ព័ត៌មានជាតិ
មូលហេតុ និងដំណើរដើមទងនៃការផ្តន្ទាទោសយុវជនមាតាធម្មជាតិដាក់ពន្ធនាគារពី៦ ទៅ ៨ឆ្នាំ
កាលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធររាជធានីភ្នំពេញ បានចាប់ខ្លួនយុវជនមាតាធម្មជាតិចំនួន៤នាក់នៅនឹងកន្លែង គឺនៅមុខសាលាដំបូងរាជធានីភ្នំពេញតែម្តងតាមអំណាចសាលក្រមរបស់តុលាការ។ ៤នាក់នេះ ស្ថិតក្នុងចំណោមយុវជន១០នាក់ដែលតុលាការបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលពីចន្លោះ៦ឆ្នាំទៅ៨ឆ្នាំពីបទ រួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ។ យុវជន៤នាក់ដែលត្រូវបានចាប់ខ្លួនភ្លាមៗ រួមមាន ឈ្មោះ លី ចាន់ដារ៉ាវុត ភេទប្រុស ទី២. ឈ្មោះ ភួន កែវរស្មី ភេទស្រី ទី៣. ឡុង គន្ធា ភេទស្រី និងទី៤. ឈ្មោះ ថុន រដ្ឋា ភេទប្រុស។
អាជ្ញាធរអនុវត្តចាប់ខ្លួនក្រុមយុវជនតាមអំណាចសាលក្រមរបស់តុលាការ
សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមកាត់ទោសយុវជនមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក ម៉ិញ ពិសិដ្ឋ កញ្ញា រ៉ី រក្សា និងលោក ពក ខឿយ ឱ្យជាប់ពន្ធនាគារចំនួន៦ឆ្នាំពីបទ «រួមគំនិតក្បត់»។ រីឯ លោក យឹម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា និងលោក Alejandro Gonzalez Davidson ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៨ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន១០លានរៀល ក្រោមបទចោទ២ គឺ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ»។
លោក យឹម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា លោក Alejandro Gonzalez Davidson ក៏ដូចលោក លី ចាន់ដារ៉ាវុត ដែលត្រូវបានកាត់ទោសពីបទ«រួមគំនិតក្បត់» និង«ប្រមាថអង្គព្រះមហាក្សត្រ» នៅពេលនេះ គឺកើតចេញពីសកម្មភាពប្រព្រឹត្តបទល្មើសរបស់ពួកគេតាំងពីអំឡុងឆ្នាំ២០២១មកម្លេះ។ នោះ គឺតាមរយៈកិច្ចប្រជុំតាមប្រព័ន្ធ ZOOM រវាងលោក Alejandro Gonzalez Davidson និងយុវជនទាំង៣នាក់ ជាកិច្ចប្រជុំលើកឡើងពីផែនការនានាដែលក្រុមយុវជនត្រូវធ្វើ ហើយជនបរទេសរូបនេះ ជាអ្នកផ្តល់ថវិកាឱ្យ។ បន្ថែមពីលើផែនការ ពួកគេ ក៏បានរៀបចំចេញជារូបភាពត្លុកដែលមានថ្នាក់ដឹកនាំជាន់ខ្ពស់ រួមទាំង ព្រះមហាក្សត្រផង។ ពេលនោះដែរ លោក Alejandro Gonzalez Davidson ក៏បាននាំយុវជននិយាយប៉ះពាល់ដល់អង្គព្រះមហាក្សត្រ ដោយមានទាំងហៅស្មើជាមួយព្រះមហាក្សក្សត្រថែមទៀត។
ពីឆ្វេងទៅស្តាំ កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងលោក លី ចាន់ដារ៉ាវុត
ក្រោយមក សមត្ថកិច្ច បានចាប់ខ្លួនសកម្មជនមាតាធម្មជាតិចំនួន៣នាក់ គឺឈ្មោះ ស៊ុន រដ្ឋា ឈ្មោះ លី ចាន់ដារ៉ាវុត និងឈ្មោះ យឹម លាងហ៉ី។ ការចាប់ខ្លួននេះ គឺដោយសារអាជ្ញាធររកឃើញថា ក្រុមរបស់ពួកគេ ជាក្រុមដែលមានអង្គការចាត់តាំងខុសច្បាប់ និងមានការបញ្ជាពីក្រោយដោយជនបរទេសឈ្មោះ Alejandro Gonzalez Davidson ជាជនជាតិអេស្ប៉ាញ។ ចំណែក គ្រប់សកម្មភាពរបស់ក្រុមមាតាធម្មជាតិនេះ គឺយកឈ្មោះ និងជ្រកក្រោមស្លាកបរិស្ថាន ប៉ុន្តែ ដើម្បីបន្លំធ្វើសកម្មភាពប្រមូលយកព័ត៌មាន បញ្ហាផ្សេងៗពាក់ព័ន្ធនឹងបរិស្ថាននេះ ធ្វើជាលេស ជាឈ្នាន់ ឬមូលហេតុញុះញង់ដល់ប្រជាពលរដ្ឋ សាធារណជន ក្នុងគោលដៅប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាល។ ក្រុមនេះ ធ្វើសកម្មភាពបានដោយសារតែការផ្តល់ហិរញ្ញប្បទានពីខាងក្រៅ ដែលពាក់ព័ន្ធនឹងហិរញ្ញប្បទានភេរវកម្ម ផ្គត់ផ្គង់ដោយមេរបស់ពួកគេដែលជាជនបរទេស។
សកម្មភាពប្រជុំរបស់លោក Alejandro Gonzalez Davidson ជាមួយយុវជនមាតាធម្មជាតិតាមZOOM
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ តុលាការ បានសម្រេចចោទប្រកាន់លោក Alejandro Gonzalez Davidson និងយុវជន៣នាក់ខាងលើពីបទ«ប្រមាថអង្គព្រះមហាក្សត្រ» និង «រួមគំនិតក្បត់» ហើយនៅថ្ងៃទី២១ ខែមិថុនា តុលាការ បានសម្រេចឃុំយុវជនចលនាមាតាធម្មជាតិ៣នាក់ នៅពន្ធនាគារព្រៃសបណ្ដោះអាសន្ន ខណៈលោក Alejandro Gonzalez David ដែលជាមេខ្លោងស្ថិតនៅឯបរទេស។ ជាប់ពន្ធនាគារបានប្រហែល៥ខែ តុលាការ ក៏បានអនុញ្ញាតឱ្យពួកគេបាននៅក្រៅឃុំ ប៉ុន្តែ ស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។
ដោយឡែក យុវជនផ្សេងទៀត រួមមាន កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក ម៉ិញ ពិសិដ្ឋ កញ្ញា រ៉ី រក្សា និងលោក ពក ខឿយ ត្រូវបានអាជ្ញាធររកឃើញថា បានជាប់ពាក់ព័ន្ធនៅក្នុងការរៀបចំផែនការប្រឆាំង និងញុះញង់ប្រជាពលរដ្ឋ ដើម្បីឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ក្នុងនោះ យុវជន៣នាក់ គឺកញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និងកញ្ញា ឡុង គន្ធា ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោស និងជាប់ពន្ធនាគារពី១៨ ទៅ ២០ខែម្តងរួចមកហើយនៅក្នុងអំឡុងឆ្នាំ២០២១។ កាលណោះ ពួកគេ ត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងកាត់ទោស ពីបទញុះញង់ បន្ទាប់ពីនិយាយ និងធ្វើសកម្មភាពមិនពិតពាក់ព័ន្ធនឹងបញ្ហាដីបឹងតាមោក។
ក្រៅពីទោសទណ្ឌនេះ ពួកគេទាំង៣នាក់ ត្រូវបានតុលាការរកឃើញថា ជាប់ពាក់ព័ន្ធសកម្មភាពរួមគំនិតក្បត់ ចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ទើបត្រូវបានតុលាការចោទប្រកាន់បន្ថែមពីបទ រួមគំនិតក្បត់ ជាមួយក្រុមយុវជនមាតាធម្មជាតិដទៃទៀត។ ចុងក្រោយ គឺថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ លោក Alejandro Gonzalez Davidson និងយុវជនចំនួន៩ នាក់ត្រូវបានតុលាការចេញសាលក្រមកាត់ទោសឱ្យជាប់ពន្ធនាគារចន្លោះពី៦ឆ្នាំទៅ៨ឆ្នាំពីបទ រួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ។
លោក Alexandro Gonzalez Davidson
សូមបញ្ជាក់ឱ្យដឹងថា លោក Alexandro Gonzalez Davidson សញ្ជាតិអេស្ប៉ាញ ដែលជាមេចលនាមាតាធម្មជាតិ(ជាចលនាខុសច្បាប់ ព្រោះអង្គការមាតាធម្មជាតិត្រូវបានក្រសួងមហាផ្ទៃប្រកាសរំលាយចោល) ត្រូវបានក្រសួងមហាផ្ទៃសម្រេចបណ្តេញចេញពីប្រទេសកម្ពុជាកាលពីចុងឆ្នាំ២០១៥កន្លងទៅ។ ការបណ្តេញចេញនេះ ដោយសារតែជនបរទេសរូបនេះ បានប្រព្រឹត្តសកម្មភាពផ្ទុយពីច្បាប់របស់កម្ពុជា បង្កភាពអនាធិបតេយ្យ និងញុះញង់ប្រជាពលរដ្ឋក្រោមរូបភាពការពារបរិស្ថាន។
ចំណែក អង្គការមាតាធម្មជាតិដែលដឹកនាំដោយជននេះវិញ ត្រូវបានក្រសួងមហាផ្ទៃប្រកាសរំលាយចោលកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។ ការប្រកាសរំលាយនេះ ដោយសារអង្គការមួយនេះ បានធ្វើខុសទៅនឹងលក្ខខន្តិកៈដែលតម្តល់ទុកនៅក្រសួងមហាផ្ទៃ ហើយក៏ធ្វើឡើងតាមសំណើរបស់ព្រះតេជគុណ ព្រហ្ម ធម្មជាតិ ដែលជាស្ថានិក និងជាប្រធានអង្គការមាតាធម្មជាតិ។ លោក Alexandro Gonzalez Davidson ពេលនោះ គឺគ្រាន់តែជាអនុប្រធានអង្គការមាតាធម្មជាតិតែប៉ុណ្ណោះ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ