ព័ត៌មានជាតិ
ដកគណៈគ្រប់គ្រង ២ វិទ្យាល័យ នៅភ្នំពេញ ក្រោយរកឃើញកំហុស តាមពាក្យបណ្ដឹង
មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានសម្រួលផ្លាស់ប្ដូរភារកិច្ចរបស់គណៈនាយកចំនួន ២រូប បន្ទាប់ពីបានរកឃើញថា ពួកគាត់ពិតជាបានសាងកំហុស តាមពាក្យបណ្ដឹង ពិតមែន ពោលគឺបាន ដកគណៈគ្រប់គ្រង ២ វិទ្យាល័យ នៅភ្នំពេញ ក្រោយក្លែងសញ្ញាបត្រ និងសៀវភៅសិក្ខាគារិក។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានឱ្យ កម្ពុជាថ្មី ដឹងនៅរសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នេះថា មន្ទីរមានការសម្រួលភារកិច្ចគណៈនាយកចំនួន ២រូប តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ការសម្រួលភារកិច្ចគណៈនាយកទាំង ២រូបនោះ ទី១ គឺផ្លាស់គាត់ឱ្យមកបម្រើការនៅមន្ទីរអប់រំ ហើយម្នាក់ទៀតផ្លាស់ឱ្យទៅបម្រើការនៅអនុវិទ្យាល័យមួយ។

លោក ហែម ស៊ីណារ៉េត មានប្រសាសន៍បន្តថា៖ “អ្វីដែលជាកំហុសដែលបានរកឃើញ គឺមានពាក្យបណ្ដឹងមួយទៅក្រសួងអប់រំ ដែលបានប្ដឹងចោទប្រកាន់ដាក់បន្ទុកពួកគាត់។ ទី១ គឺគាត់បានក្លែងសញ្ញាបត្រឌីប្លូម ទី២ គាត់រៀបចំក្លែងសៀវភៅសិក្ខាគារិក ហើយពេលក្រសួងចុះស្រាវជ្រាវ ពួកគាត់បានសារភាពទទួលកំហុស ហើយក្រសួងបានចាត់ចែងទៅតាមទោសកំហុសនោះ”។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញខាងលើ បានឱ្យដឹងបន្ថែមថា ចំពោះវិធានការផ្សេងទៀត គឺមិនមានទេ ព្រោះនេះជាការអនុវត្តវិធានការរដ្ឋបាល ដែលការអនុវត្តវិធានការរដ្ឋបាលនេះ គឺដកតួនាទីដូចជម្រាបជូនខាងលើ ហើយពុំមានការចោទប្រកាន់ទៅតាមផ្លូវតុលាការ ឬអ្វីផ្សេងទៀតទេ។

លោក ហែម ស៊ីណារ៉េត មានប្រសាសន៍បន្តថា៖ “អ្វីជាបណ្ដាំផ្ញើ គឺខ្ញុំតែងតែជម្រាបជូនក្នុងគ្រប់ប្រជុំទាំងអស់ មិនមែនតែប្រជុំគណៈនាយកទេ គឺការណ៍ដែលយើងអនុវត្តផ្ទុយខុសទៅនឹងការណែនាំគោលការណ៍ដែលមានជាធរមាន គឺយើងអាចប្រឈមនឹងវិធានការរដ្ឋបាល នេះមិនទាន់គិតថា បទល្មើសណាដែលយើងចោទប្រកាន់ក្នុងផ្លូវច្បាប់ថែមទៀតផង។ ខ្ញុំតែងណែនាំថា រាល់បាតុភាពអសកម្ម ត្រូវឱ្យមន្ត្រីទាំងអស់ ជាពិសេសមន្ត្រីគ្រប់គ្រង គឺដាច់ខាតត្រូវបញ្ចៀសឱ្យបាន ព្រោះបើមានការចោទប្រកាន់ណាមួយកើតឡើង គឺក្រសួង និងមន្ទីរអប់រំ នឹងអនុវត្តវិធានការរដ្ឋបាលហើយ”។

គួរបញ្ជាក់ថា ក្រោយរកឃើញកំហុសរបស់គណៈគ្រប់គ្រងខាងលើ មន្ទីរអប់រំ យុវជន និងកីឡា បានធ្វើសំណើសុំទៅសាលារាជធានី ដោយដូរ នាយកវិទ្យាល័យទួលស្វាយព្រៃ ឱ្យគាត់មកបម្រើការនៅមន្ទីរអប់រំ ចំណែក នាយិការង វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ គឺប្ដូរឱ្យទៅបម្រើការងារនៅ អនុវិទ្យាល័យចំបក់មាស ខណ្ឌជ្រោយចង្វា វិញ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២២ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម