ព័ត៌មានជាតិ
សម្ដេចតេជោ លើកទឹកចិត្តឱ្យហ្វីលីពីនចាប់យកឱកាសវិនិយោគដោយផ្ទាល់នៅកម្ពុជាលើវិស័យស្រូវអង្ករ
ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតហ្វីលីពីន នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍ និងលើកទឹកចិត្តដល់អ្នកវិនិយោគហ្វីលីពីនឱ្យចាប់យកឱកាសវិនិយោគដោយផ្ទាល់នៅប្រទេសកម្ពុជាលើវិស័យស្រូវអង្ករ។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-488-1024x708.png)
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ពីសក្តានុពលជាច្រើនរវាងកម្ពុជា និងហ្វីលីពីន ដែលត្រូវពិនិត្យរួមគ្នាប្រើប្រាស់ឱ្យអស់លទ្ធភាព ដើម្បីជាផលប្រយោជន៍ និងជាការរីកចម្រើននៃប្រទេសទាំងពីរ។ សម្តេចតេជោ បានសម្ដែងក្តីរីករាយចំពោះពាណិជ្ជកម្មទ្វេភាគីកន្លងមក ដែលហ្វីលីពីន បាននាំចូលអង្ករពីកម្ពុជា ហើយសម្តេចតេជា ស្វាគមន៍រាល់ការវិនិយោគដោយផ្ទាល់របស់ក្រុមហ៊ុនហ្វីលីពីននៅកម្ពុជាផងដែរ។
ក្នុងន័យនេះ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានលើកទឹកចិត្តឱ្យហ្វីលីពីនគួរតែពិនិត្យ និងច្បាមយកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យផលិតស្រូវអង្ករ ដោយវិនិយោគិនហ្វីលីពីនអាចមកបណ្ដាក់ទុន ១០០% នៅកម្ពុជា តាមរយៈរៀបចំជាយន្តការប្រមូលទិញស្រូវ ម៉ាស៊ីនកិនស្រូវ ការវេចខ្ចប់ ស្តុក និងការនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន ក៏ដូច ជានៅទៅកាន់បណ្ដាប្រទេសផ្សេងទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-489-1024x612.png)
បន្ថែមពីលើការវិនិយោគលើវិស័យស្រូវអង្ករនេះ សម្តេចតេជោ ក៏បានជំរុញឱ្យលោកស្រីអគ្គរដ្ឋទូតខិតខំឱ្យមានជើងហោះ ហើរផ្ទាល់ពីហ្វីលីពីនមកកម្ពុជាឱ្យកាន់តែច្រើន ដែលជាកត្តាសំខាន់ក្នុងការរួមចំណែកដល់ការតភ្ជាប់ប្រជាជន និងប្រជាជន ជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ និងជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកវិនិយោគ ក៏ដូចជាអ្នកការទូតហ្វីលីពីនផងដែរ។
សម្តេចតេជោ សង្កត់ធ្ងន់ថា កម្ពុជា និងហ្វីលីពីន ត្រូវតែទាញយកសក្តានុពលសេដ្ឋកិច្ចពីកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ខណៈពិភពលោកកំពុង ជួបប្រទះវិបត្តិស្មុគ្រស្មាញ និងគ្រោះថ្នាក់។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-490-1024x722.png)
ជារួម សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលកម្ពុជា និងហ្វីលីពីន ដែលសម្រេចបានកន្លងមក ដោយផ្អែកលើជំនឿទុកចិត្តគ្នាទៅវិញទៅមកតាំងពីអតីតកាលមក ហើយទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន នឹងត្រូវបានពង្រឹងពង្រីកបន្ថែមទៀត ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី អាណត្តិទី៧នេះ។ សម្ដេចតេជោ បានប្រាប់លោកស្រីរដ្ឋទូតដែរថា ទោះបីជាមានការផ្លាស់ប្ដូរប្រមុខដឹកនាំរាជដ្ឋាភិបាលនៅកម្ពុជាក៏ដោយ ក៏កម្ពុជាពុំមានការផ្លាស់ប្ដូរក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ជាពិសេសក្នុងទំនាក់ទំនងជាមួយនឹងហ្វីលីពីន។
ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចតេជោ ថា ក្នុងអាណត្តិបេសកកម្មការទូតនៅប្រទេសកម្ពុជា លោកស្រី នឹងខិតខំពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល និងទំនាក់ទំនងយោធា។ លោកស្រី បញ្ជាក់ថា ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ បច្ចុប្បន្នគឺមានក្រុមហ៊ុនហ្វីលីពីន កំពុងដំណើរការនៅក្នុងប្រទេសកម្ពុជាលើផ្នែកសុខាភិបាល អប់រំ និងឧស្សាហកម្មកែច្នៃម្ហូបអាហារ ខណៈអ្នកវិនិយោគហ្វីលីពីន ក៏កំពុងសម្លឹងមើលឱកាស និងដៃគូធុរកិច្ច ដើម្បីវិនិយោគបន្ថែមលើវិស័យសំណង់ អាហារនិងភេសជ្ជៈ ឧស្សាហកម្មកែច្នៃអាហារ និងផលិតអាហារ ហាងលក់រាយ និងវិស័យអប់រំជាដើម៕
![](https://www.kampucheathmey.com/wp-content/uploads/2024/07/IMG_3525-1024x683.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត