ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ហៅពិព័រណ៍ «ពន្លកបៃតង» ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត បណ្តុះផ្នត់គំនិតពលរដ្ឋកម្ពុជាគ្រប់វ័យឱ្យស្រលាញ់ដើមឈើ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានថ្លែងថា ការប្រារព្ធពិធីពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី ៤ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដែលក្រសួងបរិស្ថានក្នុងអាណត្តិនៃរដ្ឋាភិបាលនីតិកាលទី៧ បានរៀបចំឡើងក្នុងគោលបំណងបណ្តុះផ្នត់គំនិតដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់វ័យឱ្យស្រលាញ់ដើមឈើ តាមរយៈការយល់ដឹងអំពីអត្ថប្រយោជន៍នៃព្រៃឈើ រុក្ខជាតិ និងកេសរកូលព្រៃនៅកម្ពុជា និងការចូលរួមដោយផ្ទាល់ក្នុងការដាំដើមឈើ និងការដាំស្តារព្រៃឈើនៅកម្ពុជា។

ព្រៃឈើគឺជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ី ដែលមានគុណតម្លៃវិសេសវិសាលសម្រាប់សេដ្ឋកិច្ច សង្គម និងបរិស្ថាន។ ព្រៃឈើ មិនត្រឹមតែផ្តល់នូវសម្រស់ដ៏ស្រស់ត្រកាលសម្រាប់ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនានិងលំហែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមុខងារសំខាន់ៗជាច្រើនទៀត ដូចជា ការការពារពីការហូរច្រោះដី ការការពារខ្យល់ព្យុះនិងខ្យល់កន្តាក់ ការនាំមកនូវទឹកភ្លៀងសមស្រប ការរក្សាប្រភពទឹកក្រោមដី ការបន្សុទ្ធខ្យល់ឱ្យល្អបរិសុទ្ធ ការកាត់បន្ថយភាពក្តៅ ជាទីជម្រកសត្វព្រៃគ្រប់ប្រភេទ និង ជាពិសេស ជាលំនៅដ្ឋាន និងទីអាស្រ័យផលរបស់ប្រជាសហគមន៍ដែលរស់នៅក្នុងតំបន់មានព្រៃឈើ។ ព្រៃឈើក៏មានតួនាទីចូលរួមកាត់បន្ថយហានិភ័យដែលបណ្តាលមកពីគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ ដែលពិភពលោកកំពុងតែប្រឈមនិងមានការព្រួយបារម្ភយ៉ាងខ្លាំង។
សម្រាប់ការរៀបចំពិព័រណ៍និងចែកកូនឈើជូនដល់សារធារណជនដោយឥតគិតថ្លៃនាពេលនេះ ឯកឧត្តម ហ៊ុន ម៉ានី គូសបញ្ជាក់បន្ថែមថា ក៏ជាការបង្ហាញអំពីសុឆន្ទៈនិងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ក្នុងការជំរុញឲ្យកម្ពុជាសម្រេចឱ្យបាននូវគម្របព្រៃឈើចំនួន ៦០% នៃផ្ទៃប្រទេសនៅត្រឹមឆ្នាំ២០៥០។

ថ្លែងនៅក្នុងពិធីបើកសម្ពោធ «ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ការរៀបចំប្រារព្ធពិធី « ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤» ជាព្រឹត្តិការណ៍ដ៏ធំមិនធ្លាប់មានរបស់ក្រសួងបរិស្ថាន ឆ្លើយតបនឹងយុទ្ធនាការ«ដាំដើមឈើយ៉ាងតិច ១ លានដើមក្នុង ១ ឆ្នាំ» របស់ក្រសួង ដែលតម្រូវឱ្យមន្ទីរបរិស្ថានរាជធានីខេត្តទាំង ២៥ បណ្តុះកូនឈើឱ្យបាន ១០ ម៉ឺនដើមក្នុង ១ ឆ្នាំក្នុងមួយមន្ទីរ ដើម្បីទុកចែកជូនដល់សាធារណជនពីគ្រប់មជ្ឈដ្ឋានយកទៅដាំដោយឥតគិតថ្លៃនៅតាមទីតាំងរៀងៗខ្លួនទូទាំងប្រទេស។

នៅក្នុងអាណត្តិទី៧ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់ក្រសួងបរិស្ថានឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសរសរស្ដម្ភបីនោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ភាពបៃតងជាម៉ាស៊ីនបន្សុទ្ធខ្យល់បរិសុទ្ធសម្រាប់ទ្រទ្រង់ជីវិតយើងគ្រប់ៗគ្នា។ គ្មានខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម សុខភាព របស់យើងគឺមិនល្អនោះទេ។ លើសពីនេះទៅទៀត ដើមឈើជាប្រភពចំណូល ដែលកម្ពុជាអាចទទួលបានច្រើននាពេលអនាគត។
បើតាមលោករដ្ឋមន្រ្តី «ការដាំដើមឈើនៅពេលនេះ គឺការវិនិយោគទុនទុកជូនមនុស្សជំនាន់ក្រោយ ទទួលបានផលទាំងសេដ្ឋកិច្ច សុខុមាលភាព។ ពោល គឺយើងកំពុងតែរៀបចំផ្ទះ និងកំណប់ទ្រព្យ ទុកសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។»




«ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ដែលគ្រោងរៀបចំ រយៈពេល ៣ ថ្ងៃ ពោលចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្តីការក្រសួងបរិស្ថាន។ ពិព័រណ៍រយៈពេល ៣ ថ្ងៃ មានការចែកជូនកូនឈើដល់អ្នកចូលរួមដោយឥតគិតថ្លៃ ដែលមានប្រភេទឈើប្រណិត ឈើហូបផ្លែ កូនឈើព្រៃលិចទឹក និងឈើលម្អសរុបជាង ៤ ម៉ឺនដើម៕

-
សន្តិសុខសង្គម១៤ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៦ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង