ព័ត៌មានជាតិ
ក្រសួងការងារ និងសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន ចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការចុះកម្មសិក្សា
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយលោក FUKUHARA KOJI ប្រធាននៃសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន(JBAC) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការចុះកម្មសិក្សាក្នុងគោលបំណងគាំទ្រលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។

ការចុះអនុស្សរណៈដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានគោលបំណងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ បង្កើនសមត្ថភាព និងការផ្លាស់ប្តូរជំនាញក្នុងទិសដៅដើម្បីបង្កើនផលិតភាពការងារដល់កម្លាំងពលកម្មដែលជាយុវជនពេញកម្លាំងរបស់កម្ពុជា រួមទាំងយុវជនគោលដៅដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដើម្បីអាចទទួលបានការងារដែលមានស្ថេរភាព និងមានប្រាក់ចំណូលសមរម្យ។
កិច្ចសហប្រត្តិបត្តិការរវាងភាគីទាំងពីរនេះ ក៏នឹងផ្តល់វិសាលភាពធំទូលាយលើការអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យដោយនឹងផ្តោតលើសកម្មភាពសំខាន់ៗដូចជាការធ្វើសិក្ខាសាលា ការចុះកម្មសិក្សារបស់សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងសកម្មភាពសំខាន់ៗផ្សេងទៀតដែលជាគុណប្រយោជន៍សម្រាប់ការពង្រឹងសមត្ថភាព ផលិតភាពដើម្បីបម្រើទីផ្សារការងារនៅកម្ពុជា។

លោក FUKUHARA KOJI ប្រធាននៃសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន(JBAC) បានលើកឡើងថា ការចុះអនុស្សរណៈនេះ នឹងបើកផ្លូវឱ្យមានការចុះកម្មសិក្សាពីសិក្ខាកាមជំនាញនៅក្រុមហ៊ុនជប៉ុនដែលមានវត្តមាននៅកម្ពុជាដែលជាយន្តការពង្រឹងសមត្ថភាព និងការក្រេបជញ្ជក់ចំណេះជំនាញពីក្រុមហ៊ុនជប៉ុន។

ថ្លែងទៅកាន់អង្គពិធី លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការចុះកម្មសិក្សានេះ គឺមិនត្រឹមតែជាការបណ្តុះបណ្តាលសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរៀនសូត្រពីបរិយាកាសក្នុងកន្លែងការងារបន្ទាប់ពីកាសិក្សាក្នុងសាលាផងដែរ។ ក្រៅពីនេះ លោករដ្ឋមន្ត្រី បានជំរុញឱ្យសហគ្រិនជប៉ុនបញ្ជូនបុគ្គលិកចូលវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដើម្បីបង្កើនផលិតភាពការងារជាមួយនឹងកាលវិភាគដែលមានភាពបត់បែនក្នុងកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលដោយឥតគិតថ្លៃ។

ការចុះអនុស្សរណៈរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុននាពេលនេះ គឺជាការចុះអនុស្សរណៈថ្មីមួយបន្ថែមទៀតបន្ទាប់ពីក្រសួងការងារ បានចុះអនុស្សរណៈជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៧ស្ថាប័នកាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ដើម្បីផ្តល់ឱកាសយុវជនកម្ពុជាដែលបានសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ អាចចូលធ្វើការដើម្បីដកស្រង់បទពិសោធន៍ជាក់ស្តែងបានដោយពិតប្រាកដ៕




-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?