ព័ត៌មានជាតិ
ដូរអភិបាលខេត្តថ្មី, រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ឱ្យខេត្តព្រះសីហនុ បង្ក្រាបការឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស
ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងលោក ម៉ាង ស៊ីណេត ជាអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចង្អុលបង្ហាញឱ្យអាជ្ញាធរខេត្តព្រះសីហនុបន្តយកចិត្តទុកដាក់បង្ក្រាបបទល្មើសដែលជាបញ្ហាប្រឈមនៅក្នុងខេត្ត ជាអាទិ៍ បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ បទល្មើសជួញដូរមនុស្ស និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត។

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការបន្តពង្រឹងការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ ពាក់ព័ន្ធការងារនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីចំណាត់ការដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃ ជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសដែលមានការប្រឈមនៅខេត្តភាគនិរតីមួយនេះ ដូចជា បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ បទល្មើសពាក់ព័ន្ធគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំបន្ថែមលើការងារបង្ក ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ដោយលោក បញ្ជាក់ឱ្យដឹងថា ទោះបីជាប្រតិបត្តិការក្នុងរយៈពេល៦ខែឆ្នាំ២០២៤ បង្ក្រាបបានច្រើនករណី ដោយរឹបអូសគ្រឿងញៀនរហូតដល់ជាង៥តោនក៏ដោយ ក៏មិនមែនមានន័យថាគ្រឿងញៀនបានថយចុះនោះដែរ។ ផ្ទុយទៅវិញ លោកឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យរដ្ឋបាលខេត្ត រួមទាំងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់បង្កើនការយកចិត្តទុកដាក់អនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងនោះត្រូវបំផុសចលនាចូលរួមពីគ្រប់ភាគី ដោយអនុវត្តវិធានការណ៍៣កុំ១រាយការណ៍។

ក្រៅពីនេះ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលខេត្ត និងកងកម្លាំងមានសមត្ថកិច្ច យកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបបទល្មើសអាជីវកម្មផ្លូវភេទ ជួញដូរកម្លាំងពលកម្ម និងបទល្មើសចរាចរណ៍ ជាពិសេសការរឹតបន្តឹងច្បាប់នៅពេលយប់ និងផ្ដោតលើមុខសញ្ញាមិនពាក់មួកសុវត្ថិភាព ព្រមទាំងបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងធានាឱ្យបាននូវសោភណ្ឌភាព និងអនាម័យតំបន់ឆ្នេរប្រកបដោយភាពទាក់ទាញ។
បើតាមការគូសបញ្ជាក់របស់លោករដ្ឋមន្ត្រី ការធានាបាននូវការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេតខាងលើ នឹង រុញច្រានឱ្យខេត្តព្រះសីហនុ កាន់តែអាចទាក់ទាញវិនិយោគ និងទេសចរណ៍កាន់តែច្រើនឡើងថែមទៀតមកកាន់ខេត្តជាប់សមុទ្រមួយនេះ។ លោកប្រមុខមហាផ្ទៃ បានបង្ហាញក្ដីសង្ឃឹមថា ក្រោមការដឹកនាំរបស់អភិបាលថ្មី រដ្ឋបាលខេត្ត រួមទាំងមន្ត្រី កងកម្លាំង និងប្រជាពលរដ្ឋខេត្តព្រះសីហនុ នឹងរួមគ្នាជាកម្លាំងទាក់ទាញក្នុងវិស័យវិនិយោគ និងទេសចរណ៍ ស្របតាមគោលការណ៍ដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសក្ដានុពលជាក់ស្ដែងរបស់ខេត្តព្រះសីហនុ។

ពីវេទិកានេះដែរ លោក ស សុខា បានកោតសរសើររដ្ឋបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់លោក គួច ចំរើន ជាអភិបាលខេត្ត កន្លងមក បានដឹកនាំមន្ត្រី កងកម្លាំង និងកៀរគរការចូលរួមពីប្រជាពលរដ្ឋ ដើម្បីពង្រឹងគុណភាពសេវាសាធារណៈ ធានាសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម ប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យបទល្មើសគ្រប់ប្រភេទនៅក្នុងខេត្ត ជាពិសេសក្នុងក្រុងព្រះសីហនុ មានការថយចុះ ហើយពលរដ្ឋមានការសាទរ និងគាំទ្រ ភ្ញៀវទេសចរណ៍ និងវិនិយោគិនជាតិ និងអន្តរជាតិ ក៏ទទួលបានភាពកក់ក្ដៅ។
សូមបញ្ជាក់ថា លោក ម៉ាង ស៊ីណេត អតីតអភិបាលរងខេត្តព្រះសីហនុ ត្រូវបានព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងជា អភិបាលខេត្តព្រះសីហនុ ជំនួសលោក គួច ចំរើន ដែលត្រូវបានផ្ទេរទៅកាន់មុខតំណែងជាអភិបាលខេត្តកណ្ដាល៕


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?