Connect with us

ព័ត៌មានជាតិ

គិតត្រឹមឆមាសទី ១ ឆ្នាំនេះ យុវជនជាង ៤ ម៉ឺន ៥ ពាន់នាក់ ចុះឈ្មោះចូលរៀនជំនាញ នៃកម្មវិធី TVET ១,៥ លាននាក់ របស់រាជរដ្ឋាភិបាល

បានផុស

នៅ

កម្មវិធី «​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ១,៥ លាន​នាក់​ ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ» របស់​រាជរដ្ឋាភិបាល ទទួលបាន​យុវជន​ចំនួន​ជាង ៤ ម៉ឺន ៥ ពាន់​នាក់ ចុះឈ្មោះ​ចូលរៀន នៅ​ទូទាំងប្រទេស គិត​ត្រឹម​ឆមាស​ទី​ ១ ឆ្នាំ​ ២០២៤។ នេះ​ជា​ការ​បញ្ជាក់​របស់ លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋលេខាធិការ គូសបញ្ជាក់ថា ចាប់ពី​ថ្ងៃទី​ ១៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ រហូតដល់​ថ្ងៃទី ​៣០ ខែ​មិថុនា ឆ្នាំ ២០២៤ ពោល គឺមាន​រយៈពេល​ជាង​ ៧​ ខែ នៃ​ការដាក់ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ ​«​កម្មវិធី​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ១,៥ លាន​នាក់ ​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​» ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុង​នាម​ជា​សេនាធិការ បាន​ដុតដៃដុតជើង​ផ្សព្វផ្សាយ​ព័ត៌មាន និង​ចាត់​ក្រុមការងារ​ចុះ​តាម​មូលដ្ឋាន​ផ្ទាល់​ធ្វើយ៉ាងណា​កៀរគរ​យុវជន​គោលដៅ​មក​ចុះឈ្មោះ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​នេះ​ឱ្យបាន​ផុសផុល។

លោក​បាន​បញ្ជាក់​បន្ថែមថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាននិងកំពុង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ អំពី​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៧ ទ្រង់ទ្រាយ​ធំ​ នៅ​រាជធានី-ខេត្ត យ៉ាង​សស្រាក់សស្រាំ ក្នុងនោះដែរ​ ក្រុមការងារ​ក្រសួង​ ក៏បាន​ចុះ​យុទ្ធនាការ​ផ្សព្វផ្សាយ​ផ្ទាល់​នៅតាម ឃុំ សង្កាត់ និង​តាម​ខ្នង​ផ្ទះ​ នៃ​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ផង​ដែរ។

លោក កត្តា អ៊ន បាន​បង្ហាញ​ថា យុវជន​អាច​ជ្រើសរើស​ជំនាញ​សិក្សា​ដែល​ខ្លួន​ពេញ​ចិត្តបាន​ក្នុង​ចំណោម​ជំនាញ​ទាំង ៤៥ ក្នុង​វិស័យ​អាទិភាព​សំខាន់ៗ ​ចំនួន​ ១០ រួមមាន សំណង់​, អគ្គិសនី និង​ថាមពល​, អេឡិចត្រូនិក​, បរិក្ខារ​ត្រជាក់​ និង​កម្ដៅ​, កម្មន្តសាល​, មេកា​និក​ទូទៅ​/​មេកា​និក​រថយន្ត​, ទេសចរណ៍​, សេវាកម្ម​, កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​, និង ធុរកិច្ច​និង​ព័ត៌មានវិទ្យា។

លោក​ក៏បាន​គូស​បញ្ជាក់​ដែរ​ថា ជោគជ័យ ​នៃ​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ គឺ​មិនមែន​រាប់​ត្រឹម​ពេល​ដែល​យុវជន​ជា​គោលដៅ​បានមក​ចុះឈ្មោះ​រៀន មិន​ត្រឹមតែ​វគ្គ​បណ្តុះបណ្តាល​បាន​ដំណើរការ ហើយ​ក៏​មិន​ត្រឹមតែ​ពេល​យុវជន​បានបញ្ចប់​ការបណ្តុះបណ្តាល​នោះទេ​។ ជោគជ័យ​ពិតប្រាកដ​ គឺ​ត្រូវ​សម្រេច​ឱ្យបាន​នូវ​អភិក្រម ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​ធិបតី គឺត្រូវធ្វើ​យ៉ាងណា​ឱ្យ​យុវជន «​រៀន​ឱ្យ​ចប់ រៀន​ឱ្យ​ចេះ និង​ឱ្យមាន​ការងារ​ធ្វើ​»។

លោក កត្តា អ៊ន ចាត់ទុកថា​កម្មវិធី​បណ្ដុះបណ្ដាល​នេះ គឺ​ប្រៀប​ដូចជា​ការ​បង្រៀន​ដល់​យុវជន​ជា​ក្រុម​គោលដៅ​ឱ្យ​ចេះ​ស្ទូចត្រី ដែល​រាជរដ្ឋាភិបាល​កំពុង​អនុវត្ត ឬ​និយាយ​មួយ​បែប​ថា​ កំពុងផ្តល់​ត្រី​ជូន​យុវជន​ជា​ក្រុម​គោលដៅ និង​ក្រុមគ្រួសារ​ពួកគាត់។ បន្ថែម​ពីនេះ ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ក៏​ជា​មធ្យោបាយ​ជួយ​ឱ្យ​យុវជន​អាច​ចាប់យក​ឱកាស​ការងារ​បាន​ឆាប់រហ័ស និង​ជំរុញ​ការចូលរួម​ចំណែក​របស់​យុវជន​បាន​កាន់តែ​ទូលំទូលាយ​ក្នុងការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ជាតិ ព្រមទាំង​ជា​ស្ពាន​ផ្តល់ឱកាស​ការសិក្សា​ពេញ​មួយជីវិត ដល់​កម្មករ-និយោជិត តាមរយៈ​កម្មវិធី​ផ្លាស់ប្ដូរ​ជំនាញ បង្កើន​ជំនាញ និង​បង្កើន​ផលិតភាព​ពេញ​មួយ​ជីវិត​ ទោះបីជា​កំពុង​មាន​ការងារ​ធ្វើ​ក៏ដោយ។ ការ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ គឺជា​កម្មវិធី​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល សំដៅ​អភិវឌ្ឍន៍​កម្លាំង​ពលកម្ម​ឱ្យមាន​ជំនាញ មាន​សមត្ថភាព មានគុណ​ធម៌ សីលធម៌ ចរិយា​មាយាទ មនសិការ​វិជ្ជាជីវៈ និង​ស្មារតី​ទទួលខុសត្រូវ​លើ​ការងារ មុខរបរ និង​វិជ្ជាជីវៈ​របស់​ខ្លួន​ដែល​អាច​ឆ្លើយតបបាន​ទៅនឹង​តម្រូវការ​ទីផ្សារការងារ និង​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព បរិយាបន្ន សមធម៌ និង​ភាព​ធន់​នឹង​វិបត្តិ​ទាំង​ចំពោះ​មុខ និង​ទាំង​អនាគត។

លោក​បាន​អំពាវនាវ​ឱ្យ​អាណាព្យាបាល យុវជន​ទូទៅ យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ដែល​មិនទាន់បាន​ចុះឈ្មោះ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស សូម​រួសរាន់​មក​ចុះ​ឈ្មោះ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​តាមរយៈ (១). ប្រព័ន្ធ​ឌីជីថល ដោយ​ខ្លួនឯង ឬ​ដោយ​ពឹង​បុគ្គល​ណាមួយ លើ​កម្មវិធី​ទូរស័ព្ទដៃ (TVET 1.5M), ឬ (២). អាច​ទៅ​ចុះឈ្មោះ​ផ្ទាល់​នៅតាម​បណ្តា​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ទូទាំងប្រទេស ឬ​ទំនាក់ទំនង​សួរនាំ​អាជ្ញាធរ​ឃុំ-សង្កាត់​ដែល​ខ្លួន​រស់នៅ ឬ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រាជធានី-ខេត្ត ឬ​ទូរស័ព្ទ​ទៅកាន់​លេខ ១២៩៧ ឬ ១២៨៦។ ចំពោះ​សិស្ស​ដែល​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​, មាន​អាយុ​ចាប់ពី ១៥ ​ឆ្នាំ​ឡើង​, និង​មាន​បណ្ណ​សមធម៌ ឬ​បណ្ណ​សម្គាល់​គ្រួសារ​ងាយ​រង​ហានិភ័យ នឹង​ទទួលបាន​ការសិក្សា​ដោយ​មិន​បង់ថ្លៃ​, ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ចំនួន ២៨ ​ម៉ឺន​រៀល​, ទទួលបាន​ការ​ប្រឹក្សា​យោបល់​ពី​ការជ្រើសរើស​ជំនាញ និង​ព័ត៌មាន​ទីផ្សារ​ការងារ​, ចុះ​កម្ម​សិក្សា​នៅ​តាម​សហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និង​ក្រុមហ៊ុន​ឯកជន​, ជំនាញ​មួយ​ពិតប្រាកដ​ដែល​ទីផ្សារ​ការងារ​កំពុង​ត្រូវការ​, និង​ឱកាស​ការងារ​ធ្វើ​សមរម្យ និង​ប្រាក់ចំណូល​ទៀងទាត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៨ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម