ព័ត៌មានជាតិ
រដ្ឋាភិបាល នឹងដាក់ចេញគោលនយោបាយថ្មី សម្រាប់ជំរុញការវិនិយោគខេត្តព្រះសីហនុ
រាជរដ្ឋាភិបាលកម្ពុជា ត្រៀមដាក់ចេញនូវគោលនយោបាយពិសេសបន្ថែមទៀតនៅឆ្នាំ ២០២៥ សម្រាប់ជំរុញការ
វិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីប្រែក្លាយមុខមាត់ និងអនាគតខេត្តនេះឱ្យទៅជាប៉ូលសេដ្ឋកិច្ចចម្បង តាមរយៈបង្កើនការទាក់ទាញវិនិយោគ និងដោះស្រាយបញ្ហាដែលមានចំពោះមុខ តួយ៉ាងសំណង់អគារជាប់គាំងជាដើម។
នាឱកាសអញ្ជើញជាអធិបតី “បើកវេទិកាធុរកិច្ចកម្ពុជា-បារាំង” នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៤ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងឆ្នាំនេះ រដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីពិសេស ជំរុញការវិនិយោគខេត្តព្រះសីហនុ ឆ្នាំ ២០២៤ ដោយផ្តល់ការសម្រួលនីតិវិធី និងអត្ថប្រយោជន៍ពិសេសបន្ថែម ដល់វិនិយោគិនលើសពីច្បាប់ស្តីពីវិនិយោគ ។ សម្តេចធិបតីបន្តថា៖« នៅឆ្នាំ ២០២៥ យើងនឹងមានការដាក់ចេញនូវគោលនយោបាយបន្ថែមទៀត ដើម្បីជំរុញការវិនិយោគ នៅខេត្តព្រះសីហនុ ជាពិសេសទៅលើផ្នែកមួយចំនួន»។
សម្តេចធិបតី គូសបញ្ជាក់ថា រដ្ឋាភិបាលតែងតែគិតគូរពីសុខុមាលភាពវិនិយោគិនទាំងអស់ដោយយកចិត្តទុកដាក់ស្តាប់ជាប្រចាំនូវបញ្ហាប្រឈម ដែលវិនិយោគិនលើកឡើង និងពង្រឹងទំនាក់ទំនងឥតឈប់ឈរជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពដោយប្រកាន់ភ្ជាប់នូវគោលការណ៍គិតរួម ធ្វើសកម្មភាពរួម និងទទួលខុសត្រូវរួម។

ការត្រៀមដាក់ចេញគោលនយោបាយថ្មីនេះ ដើម្បីជំរុញបន្ថែមដល់ការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ដែលបានប្រកាសដាក់ចេញពីកាលពីខែមករាឆ្នាំនេះ។ ប៉ុន្តែគិតត្រឹមថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤ គម្រោងអគារចំនួន ១៤ ប៉ុណ្ណោះដែលមានទុនវិនិយោគប្រមាណ ៧៣៧ លានដុល្លារ ទទួលបានការអនុម័តពីរាជរដ្ឋាភិបាល នៅក្នុងចំណោមជាង ៣៦០អគារដែលបានជាប់គាំង។
នាពិធី “បើកវេទិកាធុរកិច្ចកម្ពុជា-បារាំង ខាងលើ លោក CYRIL GIROT ប្រធានសពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំកម្ពុជា មានប្រសាសន៍ថា ភាពខ្លាំងក្លានៃទំនាក់ទំនងរវាងប្រទេសបារាំងនិងកម្ពុជា គឺត្រូវបានបង្ហាញតាមរយៈការគាំទ្រជាប្រចាំដល់ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។ លោកថ្លែងថា៖«តួអង្គក្រុមហ៊ុនបារាំង នឹងឃើញសក្តានុពលដ៏ខ្លាំងនៃសេដ្ឋកិច្ចកម្ពុជា ហើយនៅពេលដែលទៅទស្សនកិច្ចនៅទីក្រុងព្រះសីហនុ នឹងយល់ពីមហិច្ឆតារបស់ថ្នាក់ដឹកនាំប្រទេសកម្ពុជា ដែលបង្កើតទៅជាទីក្រុងមួយ ទីក្រុងឆ្លាតដែលមានភាពបត់បែន ដើម្បីជាប្រយោជន៍របស់ប្រជាជន»។
ឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំនៅកម្ពុជា លោក CYRIL GIROT ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនបារាំង ដែលចង់វិនិយោគនៅកម្ពុជាអាចចូលរួមជាមួយសហគមន៍របស់លោក ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាជាច្រើនអណត្តិមកហើយ និងបានឃើញពីកិច្ចខិតខំប្រឹងប្រែងរដ្ឋាភិបាលកម្ពុជាបង្កើតគោលនយោបាយដែលមានភាពទាក់ទាញចំពោះបណ្តាក្រុមហ៊ុន។
លោកថ្លែងដោយមានភាពជឿជាក់ថា៖«រាជរដ្ឋាភិបាលថ្មី សម្តេចធិបតី ក៏ជាក្រុមការងារដែលមានថាមពល និងរហ័ស
រហួន ដែលគាំទ្រទៅដល់ពាណិជ្ជកម្ម និងមានឆន្ទៈខ្លាំងក្លា ក្នុងការនាំប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍន៍រីកចម្រើន គឺថាធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។

គួររំឭកថា ខណៈដែលខេត្តព្រះសីហនុប្រឈមនឹងការរីកលូតលាស់យឺត និងមានបញ្ហាអគារជាប់គាំង ក្រោយពីវិបត្តិជំងឺកូវីដ-១៩, រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់ ជាពិសេសការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តនេះ ។ ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងជំរុញការអភិវឌ្ឍ សម្រាប់រយៈពេលមធ្យម និងវែងផង រដ្ឋាភិបាលនីតិកាលទី ៧ បានដាក់ចេញជាវិធានការមានលក្ខណៈជាកញ្ចប់ដើម្បីលើកស្ទួយសកម្មភាពធុរកិច្ចឡើងវិញ ទាំងផ្នែកពាណិជ្ជកម្ម និងការវិនិយោគ នៅក្នុងខេត្តឱ្យកាន់តែខ្លាំងឡើង ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល សម្រេចដាក់ចេញ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» សំដៅកសាងខេត្តព្រះសីហនុ ទៅជាខេត្តឈានមុខ និងជាខេត្តគំរូ ក្នុងការជំរុញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ប្រែក្លាយខេត្តនេះ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ព្រមទាំងចូលរួមពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ឱ្យកាន់តែមានសម្ទុះឡើងក្នុងរយៈពេលខ្លី ។
តាមរយៈកម្មវិធីពិសេសឆ្នាំ ២០២៤ គឺមានការលើកលែងពន្ធលើប្រាក់ចំណូលរយៈពេល ៣ ឆ្នាំ, ពន្ធអប្បបរមារយៈពេល ៣ ឆ្នាំ និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល រយៈពេល ៣ ឆ្នាំ សម្រាប់គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចនានា ដែលពុំស្ថិតក្រោមច្បាប់ស្តីពីវិនិយោគនៃកម្ពុជា និងអត្ថប្រយោជន៍ផ្សេងៗទៀត៕
អត្ថបទ៖ ឡាយ សាមាន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?