ព័ត៌មានជាតិ
IOM រួមចំណែកកាត់បន្ថយបន្ទុកជំងឺរបេងជនទេសន្តរប្រវេសន៍កម្ពុជា ត្រឡប់មកពីថៃ
អង្គការអន្តរជាតិទេសន្តរប្រវេសន៍ International Organization for Migration (IOM) ប្រចាំប្រទេសកម្ពុជា រួមចំណែកកាត់បន្ថយបន្ទុកជំងឺរបេងក្នុងចំណោមជនទេសន្តរប្រវេសន៍ឆ្លងដែនកម្ពុជាដែលមានឯកសារស្របច្បាប់ និងគ្មានឯកសារ ដែលត្រឡប់មកពីប្រទេសថៃ។

ក្នុងឱកាសចូលជួប វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល លោកស្រី Kristin PARCO ប្រធានបេសកកម្មរបស់អង្គការ International Organization for Migration (IOM) ប្រចាំប្រទេសកម្ពុជា បានជម្រាបជូនអំពី គម្រោងកំចាត់រោគរបេងក្នុងចំណោមជនទេសន្តរប្រវេសន៍ (TB Elimination Among Migrants) ដំណាក់កាលទី២ ដែលជាគម្រោងលុបបំបាត់ជំងឺរបេងលើជនទេសន្តរប្រវេសន៍ថ្នាក់តំបន់ក្រោមការគាំទ្រថវិកាពីមូលនិធិសកល ដើម្បីរួមចំណែកកាត់បន្ថយបន្ទុកជំងឺរបេងក្នុងចំណោមជនទេសន្តរប្រវេសន៍ឆ្លងដែនកម្ពុជាដែលមានឯកសារស្របច្បាប់ និងគ្មានឯកសារ ដែលត្រឡប់មកពីប្រទេសថៃ។

គម្រោងនេះមានគោលបំណង ដើម្បីបំពេញចន្លោះប្រហោង និងស្វែងរកករណីជំងឺរបេងបន្ថែមទៀតដែលនឹងរួមចំណែកបង្រួមករណីបាត់បង់ តាមរយៈអន្តរាគមន៍សំខាន់ៗដូចជា៖ ការថែទាំ និងបង្ការជំងឺរបេង ការផ្តល់ការអប់រំ និងសម្ភារៈ IEC ការកែលម្អសមត្ថភាពរបស់ VHSGs លើការការពារជំងឺរបេង ការអនុវត្តសកម្មភាពស្វែងរកករណីសកម្ម (ACF) តាមដានការព្យាបាលបញ្ចប់ និងជាសះស្បើយ។

លោកស្រីបានបញ្ជាក់ថា គម្រោងនេះអាចអនុវត្តទៅបានដោយរលូន និងមានប្រសិទ្ធភាពគួរជាទីមោទនៈ នេះគឺដោយសារមានការគាំទ្រពីក្រសួងសុខាភិបាល និងកិច្ចសហការល្អ និងជិតស្និទ្ធពីសំណាក់មជ្ឈមណ្ឌលជាតិ កម្មវិធីជាតិ មន្ទីរសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។

វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលកម្ពុជា បានថ្លែងអំណរគុណ អង្គការ IOM ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់ សុខភាពជនទេសន្តរប្រវេសន៍នៅកម្ពុជា និងស្នើដល់អង្គការ IOM បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែទូលំទូលាយទៀតក្រៅពីសុខភាពជនទេសន្តរប្រវេសន៍នៅកម្ពុជា ដូចជាការស្រាវជ្រាវរកជំងឺឆ្លងដែលអាចមាននៅលើអ្នកចំណូលស្រុកមកកម្ពុជា ការងារសុខភាពតែមួយ ជំងឺរបេង ជំងឺអេដស៍ និងជំងឺឆ្លងដ៏ទៃទៀត ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោកស្រីនាយិកា បានជម្រាបជូន រដ្ឋលេខាធិការ ថា IOM បានធ្វើសហប្រតិបត្តិការជិតស្និទ្ធជាមួយមជ្ឈមណ្ឌលជាតិ នាយកដ្ឋានពាក់ព័ន្ធ កម្មវិធីជាតិ គាំទ្រក្រសួងសុខាភិបាលក្នុងការរៀបចំនូវគោលនយោបាយជាតិ ស្តីពី សុខភាពជនទេសន្តរប្រវេសន៍ និងចូលរួមជួយរៀបចំផែនការយុទ្ធសាស្រ្តជាតិ ស្តីពី សុខភាពជនទេសន្តរប្រវេសន៍ ២០២២-២០៣០ ។

តាមរយៈគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រជាតិខាងលើ IOM បានចូលរួមគាំទ្រដល់ដំណើរការក្រុមការងារបច្ចេកទេសសុខភាពជនទេសន្តរប្រវេសន៍នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមួយចំនួន ក្នុងនោះបានសហការគាំទ្រដល់ការបង្កើតក្រុមការងារបច្ចេកទេសសុខភាពជនទេសន្តរប្រវេសន៍នៅថ្នាក់ក្រោមជាតិសម្រាប់រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់