដល់ ១ ៤៨៩ ដុល្លារ អាម៉េរិក នៅឆ្នាំ២០១៤។
៤- គិតក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាមានទំហំ ១៦០,១ ទ្រីលានរៀលតាមថ្លៃបច្ចុប្បន្ន ស្មើនឹង ៣៩,៥ ប៊ីលានដុល្លារអាម៉េរិក និងកំណើន ៥,១%។ ចំណូលសម្រាប់ម្នាក់ ប៉ាន់ស្មាន ២ ៣៤៥ ដុល្លារអាម៉េរិក៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ