ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ថ្នាក់ដឹកនាំបន្តវេន កម្ពុជា នៅតែបន្តស្មារតីមិត្តភាព សាមគ្គីភាព រវាង កម្ពុជា-វៀតណាម
ឯកឧត្ដម ហ៊ុន ម៉ានី គូសបញ្ជាក់ថា ថ្នាក់ដឹកនាំបន្តវេនរបស់ កម្ពុជា នៅតែបន្តស្មារតីមិត្តភាព និងសាមគ្គីភាព រវាងប្រទេសកម្ពុជា-វៀតណាម ដែលមានភូមិផងរបងជាមួយគ្នា។

ការគូសបញ្ជាក់នេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្ដម Pham Minh Chinh នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈការបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីរសៀលថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៤ ថ្មីៗ នេះ។
នាឱកាសនោះ ឯកឧត្ដម Pham Minh Chinh បានសម្តែងនូវកិច្ចស្វាគមន៍ និងសេចក្ដីសោមនស្សរីករាយ ដោយបានជួបជាមួយគណៈប្រតិភូកម្ពុជា ដែលនេះជាប្រពៃណី នៃសាមគ្គីភាព និងការយកចិត្តទុកដាក់គ្នាទៅវិញទៅមកក្នុងនាមជាអ្នកជិតខាងល្អ។

ជាមួយនេះ តាងនាមគណៈប្រតិភូ ឯកឧត្ដម ហ៊ុន ម៉ានី បានជម្រាបជូន ឯកឧត្ដម Pham Minh Chinh អំពីលទ្ធផលគួរជាទីមោទនៈ នៃកិច្ចជំនួបនានា ជាមួយឥស្សរជន ទាំងក្នុងជួរបក្ស និងក្នុងជួរថ្នាក់ដឹកនាំយុវជនវៀតណាម ដែលគ្រប់ជំនួបទាំងអស់ ភាគីទាំងពីរ បានបង្ហាញនូវលទ្ធផលដ៏ត្រចះត្រចង់ នៃកិច្ចសហប្រតិបត្តិការ នាពេលកន្លងមក ជាពិសេសការប្ដេជ្ញារបស់ភាគីទាំងពីរក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហការបន្ថែមទៀតទៅអនាគត។
ឯកឧត្ដម ហ៊ុន ម៉ានី គូសបញ្ជាក់ថា «ថ្នាក់ដឹកនាំបន្តវេនរបស់កម្ពុជា នៅតែបន្តស្មារតីមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំង ២ ដែលមានភូមិផងរបងជាមួយគ្នា ហើយនឹងបន្តលើកកម្ពស់បុព្វហេតុ នៃមិត្តភាព និងសាមគ្គីភាពជាប្រពៃណី នៃប្រទេសយើងទាំងពីរ ដែលបានប្រយុទ្ធតស៊ូ ស្មាកៀកស្មា ជួយគ្នាទៅវិញទៅមកក្នុងប្រវត្តិសាស្ត្រ ទាំងក្នុងដំណាក់កាលសង្គ្រាម និងក្នុងសន្តិភាព ដើម្បីឯករាជ្យ ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ»។

ជាចុងបញ្ចប់ ឯកឧត្ដមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ច នៅពេលនេះ និងបានបង្ហាញនូវការគាំទ្រតាមគ្រប់លទ្ធភាព ក្នុងគោលដៅចូលរួមបង្កបរិយាកាសឲ្យទំនាក់ទំនង នៃប្រទេសទាំងពីរ កាន់តែមានភាពស្អិតរមួត ទោះក្នុងកាលៈទេសៈ នៃសុខសន្តិភាព។
គួរជម្រាបថា ឯកឧត្ដម ហ៊ុន ម៉ានី បានអញ្ជើញដឹកនាំប្រតិភូគណៈចលនាមហាជន ចំនួន ១៣ រូប ទៅបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល ៤ ថ្ងៃ គឺ ចាប់ពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៤ ដល់ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៤។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់គណៈចលនាមហាជន នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណង នៃការពង្រឹង និងពង្រីកនូវទំនាក់ទំនងរវាងគណៈចលនាមហាជនរបស់គណបក្សទាំង ២ ឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ក៏ដូចជាផ្លាស់ប្ដូរបទពិសោធក្នុងការងារចលនាមហាជនផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ