ព័ត៌មានជាតិ
មេសហជីពនៅកម្ពុជា ៖ គោលនយោបាយប.ស.ស.របស់រដ្ឋាភិបាលជួយកាត់បន្ថយជម្លោះ រវាងកម្មករ និងនិយោជក និងបង្កើតឱ្យមានសុខុដុមនីយកម្ម
ភ្នំពេញ ៖ មេសហជីពនៅកម្ពុជាបានលើកឡើងថា គោលនយោបាយក្នុងការផ្តល់ សេវាបេឡាជាតិសន្តិសុខសង្គម (បសស) មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ជូនកម្មករនិយោជិតប៉ុណ្ណោះទេ ថែមទាំងបានកាត់បន្ថយជម្លោះ រវាងកម្មករ និងនិយោជក នៅតាមបណ្តារោងចក្រសហគ្រាសទៀតផង។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានឱ្យដឹងថា បសស បានជួយសម្រាលបន្ទុកដ៏ច្រើនសម្រាប់កម្មករនិយោជិត ដែលមានការគាំពារចំពោះការព្យាបាលជំងឺ ការថែទាំសុខភាព ការពិនិត្យផ្ទៃពោះ និងសម្រាលកូន ជាដើម មិនតែប៉ុណ្ណោះ បសស ក៏បានបញ្ឈប់លែងឱ្យកម្មករ និងនិយោជកមានជម្លោះជាមួយគ្នា ពេលមានគ្រោះថ្នាក់ការងារកើតឡើង ផងដែរ។
លោកបានបញ្ជាក់ថា ភាពក្តៅក្រហាយ ទោម្នេញដាក់គ្នារវាងកម្មករ និងនិយោជក ដែលធ្លាប់កើតឡើង គឺនៅពេលមានគ្រោះថ្នាក់ការងារធ្ងន់ធ្ងរ ដែលនិយោជកភ្លាមៗពិបាកក្នុងការមានលទ្ធភាពទទួលខុសត្រូវ បានធ្វើឱ្យមានការប្តឹងតវ៉ាពីសំណាក់កម្មករនិយោជិក។ យ៉ាងណាក៏ដោយ នៅពេលមានសេវា បសស បញ្ហាទាំងនោះត្រូវបានបញ្ចប់ ដោយគ្រាន់តែភាគីនិយោជក បង់ភាគទានទៅ បសស ដើម្បីធ្វើការដោះស្រាយបន្ត។
លោកថ្លែងថា «នៅពេលយើងមានសេវា បសស រាល់គ្រោះថ្នាក់ការងារ រាល់ជំងឺវិជ្ជាជីវៈទាំងឡាយណា គឺជាបន្ទុករបស់ បសស ដូចនេះភាគីកម្មករនិយោជិតមិនចាំបាច់បែរមុខព្រួញទៅកាន់និយោជក ហើយនិយោជកក៏មិនចាំបាច់ពាក់មុខយក្ស ក្នុងស្ថានភាពណាមួយមកកាន់កម្មកររបស់ខ្លួនដែលទាមទារនោះទេ គឺគ្រាន់តែបង់ភាគទានទៅបសសដើម្បីចាត់ចែងដោះស្រាយបន្តជាការស្រេច»។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ថ្លែងថា សេវា បសស ពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្មករ និយោជិត។ ក្នុងពេលបច្ចុប្បន្នការបង់ បសស គឺជាបន្ទុករបស់និយោជក ដែលទាំងនេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងសម្រួលឱ្យនិយោជកជាអ្នកទទួលខុសត្រូវ១០០ភាគរយ។
លោកថ្លែងថា «មិនត្រឹមតែប៉ុណ្ណឹងទេ យើងឃើញថា នៅពេលបងប្អូនមានជំងឺឈឺថ្កាត់អស់រាប់សិបម៉ឺនដុល្លារ រាប់សិបពាន់ដុល្លារគឺ បងប្អូនអត់មានចំណាយអីសូម្បី១ដុល្លារនោះទេ គឺជាបន្ទុករបស់រដ្ឋតែម្តង ដូចច្នេះយើងឃើញថាសេវា បសស នេះពិតជាមានសារៈសំខាន់។»
មួយវិញទៀត ហ្វា សាលី បន្ថែមថា បសស ក៏មានការយកចិត្តទុកដាក់លើស្ត្រី ដែលមានផ្ទៃពោះ ឱ្យមានការឈប់សម្រាករហូតដល់៤ដងសម្រាប់ការពិនិត្យផ្ទៃពោះចាប់ពីមានគភ៌ ដែលទទួលបានប្រាក់ឧបត្ថម្ភ៨ម៉ឺនរៀលបន្ថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការឈប់សម្រាកសម្រាលកូន ដែលមានប្រាក់ឧបត្ថម្ភ ១២០ភាគរយ ហើយនៅក្រោយពេលសម្រាលក៏មានការថែទាំកុមាររហូតដល់២ឆ្នាំ ដោយមានការឈប់សម្រាកបានច្រើនដងបន្ថែមទៀត ដើម្បីចាក់វ៉ាក់សាំងផ្សេងៗសម្រាប់កុមារ៕
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២០ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង