ព័ត៌មានជាតិ
ព្រលានសៀមរាប ទទួលជើងហោះហើរមួយថ្ងៃ ១៤-១៩ ជេីង ខណៈជើងហោះហើរមកពីថៃច្រើនជាងគេ
បើតាមក្រសួងទេសចរណ៍បានបង្ហាញថា ព្រលានយន្តហោះខេត្តសៀមរាបទទួលជើងហោះហើរ ១៤-១៩ ជេីង (សរុបទាំងទៅទាំងមកជាមធ្យមប្រហែល ៣០ ជើង) ក្នុងមួយថ្ងៃ ខណៈជើងហោះហើរមកពីប្រទេសថៃមាន (៥-៦ ជេីង) ច្រើនជាងគេ។

សម្រាប់ជេីងហោះហេីរចូលមកកាន់ខេត្តសៀមរាបដែលមានចន្លោះពី ១៤-១៩ ជេីងក្នុងមួយថ្ងៃ (ប្រហែល ៣០ ជើងជាមធ្យម)នេះ ក្នុងនោះមានមកពីបាងកក (៥-៦ ជេីងក្នុងមួយថ្ងៃ) ហូជីមីញ (៣ ជេីងក្នុងមួយថ្ងៃ) ដាណាង (១ ជេីងក្នុងមួយថ្ងៃ) ហាណូយ (២ ជេីងក្នុងមួយថ្ងៃ) កូឡាឡាំពួរ (១ ជេីងក្នុងមួយថ្ងៃ) សិង្ហបុរី (១ ជេីងក្នុងមួយថ្ងៃ) ភ្នំពេញ (២ ជេីងក្នុងមួយថ្ងៃ) និងក្រុងព្រះសីហនុ (១ ជេីងក្នុងមួយថ្ងៃ) ។
ភ្ជាប់ជាមួយតូលេខជើងហោះហើរ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍បានបង្ហាញរូបភាពភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើន បានអញ្ជើញទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរ និងតំបន់ជាច្រើនទៀតនៅតំបន់រមណីយដ្ឋានឧទ្យានអង្គរ។
ក្នុងរបាយការណ៍បានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានប្រមាណ ១,៣០០ នាក់ ទៅ ១,៧០០ នាក់ក្នុងមួយថ្ងៃ។



កាលពីពេលថ្មីៗនេះ ប្រាសាទអង្គរវត្តបានស្ថិតនៅលំដាប់លេខ ២ ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញល្អបំផុតនៅតំបន់អាស៊ី។
ភ្ញៀវអន្តរជាតិសរុបចំនួនជាង ២,៦៤១ លាននាក់បានមកទស្សនានៅប្រទេសកម្ពុជាក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះ មានការកើនឡើង ២២,១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ដែលមានចំនួន ២,១៦៣លាននាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) បានថ្លែងប្រាប់កម្ពុជាថ្មីថា ការមកដល់នៃភ្ញៀវទេចរអន្តរជាតិនេះគឺឆ្លុះបញ្ចាំងអំពីភាពប្រសើរឡើងនៃសេដ្ឋកិច្ចតំបន់និងសកល បើទោះបីបញ្ហានៃការអូសបន្លាយសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ការបន្តឡើងកំដៅនៃបញ្ហាភូមិសាស្រ្តនយោបាយក្តី ក៏ប្រជាពលរដ្ឋសកលបានធ្វើការចាយវាយលើដំណើរទស្សនកិច្ចនានា។ ប៉ុន្តែលោកថា បើទោះជាការកើនឡើងគួរឱ្យកត់សម្គាល់ក្តី ក៏ចំនួនភ្ញៀវអន្តរជាតិនេះគឺភាគច្រើនមកពីក្នុងតំបន់។
លោកបានមានប្រសាសន៍៖ «យើងសាទរចំពោះកំណើននេះ ប៉ុន្តែយើងត្រូវធ្វើការងារជាច្រើនទៀតដើម្បីធ្វើការផ្សព្វផ្សាយ និងបង្កើតនូវកម្មវិធីនានាដើម្បីទាក់ទាញភ្ញៀវអន្តរជាតិជាពិសេសមកពីប៉ែកអឺរ៉ុប ដោយសារពួកគេចំណាយពេលច្រើនទាំងការស្នាក់នៅនិងចាយវាយជាដើម»។

បើតាមលោក ស៊ីណាន ស្របពេលដែលកម្ពុជាបានដាក់ឱ្យដំណើការនូវព្រលានយន្តហោះអន្តរជាតិសៀមរាប និងគ្រោងដាក់ឱ្យដំណើការព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅនាពេលខាងមុខ គឺជាឱកាសមួយដែលកម្ពុជាត្រូវធ្វើការផ្សព្វផ្សាយ និងបង្កើតយន្តការនានាក្នុងការទាក់ទាញភ្ញៀវទេចរបន្ថែមទៀតជាពិសេសមកពីគោលដៅឆ្ងាយៗ។
លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានលើកឡើងថា នៅឆ្នាំ២០២៤ ប្រទេសចិនឈរនៅលំដាប់ថ្នាក់ទី ៣ ជាប្រទេសដែលមានភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជាក្នុងចំនួនច្រើន ហើយនៅតែបន្តកើនឡើង។ ក្នុងន័យនេះ អនាគតនៃវិស័យទេសចរណ៍កម្ពុជាគឺមិនអាចកាត់ផ្តាច់បានពីការស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិនពីចិនបានឡើយ។
បើតាមលោករដ្ឋមន្ត្រី កំណើនទេសចរចិនគឺជាឱកាសដែលមិនត្រឹមតែជំរុញនូវការអភិវឌ្ឍន៍វិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវឱកាសវិនិយោគក្នុងវិស័យផ្សេងៗ ដែលកម្ពុជា និងប្រទេសជាច្រើននៅលើពិភពលោក បានចាត់ទុកចិនជាដៃគូយុទ្ធសាស្រ្ត និងជាប្រភពទីផ្សារដ៏សំខាន់បំផុតសម្រាប់មូលដ្ឋាននៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួន។
តាមមន្រ្តីអាកាសចរស៊ីវិល ស្ថិតិអ្នកដំណើរតាមផ្លូវអាកាសចេញចូលប្រទេសកម្ពុជាគិតត្រឹមបំណាច់ខែឧសភា ឆ្នាំ ២០២៤ មានចំនួនប្រហែល ២,៦ លាននាក់។ ធៀបរយៈពេលពីរខែចុងក្រោយ (ខែឧសភានិងមេសា) ចំនួនទេសចរតាមផ្លូវអាកាសបានថយចុះ ៨%៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?