ព័ត៌មានជាតិ
ស្រ្តីមានផ្ទៃពោះក្នុងពន្ធនាគារ នឹងទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងពាក់ព័ន្ធសិក្សាពីលទ្ធភាពក្នុងការផ្តល់សេវាថែទាំសុខភាព ឬឧបត្ថម្ភដល់ស្រ្តីដែលមានផ្ទៃពោះនៅពន្ធនាគារ ដើម្បីគិតគូរពីអនាគតកូនក្នុងផ្ទៃដែលមិនបានប្រព្រឹត្តកំហុស និងជាធនធានមនុស្សកម្ពុជា។
ការចង្ហុលបង្ហាញរបស់សម្តេចធិបតី ធ្វើឡើងនាឱកាស អញ្ជើញជាអធិបតី “ប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគារអន្តេវាសិកដ្ឋានគ្រូ នៃវិទ្យាស្ថានជាតិគរុកោសល្យរាជធានីភ្នំពេញ” នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៤។ សម្តេចធិបតី ថ្លែងថា ការឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ គឺជាកំណែទម្រង់របស់រាជរដ្ឋាភិបាលមិនចំពោះមុខ មិនថាស្រ្តីមានផ្ទៃពោះជាមន្រ្តីរាជការ គ្រូបង្រៀន កម្មការនី ឬស្រ្តីមានផ្ទៃពោះក្នុងពន្ធនាគារនោះទេ។
សម្តេចមានប្រសាសន៍ថា៖«រឿងស្រ្តីមានផ្ទៃពោះនេះ យើងមានសម្រាប់កម្មករ កម្មការនី មន្រ្តីរាជការ ឥឡូវគិតគូរផងពីពិរុទ្ធជននៅក្នុងគុក។ លោក ជំទាវ អ៊ឹង កន្ថាផាវី ថាអ្នកក្នុងគុកមានអ្នកខ្លះទម្ងន់(ផ្ទៃពោះ) ចឹងគាត់ក៏ត្រូវការថែទាំងដែរ។ ម្តាយធ្វើខុស តែកូនអត់ខសុទេ»។
ក្រសួងដែលសម្តេចធិបតី បានណែនាំឱ្យចាប់ផ្តើមសិក្សាពីលទ្ធភាពផ្តល់ការឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះក្នុងពន្ធនាគាររួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសង្គមកិច្ច យុវជន និងយុវនីតិសម្បទា និង បេឡាជាតិសន្តិសុខសង្គម ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សម្តេចធិបតី បានគូសបញ្ជាក់ថា«៖ ព្រោះនេះជាការងារមនុស្សធម៌ សូមឱ្យ ប.ស.ស. ពិភាក្សាគ្នា ព្រោះចំណាយមិនច្រើនទេ ព្រោះជាកូនចៅយើងទេ។ ម្តាយធ្វើខុសរឿងគាត់ទទួលកំហុស ប៉ុន្តែពេលដែលគាត់មានផ្ទៃពោះ កូនក៏នៅតែជាកូនក្មេងរបស់យើង ហើយគ្នាអត់ដឹងអីទេ ត្រូវទទួលបានអត្ថប្រយោជន៍ដែលត្រូវគិតគូរផងសម្រាប់ឧបត្ថម្ភ»។
កន្លទៅ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក៏ធ្លាប់បានលើកគោលការណ៍បែបនេះ ដោយគិតគូរ អំពីអត្ថប្រយោជន៍ផ្តល់ការឧបត្ថម្ភទៅដល់ស្រី្តជាប់ទោសដែលមានទម្ងន់ និងកូននៅក្នុងផ្ទៃពោះម្តាយ។
ជាការកត់សម្គាល់ ការណែនាំនេះ ធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអនុប្រធានកិត្តិយសទី១ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៤។
នាជំនួបនោះ សម្ដេចតេជោ ក៏បានផ្ដល់អនុសាសន៍នៅចំពោះមុខក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី គួរធ្វើការសិក្សាលើស្ត្រីដែលមានទោស និងមានផ្ទៃពោះ ជាពិសេសអ្នកដែលមានកូននៅជាមួយ សូមឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើការពិភាក្សា ដើម្បីរៀបចំយ៉ាងណាបានសម្រួលដល់ស្ត្រីទាំងនោះ។
បើតាមការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យមានការឧបត្ថម្ភសម្រាប់ស្រ្តីមានផ្ទៃពោះក្នុងពន្ធនាគារ អនុវត្តដូចទៅនឹង សមាជិក ប.ស.ស. ដែលជាស្រ្តីដែរ។
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គ (ប.ស.ស.) ធ្លាប់បានឱ្យដឹង សម្រាប់សមាជិក ប.ស.ស.ដែលជាស្ត្រី ទទួលបានអត្ថប្រយោជន៍ច្រើនជាងបុរស នៅពេលដែលស្រ្តីមានផ្ទៃពោះ រហូតដល់អាយុ ២ ឆ្នាំ ។ លោកបានថ្លែងថា៖«នៅពេលស្រ្តីមានទម្ងន់អាចទៅពិនិត្យសុខភាព បាន ៤ដង ដោយទៅពិនិត្យសុខភាពម្តងទទួលបានថវិកា ៨ ម៉ឺនរៀល ហើយក្រោយសម្រាលកូន ទទួលបាន ១០ដងទៀត ដោយធ្វើការបែងចែកជា២ ក្នុងនោះ ៣ ដងសម្រាប់ម្តាយ ៧ ដងសម្រាប់កូន គឺមានន័យថាចាក់វ៉ាក់សាំងរហូតដល់អាយុ ២ ឆ្នាំ ដោយក្នុងម្តងៗទទួលបានថវិកា ៨ ម៉ឺនដូចគ្នា។ លោកបញ្ជាក់ថា ដូច្នេះយើងឃើញថាអត្ថប្រយោជន៍ដែលរដ្ឋាភិបាលបានផ្តល់ជូននេះគឺពេញលេញ ទាំងហានិភ័យការងារ ការថែទាំសុខភាព និងពិនិត្យផ្ទៃពោះរហូតកូនអាយុ ២ ឆ្នាំ។
បើតាម សម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលនឹងបញ្ចូលស្ត្រីមានផ្ទៃពោះ និងកុមារតូចៗដែលជាប់នៅក្នុងពន្ធនាគារ ចូលក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ៕
អត្ថបទ៖ ឡាយ សាមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ