Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ ផ្អាកសកម្មភាពសំណង់ខុសច្បាប់រំលោភដងព្រែក របស់លោកអធិការរងនគរបាលស្រុកបូទុមសាគរ ជាលើកទី៣

បានផុស

នៅ

លោកអនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និង សូរិយោដី ខេត្តកោះកុង អភិបាលរងស្រុកបូទុមសាគរ និងមន្រ្តីមូលដ្ឋានជាច្រើននាក់ទៀត បានចុះពិនិត្យ និងសម្រេចឱ្យម្ចាស់សំណង់ គឺលោកអធិការរងនគរបាលស្រុកបូទុមសាគរផ្អាកសកម្មភាពជាបន្ទាន់ ក្រោយរកឃើញថាបានសង់ចូលព្រែកគ្មានច្បាប់អនុញ្ញាត ស្ថិតនៅឃុំអណ្តូងទឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់«កម្ពុជាថ្មី» លោក នួន ពន្លឺ អនុប្រធាន មន្ទីរ រៀបចំដែនដី នគររូបនីយកម្មសំណង និង សូរិយោដី ខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ថា រូបលោក ពិតជាបានចុះត្រួតពិនិត្យហើយស្នើឱ្យឈ្មោះ ប៊ុន ប្រុស មានតួនាទីជាអធិការរងនគរបាលស្រុកបូទុមសាគរ ដែលជាម្ចាស់សំណង់ឃាត់ផ្អាកសកម្មភាពរបស់ខ្លួន ក្រោយរដ្ឋបាលស្រុកចេញលិខិតឱ្យផ្អាកចំនួន២ដងរួចរាល់ហើយ។

លោក នួន ពន្លឺ បន្ថែមថា ចំពោះសំណង់មានជាផ្ទះ និងស្ពានឈើនេះ លោកមិនទាន់ដឹងថាសង់លយចូលព្រែកមាត់អណ្តូងទឹកទំហំប៉ុន្មាននោះទេ ដោយរង់ចាំផ្ទៀងផ្ទាត់ឯកសារគល់បញ្ជីចុះបញ្ជដីធ្លីលក្ខណៈជាប្រព័ន្ធបន្ថែមសិន ទើបអាចសន្និដ្ឋានលទ្ធផលបាន។ ប៉ុន្តែលោកនឹងធ្វើរបាយការណ៍មួយជូនលោកស្រី មិថុនា ភូថង អភិបាលខេត្ត ដើម្បីមានគោលការណ៍អនុវត្តច្បាប់។

លោក ខេង សំខាន់ អភិបាលរងស្រុកបូទុមសាគរ លើកឡើងដែរថា សំណង់ឥតច្បាប់របស់លោក ប៊ុន ប្រុស ដែលមានតួនាទីជាអធិការរងនគរបាលស្រុកបូទុមសាគរ ត្រូវបានអាជ្ញាធររបស់លោកចុះហាមឃាត់មិនឱ្យធ្វើសកម្មភាពបន្តចំនួន២ដងមកហើយ តែម្ចាស់សំណង់រូបនេះមិនព្រមស្តាប់តាមការណែនាំនោះទេ ដោយផ្គើនសាងសង់បន្តរហូតដល់មានការឃាត់ផ្អាកជាលើកទី៣របស់មន្ទីរជំនាញ។

មុននឹងចេញជារូបរាងសំណង់ខាងលើ រដ្ឋបាលស្រុក ក៏ធ្លាប់ណែនាំពន្យល់ឱ្យឈ្មោះ ប៊ុន ប្រុស ដាក់ពាក្យស្នើសុំសាង់នៅច្រកចេញចូលតែមួយ ដើម្បីមានក្រុមការងារជំនាញពិនិត្យជាក់ស្តែងថាអនុវត្តបានឬមិនបាន ប៉ុន្តែបុគ្គលនៅតែរឹងទទឹងពុំព្រមធ្វើតាមឡើយ។

ពាក់ព័ន្ធបញ្ហានេះដែរ «កម្ពុជាថ្មី» បានទាក់ទងទៅលោក ប៊ុន ប្រុស ដែលជាម្ចាស់សំណង់ និងមានតួនាទីជាអធិការងនគរបាលស្រុកបូទុមសាគរផងដែរ ដោយលោកអះអាងថា សំណង់ដែលលោកកំពុងសង់នេះជាទីតាំងផ្ទះចាស់ប៉ុណ្ណោះ ហើយចំពោះស្ពានឈើថ្មីទទឹងជាង១ម៉ែត្រសម្រាប់ដើរថ្មើរពុំមែនជាសំណង់រឹងនោះទេ ដោយធ្វើស្របនឹងលំនៅដ្ឋានពលរដ្ឋនៅក្បែរគ្នា។ ម៉្យាងសំណង់នេះជាសំណង់ទន់ មិនមែនជាសំណង់រឹងមាំនោះទេ។

លោក ប៊ុន ប្រុស ក៏ទទួលស្គាល់ដែរថា៖ «សំណង់របស់ខ្លួនសង់លយទៅមុខបន្តិចមែន ដោយលោកត្រៀមទៅសុំច្បាប់នៅរដ្ឋបាលឃុំស្រុកដែរ ប៉ុន្តែត្រូវបានអាជ្ញាធរចុះពិនិត្យធ្វើកំណត់ហេតុឱ្យរុះរើចេញដោយខ្លួនឯង។ លុះដល់លោកទៅសុំច្បាប់តាមការណែនាំបែរជាស្ងាត់ឈឹងមកវិញ បើធៀបនឹងសំណង់អ្នកដ៏ទៃទៀតសង់ដូចគ្នាតែសុទ្ធតែបេតុង ដោយដាក់សញ្ញា?ថា លោកខុសអ្វី?បើរុះរើសុំឱ្យរើត្រូវមានតម្លាភាពទាំងអស់»។

លោក ប៊ុន ប្រុស ស្នើដល់អាជ្ញាធរទៅពិនិត្យសំណង់ប្រជាពលរដ្ឋដ៏ទៃទៀតដែលសង់ស្របតាមមាត់ថាតើមានសំណង់ទន់ប៉ុន្មាន?សំណង់រឹងមាំប៉ុន្មាន ពុំមែនមើលឃើញតែសំណង់របស់ខ្លួនម្នាក់នោះទេ។

ទោះបីជាមានការបកស្រាយរបស់លោក ប៊ុន ប្រុស យ៉ាងណាក្តី ក៏មន្រ្តីជំនាញបដិសេធថា សំណង់នេះជាសំណង់ថ្មី ហើយសង់ខុសទីតាំងចាស់ដែលលោក ប៊ុន ប្រុស មានតំណែងជាអធិការរងនគរបាលស្រុកបូទុមសាគរអះអាងទៀតផង។ មន្ត្រីជំនាញ អះអាងថា ក្នុងករណីសំណង់របស់លោក ប៊ុន ប្រុស មិនខុសច្បាប់នោះ ក្រុមការងារជំនាញមិនចុះទៅហាមឃាត់ឡើយ។

តាមប្រភពព័ត៌មានច្បាស់ការណ៍ ខ្សឹបខ្សៀវថា កន្លងទៅ មានចៅហ្វាយស្រុកបូទុមសាគរ៥នាក់ហើយដែលមិនឱ្យអ្នកណាមក យកទីតាំងសំណង់ខុសច្បាប់នេះធ្វើសម្បត្តិឯកជន ឬចេញលិខិតអនុញ្ញាត្តសាងសង់អ្វីទេ ហើយរក្សាទុកបានល្អណាស់។ ទន្ទឹមនឹងនេះ ក៏មានចម្ងល់ថាចុះហេតុអ្វី លោក ប៊ុន ប្រុស អាចមករំលោភយកបាន ហើយផ្ទះធំយ៉ាងរំភើប ឬលោកមានខ្នងបង្អែកធំនៅពីក្រោយខ្នង?។

 អំឡុងពេលក្រុមការងារជំនាញចុះផ្អាកសកម្មភាពជាលើកទី៣ គេសង្កេតឃើញថា លោក ប៊ុន ប្រុស ម្ចាស់សំណង់ បានប្រតិកម្មយ៉ាងខ្លាំងចំពោះលោក ខេង សំខាន់ អភិបាលរងស្រុក ដោយមានឥរិយាបថមិនសមរម្យច្រើនទៅអាជ្ញាធររដ្ឋបាល ទាំងខ្លួនមានតួនាទីជាអធិការរងនគរបាលស្រុក។

យោងតាមកំណត់ហេតុការចុះអង្កេតទីតាំងធ្វើផែ និងសំណង់ជាផ្ទះរបស់លោក ប៊ុន ប្រុស របស់រដ្ឋបាលស្រុកបូទុមសាគរ បង្ហាញថា ទីតាំងសំណង់ខុសច្បាប់នេះ មានទទឹង២៨ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រ ដោយក្រុមការងារឃាត់ផ្អាកការសាងសង់ជាបណ្តោះអាសន្ន ដោយតម្រូវឱ្យដាក់ពាក្យសុំពីរដ្ឋបាលស្រុកអោយបានត្រឹមត្រូវ ទើបអាចបន្តសកម្មភាព៕

 អត្ថបទ៖រីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទី មុន

ក្រសួងអប់រំ រៀបចំសិក្ខាសាលា ពិគ្រោះ និងពិនិត្យការអនុវត្តការគាំពារ និងអភិវឌ្ឍកុមារតូច ក្រោមគោលបំណង២

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរ ផ្អាកសកម្មភាពសំណង់ខុសច្បាប់រំលោភដងព្រែក របស់លោកអធិការរងនគរបាលស្រុកបូទុមសាគរ ជាលើកទី៣

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរស្ដារប្រឡាយបឹងទំពន់ កាយយកសំរាមចេញ ដើម្បីបញ្ចៀសទឹកលិច និងស្ដារសោភ័ណភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មវិធី​១.៥​លាន​ ៖ យុវតី​សៅ យ៉ា​រ៉េត មិន​នឹកស្មានថា​អ្នក​បោះបង់​ការសិក្សា​ចោល​តាំងពីក្មេង​អាចមាន​ឱកាស​រៀន​ជំនាញ​បានដែរ

កីឡា៣ ម៉ោង មុន

Salah ​សម្រេចចិត្តមិនចូលរួមជាមួយ​អេហ្ស៊ីបក្នុងព្រឹត្តិការណ៍អូឡាំពិក​

Sokha Hotels

ព័ត៌មានពេញនិយម