ព័ត៌មានជាតិ
កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់
កម្ពុជា-ជប៉ុន ប្រកាសប្ដេជ្ញារួមគ្នាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់។ ការប្ដេជ្ញានេះ បានលើកឡើងដោយនាយករដ្ឋមន្ត្រីកម្ពុជា និងរដ្ឋមន្ត្រីការបរទេសជប៉ុន ក្នុងជំនួបនាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

ក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា លោកស្រី KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងជំនួប លោកស្រីរដ្ឋមន្ត្រីការបរទេស បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពេលនេះ។
លោកស្រីរដ្ឋមន្ត្រី បានជម្រាបជូនសម្តេចធិបតីអំពីភាពរីកចម្រើននៃទំនាក់ទំនងជប៉ុន-កម្ពុជា ដែលប្រកបដោយភាពជឿទុកចិត្តគ្នាទៅវិញទៅមក ចាប់តាំងពីដំណើរការស្វែងរកសន្តិភាព និងការចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជារហូតដល់ពេលបច្ចុប្បន្ន។ លោកស្រី បញ្ជាក់ថា សម្រាប់អនាគតកាល រាជរដ្ឋាភិបាលជប៉ុន នឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ចំពោះលោកស្រី KAMIKAWA Yoko និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានអរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែបានចូលរួមគាំទ្រដល់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ដែលជាទំនាក់ទំនងស្ថិតក្នុងកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីការដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ក្នុងឆ្នាំ២០២៣ ព្រមទាំងការដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្ដេចធិបតី និងលោកស្រីរដ្ឋមន្ត្រី ក៏បានពិភាក្សាគ្នាក្នុងការបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី តាមអភិក្រមថ្មីលើវិស័យជាច្រើន រួមមាន៖១) ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធសង្គម តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាត និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់, ការជំរុញអភិវឌ្ឍលើវិស័យ ឌីជីថល និងសន្តិសុខសាយប័រ ២) កិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់លំហសមុទ្រ តាមរយៈការចូលរួមរៀបចំ និងអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ សំដៅប្រែក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកតំបន់ ព្រមទាំងកិច្ចសហប្រតិបត្តិការលើសន្តិសុខលំហសមុទ្រ តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ក៏ដូចជានគរបាលជើងទឹកកម្ពុជា និងឆ្មាំសមុទ្រជប៉ុន លើការបណ្ដុះបណ្ដាលធនធានមនុស្ស និងការហ្វឹកហ្វឺនរួមគ្នា។
លើសពីនេះ ការបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីន ដោយលោកស្រីរដ្ឋមន្ត្រី បានបង្ហាញការគាំទ្រកម្ពុជាក្នុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅខែវិច្ឆិកា ឆ្នាំ២០២៤។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំកិច្ចប្រជុំ នៃអនុសញ្ញាអូតាវ៉ានេះ និងបានថ្លែងអំណរគុណដល់ភាគីជប៉ុន ដែលបានចូលរួមចំណែក និងគាំទ្រដល់កិច្ចដំណើរការនៃការរៀបចំ។

សម្តេចធិបតី និងលោកស្រីរដ្ឋមន្រ្តី ក៏បានពិភាក្សាគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងការទាក់ទាញវិនិយោគពីប្រទេសជប៉ុន។ ភាគីទាំងពីរ ក៏បានស្វាគមន៍ និងអបអរសាទរចំពោះការដំឡើងកម្រិតនៃកិច្ចសន្ទនារវាងវិស័យការពារជាតិ និងវិស័យការបរទេស និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដល់កម្រិតនៃថ្នាក់អនុរដ្ឋមន្ត្រីនៃប្រទេសទាំងពីរផងដែរ។ ព្រមជាមួយគ្នានេះ សម្ដេចធិបតី និងលោកស្រីរដ្ឋមន្ត្រី ថែមទាំងបានពិភាក្សាអំពីការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាពក្នុងតំបន់ និងអន្តរជាតិសំដៅផ្ដល់នូវអត្ថប្រយោជន៍ទៅវិញដល់ប្រជាជន និងប្រទេសទាំងពីរ៕

-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច