ព័ត៌មានជាតិ
ខេត្តជាប់សមុទ្រចំនួន ៤ ដាក់តំបន់ឆ្នេរប្រកួតប្រជែង គម្រោងរចនាប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រនៅកម្ពុជា
ខេត្តជាប់សមុទ្រចំនួន ៤ មានខេត្តកែប កំពត ព្រះសីហនុ និងកោះកុង បានដាក់តំបន់ឆ្នេរជាគោលដៅសម្រាប់ការប្រកួតប្រជែងស្នាដៃគម្រោងរចនាប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រនៅកម្ពុជា។

ក្រោមមូលបទ «កម្ពុជាៈ មាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ» កម្មវិធីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា ផ្តួចផ្តើមដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ដែលនឹងបើកឱកាសដល់អ្នកចូលរួមមកពីគ្រប់មជ្ឈដ្ឋាន មិនថាជាសិស្សនិស្សិត វិស្វករ ស្ថាបត្យករ អ្នកជំនាញជាតិអន្តរជាតិ អាចចុះឈ្មោះចូលរួមប្រកួតប្រជែង ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច ទេសចរណ៍ និងទាក់ទាញការវិនិយោគនៅតំបន់ឆ្នេរសមុទ្រប្រទេសកម្ពុជា។
ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយការប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមានការចូលរួមពីសិស្សនិស្សិតរាប់រយនាក់នៅព្រឹកមិញនេះ លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានគូសបញ្ជាក់ថា សិក្ខាសាលានេះធ្វើឡើងដើម្បីផ្សព្វផ្សាយ ក៏ដូចជាជាការជូនដំណឹងដល់សិស្សនិស្សិត ស្ថាបត្យករ វិស្វករ សាស្ត្រាចារ្យ អ្នកវិជ្ជាជីវៈរចនាស្ថាបត្យកម្មឬវិស្វកម្មពីគ្រប់មជ្ឈដ្ឋានទាំងនៅក្របខណ្ឌជាតិនិងអន្តរជាតិពីកម្មវិធីប្រកួតប្រជែងការរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា។
លោក ប៉ែន សុផល បានថ្លែងថា ការប្រកួតប្រជែងនេះ គឺកំណត់យកតំបន់ឆ្នេរជាអាទិភាពក្នុងខេត្តគោលដៅចំនួន ៤ ក្នុងនោះខេត្តកែបមាន ឆ្នេរអង្កោល ឆ្នេរលេងទឹកកែប ( ឆ្នេរកែប) ឆ្នេរកោងកាងអូរក្រសារ និងឆ្នេរផ្សារក្តាម។ ខេត្តកំពតមានឆ្នេរសហគមន៍នេសាទកែបថ្មី ឆ្នេរភ្នំដូង ឆ្នេរកោងកាងព្រែកត្នោត និងព្រែកកំពត។ ខេត្តព្រះសីហនុ មានចាប់ពីឆ្នេរអូរឈើទាលដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្នេរទំនប់រលក និងឆ្នេរព្រែកត្រែង និងខេត្តកោះកុង មានឆ្នេរប៉ាក់ខ្លង ឆ្នេរនេសាទ និងឆ្នេរកោងកាងពាមក្រសោប។
ឆ្នេរសមុទ្រប្រទេសកម្ពុជាមានប្រវែងជាង ៤៤០ គីឡូម៉ែត្រ ជាសមាជិកពេញសិទ្ធិក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក។ ដោយសារសក្ដានុពលនិងភាពទាក់ទាញខុសៗគ្នា ដូច្នេះគំនិតការឌីហ្សាញត្រូវរួមបញ្ចូលគោលគំនិតនៃការរចនាប្លង់នគរូបនីយកម្មដែលស្របតាមភូមិសាស្ត្រ និងបរិស្ថានធម្មជាតិជុំវិញនៃតំបន់នីមួយៗ។ នេះបើតាមលោក ប៉ែន សុផល។
លោក ប៉ែន សុផល ក៏បានរំលេចបន្ថែមចំណុចមិនអាចខ្វះបាននោះគឺការរចនាត្រូវបង្កប់នូវអត្តសញ្ញាណជាតិ រួមទាំងគិតគូរពីតម្លៃដែលអាចអនុវត្តបាន សម្រាប់គម្រោងប្លង់ដែលបេក្ខជនដាក់ចូលរួមប្រកួតប្រជែង។
មកដល់ពេលនេះមានបេក្ខភាពដាក់ពាក្យចូលរួមជាង ៨០ ក្រុម មកពីគ្រប់មជ្ឈដ្ឋាន ខណៈកាលបរិច្ឆេទឈប់ទទួលពាក្យគឺនៅថ្ងៃ ៣១ ខែកក្កដា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា បើតាមគណៈកម្មការរៀបចំការប្រកួត សម្រាប់គោលការណ៍ និងលក្ខខណ្ឌនៃការប្រកួតប្រជែង បេក្ខជនអាចចូលរួមប្រកួតប្រជែងនៅក្នុងវិញ្ញាសាចំនួន ១, ២, ៣ ឬ៤ នៃវិញ្ញាសាទាំង ៤ ខាងលើ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?