ព័ត៌មានជាតិ
ប្រតិបត្តិការឆែកឆេរ៖ លោក ស សុខា ថា រកឃើញអាវុធ គ្រឿងញៀន និងសម្ភារៈផ្សេងទៀតក្នុងពន្ធនាគារ
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានលើកឡើងថា អំឡុងពេលចុះប្រតិបត្តិការឆែកឆែរបន្ទប់ឃុំឃាំងនៅតាមពន្ធនាគារទូទាំងប្រទេស ដោយឃើញមានសម្ភារៈមិនគប្បីមួយចំនួននៅទីនោះ។ នេះបើតាមការផ្សព្វផ្សាយរបស់អគ្គស្នងការនគរបាលជាតិ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤។

លោក ស សុខា លើកឡើងបែបនេះ ក្នុងឱកាសលោកចូលរួមពិធីប្រកាសចូលកាន់មុខតំណែង លោក មាន ចាន់យ៉ាដា ជាអភិបាលខេត្តឧត្តរមានជ័យ ជំនួសលោក ប៉ែន កុសល្យ នាព្រឹកថ្ងៃទី៨ ខែកក្កដា។ ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា នៅពេលថ្មីៗនេះ ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរបន្ទប់ឃុំឃាំងតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស ដោយរកឃើញនូវសម្ភារៈមិនគប្បីមួយចំនួន ដែលច្បាប់មិនអនុញ្ញាតឱ្យអ្នកជាប់ឃុំប្រើប្រាស់ ដូចជា អាវុធ គ្រឿងញៀន ដែកចុងស្រួច ឡាម និងសម្ភារៈមួយចំនួនទៀត។

លោក ស សុខា បន្តថា ការចុះឆែកឆែរនេះ មានគោលដៅពង្រឹងសន្តិសុខពន្ធនាគារ ស្របតាមគោលការណ៍ ច្បាប់ជាតិ និងអន្តរជាតិ ដោយមិនមែនជាការបំពានសិទ្ធិអ្នកជាប់ឃុំដូចការលើកឡើងរបស់សង្គមស៊ីវិលមួយចំនួននោះឡើយ។ ការបញ្ជាក់ពីប្រមុខក្រសួងមហាផ្ទៃយ៉ាងដូច្នេះ គឺជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់សង្គមស៊ីវិល និងអ្នកវិភាគមួយចំនួន ដែលបែរជាយល់ថាចំណាត់ការរបស់ក្រសួងមហាផ្ទៃ ដើម្បីពង្រឹងសន្តិសុខក្នុងពន្ធនាគារនេះ ថាជាការបំពានសិទ្ធិអ្នកជាប់ឃុំទៅវិញ។
តាមអគ្គស្នងការជាតិបានរម្លឹកថា ពីមុនធ្លាប់មានអ្នកជាប់ឃុំលួចប្រើទូរសព្ទ ដើម្បីបញ្ជាទៅគូកននៅខាងក្រៅឱ្យប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀន លោក ស សុខា បានផ្ដល់គោលការណ៍ណែនាំជារួមទៅកាន់អគ្គនាយកដ្ឋានពន្ធនាគារ អភិបាលរាជធានី ខេត្ត រួមទាំងប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែរាជធានី ខេត្តទាំងអស់ យកចិត្តទុកដាក់ជំរុញ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតលើការងារពង្រឹងសន្តិសុខក្នុងពន្ធនាគារ ជាពិសេសត្រូវត្រួតពិនិត្យឱ្យបានម៉ត់ចត់រាល់ការនាំចូលម្ហូបអាហារ និងសម្ភារៈផ្សេងៗ និងការពង្រឹងភាពស្អាតស្អំរបស់មន្រ្តីនៅខាងក្នុង។
អំឡុងពេលប្រកាសពីការកាន់ចូលកាន់តំណែងជាអភិបាលខេត្តឧត្តរមានជ័យថ្មី លោក ស សុខា ក៏បាន ណែនាំឱ្យរដ្ឋបាលខេត្ត យកចិត្តទុកដាក់បង្ក្រាបករណីជួញដូរ និងប្រើប្រាស់អាវុធខុសច្បាប់ បញ្ហាគ្រឿងញៀន ល្បែងស៊ីសង អំពើជួញដូរមនុស្ស សុវត្ថិភាពចរាចរណ៍ ជាពិសេសពិនិត្យលទ្ធភាពឈានទៅកាត់បន្ថយការផ្សព្វផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈ ពង្រឹងសុវត្ថិភាពចំណីអាហារ រួមទាំងអាហារសម្រាប់កុមារតាមសាលារៀន ខិតខំទាក់ទាញការវិនិយោគ ពង្រីកសក្ដានុពលទេសចរណ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាប់ព្រំដែននៃប្រទេសថៃ។

គួរម្លឹកថា កាលពីទី៥ ខែកក្កដា ឆ្នាំ២០២៤ លោក ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានដាក់បញ្ជាម៉ឺងមាត់បើកយុទ្ធនាការឆែកឆេរគ្រប់មណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងប្រទេស តាមការណែនាំរបស់លោក ស សុខា។ ក្នុងនោះ លោកអគ្គនាយកពន្ធនាគារ បានចុះដឹកនាំបញ្ជាដោយផ្ទាល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយនឹងកម្លាំងអគ្គនាយកដ្ឋានពន្ធនាគារសរុបចំនួន៤៤៧នាក់ ចុះឆែកឆេរមណ្ឌលអប់រំកែប្រែទី២ មណ្ឌលអប់រំកែប្រែទី១ និងពន្ធនាគាររាជធានីភ្នំពេញ៕
ដោយ៖ អុន ស្រីមាន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត