ព័ត៌មានជាតិ
សម្ដេចតេជោ ប្រាប់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ត្រូវពង្រឹងការអប់រំឱ្យស្ត្រីបានបន្តការសិក្សាឱ្យបានខ្ពស់
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអនុប្រធានកិត្តិយសទី១ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានផ្ដល់អនុសាសន៍ដល់ក្រុមប្រឹក្សាជាតិកម្ពុជា ធ្វើយ៉ាងណាត្រូវពង្រឹងការអប់រំឱ្យស្ត្រីបានបន្តការសិក្សាឱ្យបានខ្ពស់។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងដូច្នេះ ក្នុងឱកាស អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា។
ក្នុងជំនួបនាព្រឹកថ្ងៃទី០៣ ខែកក្កដា នេះ សម្ដេចតេជោ អនុប្រធានកិត្តិយសទី១ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក៏ផ្ដល់អនុសាសន៍ថាត្រូវពង្រឹងអំណាចសេដ្ឋកិច្ចគួបផ្សំនឹងអំណាចចំណេះដឹង គឺត្រូវជំរុញយ៉ាងណាឱ្យស្ត្រីដែលកំពុងដឹកនាំក៏ដូចជាស្ត្រីដែលកំពុងសិក្សា ឱ្យបន្តជំនាញចំណេះដឹង ខាងបច្ចេកវិទ្យា ដើម្បីឱ្យគាត់អាចគ្រប់គ្រងទាន់សភាពការណ៍។
សម្ដេចតេជោ បានណែនាំឱ្យខិតខំរកវិធីយ៉ាងណាដើម្បីកាត់បន្ថយគម្លាតរវាងស្ត្រីនិងបុរស យ៉ាងហោចណាស់នៅក្នុងកម្រិតថ្នាក់បរិញ្ញាបត្រ ឱ្យស្ត្រីមានការសិក្សាបានខ្ពស់ដើម្បីដឹកនាំបានប្រសើរប្រកបដោយជោគជ័យ។
សម្ដេចតេជោ ក៏បានផ្ដល់អនុសាសន៍ផងដែរថា គួរធ្វើការសិក្សាលើស្ត្រីដែលមានទោស និងមានផ្ទៃពោះហើយជាពិសេសអ្នកដែលមានកូននៅជាមួយសូមឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើការពិភាក្សា ដើម្បីរៀបចំយ៉ាងណាបានសម្រួលដល់ស្ត្រីទាំងនោះ។
សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ត្រូវខិតខំពង្រឹងអំណាចស្ត្រីលើបញ្ហាសេដ្ឋកិច្ចដែលកំពុងតែមានវឌ្ឍនភាពនេះ ព្រោះចំនួនស្ត្រីដែលគ្រប់គ្រងនៅក្នុងសេដ្ឋកិច្ចមានចំនួន៦៤% ហើយពលករស្ត្រីក៏មានចំនួនច្រើនរហូតដល់ទៅ៧៥% ដែលបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃតួនាទីរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច ដែលក្នុងនោះសម្ដេចតេជោលើកឡើងថាត្រូវធ្វើការបន្ស៊ីគ្នារវាង អំណាចសេដ្ឋកិច្ច និងការអប់រំ គឺធ្វើយ៉ាងណាបង្កើនចំណេះដឹងដល់ក្រុមស្ត្រី ព្រោះតាមការសង្កេតការសិក្សានៅក្នុងបឋមសិក្សានិងមធ្យមសិក្សាគឺមិនសូវមានគម្លាតគ្នារវាងបុរស ស្ត្រី កុមារានិងកុមារី ទេ តែនៅក្នុងការសិក្សាកម្រិតឧត្តមសិក្សា ថ្នាក់បញ្ញា ឬបរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត ចំនួនស្ត្រីមានការថយចុះ។
លោកស្រី អ៊ឹង កន្ថាផាវី ឱ្យដឹងការរីកចម្រើនដែលស្ត្រីបានដើរតួនាទីក្នុងវិស័យសេដ្ឋកិច្ច និងការងារដែលយោងតាមជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ បានបង្ហាញថាស្ត្រីចំនួន៦១,៨% ជាអ្នកតំណាងក្នុងចំណោមអង្គការសរុបនៅកម្ពុជា។ ហើយស្ត្រីភាគច្រើន បានដើរតួនាទីក្នុងការដឹកនាំនៅក្នុងសហគ្រាសធុនតូច និងមធ្យមក្នុងការលក់ផលិតផលទៅកាន់ទីផ្សារ។
តាម លោកស្រី អ៊ឹង កន្ថាផាវី នៅក្នុងវិស័យអប់រំយុវជននិងកីឡា មានការរីកចម្រើនដោយការយកចិត្តទុកដាក់ផ្ដល់អាហារូបករណ៍ លើកទឹកចិត្តឱ្យសិស្សនិស្សិតបានចុះឈ្មោះចូលរៀនមានកំណើនគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយដែលធ្វើឱ្យគម្លាតយេនឌ័រក្នុងវិស័យអប់រំនៅកម្រិតបឋមសិក្សានិងមធ្យមសិក្សាត្រូវបានលុបបំបាត់។ ក្នុងតួលេខក្នុងឆ្នាំសិក្សា២០២២ ដល់ ២០២៣ សិស្សស្រីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន ៥៧,៧៣% ដែលក្នុងនោះសិស្សស្រីជាប់និទ្ទេសមានចំនួនដល់ទៅ៥២,៦២% តែនៅក្នុងកម្រិតឧត្ដមសិក្សា គឺចំនួនស្ត្រីបានថយចុះជាបន្តបន្ទាប់ ដែលក្នុងការសិក្សាបានបង្ហាញថាក្នុងឆ្នាំ ២០២៣ និស្សិតស្រីកំពុងសិក្សានៅកម្រិតឧត្ដមសិក្សាមាន៤៥,៧៣% ហើយនិស្សិតដែលកំពុងសិក្សាមុខវិទ្យាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលហៅកាត់ថា STEM មានចំនួន ៣០,៦៩% នៃចំនួននិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រក្នុងនោះនិស្សិតស្រីមានចំនួនត្រឹមតែ១៧,៧៤% ណ្ណោះ។
លោកស្រីប្រធានក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ក៏អះអាងថា ក្រុមប្រឹក្សាជាតិ ដើម្បីស្ត្រីក៏បានយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាជំនួយផ្នែកច្បាប់ដល់ស្ត្រីនិងស្ថានភាពស្ត្រីនៅក្នុងមន្ទីរឃុំឃាំង។ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី បានយកចិត្តទុកដាក់ក្នុងការចុះជួបទណ្ឌិត និងពិរុទ្ធជនជាស្ត្រីដែលជាប់ឃុំនៅក្នុងពន្ធនាគារនៅក្នុងខេត្តចំនួន៧ ស្វែងយល់ពីស្ថានភាព និងផ្ដល់សេវាជំនួយផ្សេងៗ ក្នុងនោះក្នុងចំនួនស្ត្រីដែលជាប់ឃុំទាំងនោះ លោកស្រី ក៏បានបញ្ជាក់ថាមានស្ត្រីមានផ្ទៃពោះចំនួន២៧នាក់ និងស្ត្រីដែលមានកូនតាមម្ដាយចំនួន១១៥ នាក់ផងដែរ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ