Connect with us

ព័ត៌មានជាតិ

ដាំកូនឈើ ១ ម៉ឺនដើម បន្ថែមទៀត ក្នុងភូមិសាស្ត្រស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ ២០២៤ សមាគម​ទូក​មាស​កង្រី បាន​រៀបចំ​យុទ្ធនាការ​ដាំ​កូនឈើ ១០ ០០០ ដើម ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​មូលនិធិ អ៉ឹង ហ្វោន​ដេ​ហ្ស៊ិន និង​សហការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត ក្នុង​គោលបំណង​បំផុស​ស្មារតី​រួមគ្នា​ថែរក្សា ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ រួម​មាន​ព្រៃឈើ និង​សត្វព្រៃ និង​ការ​សង្គ្រោះ​ភព​ផែនដី ជាពិសេស​ការស្ដារ​ឡើងវិញ​នូវ​ចំនួន​ព្រៃឈើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធនាការ​នេះ មាន​ការ​ចូលរួម​ពី​អ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធាន​មូលនិធិ អ៉ឹង ហ្វោន​ដេ​ហ្ស៊ិន លោក​ជំទាវ ហេង សុខា តំណាង​មន្ទីរ​បរិស្ថាន និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង លោក ឆេង ផល្លា អភិបាលរង​ស្រុក​កំពង់លែង លោក គឹម យឿម ប្រធាន​សមាគម​ទូក​មាស​កង្រី ក្រុម Miss Planet Cambodia តំណាង​ក្រុមហ៊ុន​ បាន​សហការ​ឧបត្ថម្ភ រួមមាន​ក្រុមហ៊ុន ដូនពេញ ខេ​ម​បូ​ឌា គ្រុប ក្រុមហ៊ុន អាយ​អិន​ជី ហូល​ឌី​ង ក្រុមហ៊ុន ដូនពេញ ត្រេ​ឌី​ង ធនាគារ​ឯកទេស ដូនពេញ ក្រុមហ៊ុន​ធានារ៉ាប់រង ភី​ភល​&​ផាត​នើ ក្រុមហ៊ុន ដូនពេញ ព្រី​ខាស ផ្លេ​ន និង​ក្រុមហ៊ុន អ៊ី&​អេ ខន​សាល់​ធេន ព្រមទាំង​អាជ្ញាធរ ប្រជាពលរដ្ឋ និង​លោកគ្រូ​-​អ្នកគ្រូ សិស្សានុសិស្ស ក្នុងស្រុក​កំពង់លែង សរុប​ប្រមាណ ៤០០ នាក់ ប្រកប​ដោយ​ភាព​រីករាយ​បំផុត។

លោក អ៉ឹង ស៊ីវ​ខូវ តំណាង​មូលនិធិ អ៉ឹង ហ្វោ​ន​ដេ​ហ្ស៊ិ​ន បាន​បញ្ជាក់ថា​ មូលនិធិ​បាន​សហការ​ជាមួយ​សមាគម​ទូក​មាស​កង្រី រៀបចំ​យុទ្ធនាការ​ដាំ​កូនឈើ​ចំនួន​ ៣​ លើក​ មកហើយ សរុប​កូនឈើ​ប្រមាណ ២ ម៉ឺន​ដើម ក្នុងនោះ​កាល​ឆ្នាំ ២០២២ ចំនួន​ ៤​ ពាន់​ដើម​, ២០២៣ ចំនួន​ជាង​ ៥​ ពាន់​ដើម ហើយ​ឆ្នាំនេះ​ ២០២៤ ដាំ​ចំនួន​ ១​ ម៉ឺន​ដើម​ បន្ថែមទៀត​ រួមមាន គ្រញូង​ចំនួន ២ ៥០០ ដើម ឈើទាល​ចំនួន​ ២ ៥០០​ ដើម ផ្តៀក​ចំនួន​ ២ ៥០០ ​ដើម ឈើ​បេង​ និង​ប្រភេទ​ឈើ​ចម្រុះ​ចំនួន​ ២ ៥០០​ ដើម ដោយ​កូនឈើ​ទាំងអស់​ត្រូវបាន​ដាំ​នៅ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ភ្នំ​នា​ងក​ង្រី​-​ភ្នំ​ទូក​មាស ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ដែល​នេះ​ជាការ​ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​អ្នក​ឧកញ៉ា អ៉ឹង ប៊ុន​ហ៊ូវ ក្នុងការ​អភិរក្ស​ធនធាន​ធម្មជាតិ និង​ធ្វើឱ្យ​ស្រុក​កំពង់លែង​ប្រែក្លាយ​មុខមាត់​ជា​តំបន់​ដែលមាន​ធម្មជាតិ​បៃតង​ស្រស់បំព្រង និង​ជា​តំបន់​ទេសចរណ៍​បែប​ចម្រុះ។

ឆ្លៀត​ក្នុងឱកាស​នេះដែរ លោក​បានបង្ហាញ​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​មូលនិធិ និង​សមាគម ក្នុង​ការបន្ត​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី សំដៅ​ធ្វើ​យ៉ាងណា​ចូលរួម​ថែរក្សា ការពារ​តំបន់​អភិរក្ស​ធនធានធម្មជាតិ​នេះ​បាន​គង់វង្ស​យូរអង្វែង។ មូលនិធិ អ៉ឹង ហ្វោ​ន​ដេ​ហ្ស៊ិ​ន ក៏បាន​បង្ហាញ​ពី​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​នូវ​កិច្ចសហការ​ជាមួយ​ដៃគូ​ក្នុងស្រុក និង​អន្តរជាតិ ដែលមាន​ចក្ខុវិស័យ និង​គោលដៅ​ប្រហាក់ប្រហែលគ្នា ក្នុង​បុព្វហេតុ​សង្គម​កម្ពុជា​ជារួម ពិសេស​ក្នុង​ទឹកដី​ នៃ​ស្រុក​កំពង់លែង​នេះ។

លោក​បាន​បន្តថា ពិធី​ដាំ​កូនឈើ​ថ្ងៃនេះ គឺជា​សក្ខីភាព​មួយ​ដែល​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​គ្រប់​ភាគី​ពាក់ព័ន្ធ ក្នុងការ​រួមចំណែក​សម្រេច​បាន​នូវ​ផែនការ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព និង​ការ​ស្តារ​ធនធាន​ធម្មជាតិ ការគ្រប់គ្រង​បរិស្ថាន ដើម្បី​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ព្រមទាំង​ការចូលរួម​លើកកម្ពស់​ជីវភាព និង​សុខុមាលភាព​ប្រជាជន។

លោក ឆេង ផល្លា អភិបាលរង​ នៃ​គណៈ​អភិបាលស្រុក​កំពង់លែង បាន​ថ្លែង​កោតសរសើរ​ដល់​សមាគម​ទូក​មាស​កង្រី និង​មូលនិធិ អ៉ឹង ហ្វោន​ដេ​ហ្ស៊ិន ដែល​បាន​បង្កើត​យុទ្ធនាការ​ដាំ​កូនឈើ​ជា​បន្តបន្ទាប់ ហើយ​នេះ​ជា​សកម្មភាព​ដ៏​ប្រពៃ ក្នុងការ​បំផុស​ចលនា​ដាំ​ដើមឈើ​ឡើងវិញ និង​បណ្ដុះ​គំនិត​ឱ្យ​ប្រជាពលរដ្ឋ​ស្រលាញ់ ថែរក្សា ការពារ ព្រៃឈើ​ និង​បរិស្ថាន​ធម្មជាតិ​ក្នុងស្រុក​កំពង់លែង ក៏ដូចជា​ទូទាំង​ប្រទេស​ផង​ដែរ។ ក្នុងនាម​ជា​អាជ្ញាធរ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប បញ្ឈប់​ជា​បន្ទាន់ចំពោះ​សកម្មភាព​កាប់​បំផ្លាញ​ទន្ទ្រាន​ព្រៃឈើ ការ​ធ្វើ​ជំនួញ​ដី​ព្រៃ​សហគមន៍​ខុស​ច្បាប់ ដែល​ជា​បទល្មើស​ដ៏​ធ្ងន់ធ្ងរ និង​បណ្ដាល​ឱ្យ​មាន​គ្រោះ​មហន្តរាយ​ដល់​បរិស្ថាន​ធម្មជាតិ​នានា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម