ព័ត៌មានជាតិ
៧៣ឆ្នាំជាសមាជិកអង្គការយូណេស្កូ កម្ពុជា បានចុះសម្បត្តិបេតិកភណ្ឌ និងបញ្ជីស្មារតីចងចាំពិភពលោកសរុប១៣
នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ជាខួប៧៣ឆ្នាំ ដែលកម្ពុជាក្លាយជាសមាជិករបស់អង្គការយូណេស្កូ (UNESCO)។ ៧៣ឆ្នាំជាសមាជិករបស់អង្គការពិភពលោកផ្នែកអប់រំ វិទ្យាសាស្ត្រ វប្បធម៌មួយនេះ កម្ពុជា បានដាក់បញ្ចូល និងចុះបញ្ជីសម្បត្តិបេតិកភណ្ឌ និងបញ្ជីស្មារតីចងចាំនៃពិភពលោកសរុប១៣។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្ដែងការអបអរសាទរចំពោះខួប៧៣ឆ្នាំ ដែលកម្ពុជាចូលជាសមាជិករបស់អង្គការយូណេស្កូ (៣ កក្កដា ១៩៥១-៣ កក្កដា ២០២៤) ដែលអង្គការយូណេស្កូ គឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៤៥ មានបេសកកម្មពិសេសក្នុងការរក្សានូវសន្តិភាព និងសន្តិសុខក្នុងពិភពលោក ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង។
តាមការបញ្ជាក់ដោយសម្ដេចធិបតីនាយករដ្ឋមន្ត្រី គឺចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបីចំនួន៤ សម្បតិ្តបេតិកភណ្ឌអរូបីចំនួន៦ និងបញ្ជីស្មារតីចងចាំនៃពិភពលោកចំនួន៣ ដើម្បីថែរក្សាទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា។

បេតិកភណ្ឌរូបីនៃមនុស្សជាតិរបស់កម្ពុជា ដែលបានចុះបញ្ជីដោយអង្គការយូណេស្កូ រួមមាន៖១) តំបន់រមណីយដ្ឋានអង្គរ ចុះបញ្ជីនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ២) ប្រាសាទព្រះវិហារ ចុះបញ្ជីនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា ៣) តំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ ៤) រមណីយដ្ឋានប្រាសាទកោះកេរ ចុះបញ្ជីនាថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

ចំណែក បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ មាន៖១) របាំព្រះរាជទ្រព្យ ចុះបញ្ជីនាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្ដន់ប៊ូល ប្រទេសតួកគី ២) ល្ខោនស្រមោលស្បែកធំ ចុះបញ្ជីនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង ៣) ល្បែងទាញព្រ័ត្រ ចុះបញ្ជីនាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី ៤) ចាប៉ីដងវែង ចុះបញ្ជីនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ទីក្រុងអេតឌីសអាបាបា ប្រទេសអេត្យូពី ៥) ល្ខោនខោលវត្តស្វាយអណ្តែត ចុះបញ្ជីនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងព័រល្វី ប្រទេសម៉ូរីស និង៦) គុនល្បុក្កតោ ចុះបញ្ជីនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក។

ដោយឡែក បញ្ជីស្មារតីចងចាំនៃពិភពលោក មាន៖១) បណ្ណាសារឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង ចុះបញ្ជីនាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុងប្រ៊ីដថោន ប្រទេសបាបាដូស ២) ឯកសារសំឡេងនិទានរឿងរាមកេរ្ដិ៍ ដោយតាគ្រុឌ ចុះបញ្ជីនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ នៅខេត្តខ្វាងចូវ ប្រទេសចិន និង៣) រឿងអ៉ីណាវ បុស្សិបា ចុះបញ្ជីនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកថា កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ