ព័ត៌មានជាតិ
ក្រសួងធម្មការ ណែនាំឲ្យមានការទូងស្គរនៅតាមទីអារាមនៅព្រឹកថ្ងៃទី៥សីហា ដើម្បីអបអរសាទរគម្រោង ព្រែកជីកហ្វូណនតេជោ
ដើម្បីចូលរួមអបអរសាទរ និងបង្ហាញពីការគាំទ្រលើគម្រោង ព្រែកជីកហ្វូណនតេជោ ដែលនឹងក្លាយជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានណែនាំដល់គ្រប់មន្ទីរធម្មការ និងសាសនា រាជធានីខេត្តត្រូវរៀបចំឲ្យមានការទូងស្គរឲ្យបានព្រមគ្នានៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដែលជាថ្ងៃបើកការដ្ឋានសាងសង់គម្រោង ព្រែកជីកហ្វូណនតេជោ។
យោងតាមសេចក្ដីជូនដំណឹងកាលពីថ្ងៃទី៨កក្កដា រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានណែនាំឲ្យប្រធានមន្ទីរធម្មការ និងសាសនារាជធានី ខេត្ត ត្រូវសហការជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងមេដឹកនាំគ្រប់សាសនារៀបចំវាយ គង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដោយបន្លឺជាសំឡេងឱ្យបានកងរំពងនៅតាមទីអារាមសាសនាដូចជា វត្ត មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការ ស៊ូរ៉ាវ ឱ្យបានព្រមៗគ្នានៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង៩និង០៩ នាទីព្រឹក។ ត្រូវបង្កលក្ខណៈងាយស្រួលដល់បរិស័ទទាំងអស់បានចូលរួមអបអរសាទរឱ្យបានឱឡារិក អធិកអធម នៅតាមអារាមសាសនានីមួយៗ។
គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។
គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា ពង្រីកការ តភ្ជាប់ប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែង ត្រង់ទៅសមុទ្រ បង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ ជួយពង្រីកនិងបង្កើនផលិតភាពនៃការដាំដុះនៅភាគនិរតី ទទួលបានផលពីការនេសាទនិងពីវារីវប្បកម្ម ព្រមទាំងជំរុញវិស័យទេសចរណ៍ និងវិនិយោគ ជាពិសេសការបង្កើត តំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងការកែច្នៃនាំចេញ។
ទន្ទឹមនេះ គម្រោងព្រែកជីកហ្វូណនតេជោ នឹងជួយឱ្យកម្ពុជាពង្រឹងនូវឯករាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក ហើយនឹងមិនបង្កផលប៉ះពាល់ដល់ បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងរំហូរទឹកទន្លេមេគង្គឡើយ។ គម្រោងនេះ ទទួលបានការគាំទ្រ និងសាទរយ៉ាងក្លៀវក្លាបំផុតពីប្រជាពលរដ្ឋខ្មែររាប់លាននាក់នៅទូទាំងប្រទេស និងនៅក្រៅប្រទេស ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជា «គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប» បានក្លាយជាចលនាជាតិដ៏ខ្លាំងក្លាចងបាច់សាមគ្គី និងមនសិការជាតិខ្មែរទាំងមូលដ៏រឹងមាំ ក្រោមម្លប់នៃសន្តិភាព៕
អត្ថបទ៖ សុខុម
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់