ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការរៀបចំប្រព័ន្ធកែទម្រង់រដ្ឋបាលសាធារណៈ ពេលនេះ សំដៅលើការផ្តល់សេវាជូនពលរដ្ឋកាន់តែប្រសើរ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល លើកឡើងថា ការរៀបចំប្រព័ន្ធកែទម្រង់រដ្ឋបាលសាធារណៈ នៅពេលនេះ សំដៅលើការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ មានទំនុកចិត្តខ្ពស់ ហើយអាចទទួលយកបាន។

ការលើកឡើងនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បានអញ្ជើញផ្ដល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ» វគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត ២ ជំនាន់ទី ១១ នៅវិមាន ៧ មករា កាលពីព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៤ នេះ។
នាឱកាសនោះដែរ សង្កត់ធ្ងន់ទៅលើការងារកែទម្រង់រដ្ឋបាលសាធារណៈ ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងថា «ការរៀបចំប្រព័ន្ធកែទម្រង់នៅពេលនេះ មិនមែនសំដៅទៅលើការធ្វើការងារឲ្យបានកាន់តែល្អប្រសើរមួយកម្រិតនោះទេ ប៉ុន្តែសំដៅទៅលើការផ្តល់សេវាជូនទៅដល់ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ មានទំនុកចិត្តខ្ពស់ ហើយអាចទទួលយកបាន»។

ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបន្តថា «អ្វីដែលយើងធ្វើនៅពេលនេះ គឺបន្សល់នូវកេរដំណែលសម្រាប់អ្នកជំនាន់ក្រោយ ហើយកេរដំណែលនោះ គឺមានប្រព័ន្ធរដ្ឋបាលសាធារណៈមួយដែលមានសមត្ថភាពខ្លាំង វៃឆ្លាត ស្អាតស្អំ»។
ទន្ទឹមនេះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានបង្ហាញពីភាពជាគំរូ និងគោលការណ៍ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសការគួរស្វែងយល់ និងសិក្សាបន្ថែមពីការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជា ដោយឈរលើគោលជំហររឹងមាំ ប្រកបដោយសាមគ្គី ឯកភាពផ្ទៃក្នុង។

ជាមួយនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានជំរុញចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវប្រកាន់ខ្ជាប់ ធ្វើយ៉ាងណារក្សានូវសាមគ្គីឯកភាពផ្ទៃក្នុង ព្រមទាំងចូលរួមបំពេញតួនាទី ភារកិច្ច ក្នុងគោលដៅបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។
គួរជម្រាបថា វគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត ២ ជំនាន់ទី ១១ ដែលបានប្រព្រឹត្តទៅ ព្រឹកមិញនេះ មានសិក្ខាកាមដែលជាមន្ត្រីគណបក្សមកពីបណ្ដាគណបក្សក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអង្គការយុវជនគណបក្ស អញ្ជើញចូលរួមសរុបចំនួន ១៣៥ រូប។

ចំពោះបទឧទ្ទេសនាមរបស់ ឯកឧត្ដម ហ៊ុន ម៉ានី នាព្រឹកមិញនេះ ត្រូវបានបែងចែកជា ០២ ផ្នែក រួមមាន ៖ ទី១.សាវតារ និងដំណើរប្រព្រឹត្តទៅរបស់ក្រសួងមុខងារសាធារណៈ រួមទាំងកិច្ចការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងអាណត្តិទី ៧ នៃរដ្ឋសភា និង ទី២.ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានចែករំលែកគោលការណ៍បក្ស និងខ្លឹមសារនានា ពាក់ព័ន្ធទៅនឹងការពង្រឹងការងារក្នុងក្របខណ្ឌគណបក្សប្រជាជនកម្ពុជា៕


-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ