Connect with us

ព័ត៌មានជាតិ

លោក​ហេង សួរ​ ៖ TVET គឺជា​អណ្តូង​មាស អណ្តូង​ប្រាក់ អណ្តូង​សំណាង​សម្រាប់​ពលរដ្ឋ​ក្រីក្រ

បានផុស

នៅ

កំពង់ឆ្នាំង ​៖ កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស គឺជា​អណ្តូង​មាស អណ្តូង​ប្រាក់ អណ្តូង​សំណាង​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​។ ការ​ចូលរៀន​ក្នុង​កម្មវិធី​នេះ​ពលរដ្ឋ​នឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ ២៨​ម៉ឺន​រៀល​ប្រចាំខែ ហើយ​ថែមទាំង​បាន​រៀន​ជំនាញ​ដែល​អាច​អភិវឌ្ឍន៍​ខ្លួន​ឱ្យ​ចាក​ផុតពី​ភាពក្រីក្រ​ទៀតផង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​ថ្លែង​របស់ លោក​ហេង សួរ រដ្ឋ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ខេត្តកំពង់ឆ្នាំង ក្នុង​ពេល​ចុះ​ផ្សព្វផ្សាយ​ពី​របប​សន្តិសុខ​សង្គម និង​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​ពលរដ្ឋ​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ក្នុង​ខេត្តកំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២៤​។

ក្នុង​ឱកាស​ផ្សព្វផ្សាយ​នោះ លោក​រដ្ឋមន្ត្រី បាន​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន ចូលរួម​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ពី​អត្ថប្រយោជន៍ នៃ​ចូលរៀន​ក្នុង​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស គឺ​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ នឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ២៨​ម៉ឺន​រៀល ការ​ចូល​រៀន​មិន​ទាមទារ​កម្រិតវប្បធម៌ ទោះបី​រៀន​ចប់​ថ្នាក់​ទី​១​ក៏​អាច​ចូលរៀន​បាន ហើយ​រៀន​ចប់​បាន​សញ្ញាបត្រ ថែមទាំង​រដ្ឋ​ជួយ​រក​ការងារ​ឱ្យធ្វើ ដោយ​ទទួល​បាន​ប្រាក់ខែ​យ៉ាងតិច​ចាប់ពី ៨០​ម៉ឺន​រៀល​ឡើង​។​

​លោក​ថ្លែង​ថា «​កុំ​ឱ្យ​ដោយសារ​ជីវភាព អត់​បាន​រៀន​ដល់​បាក់​ឌុប​អត់​បាន​អី អត់​មាន​សញ្ញាបត្រ ឥឡូវ​រដ្ឋ​ផ្តល់​ឱកាស​ឱ្យ​មក​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​នេះ​ដោយ​មិន​គិត​ពី​ប្រវត្តិ​អតីតកាល​ទេ ឱ្យតែ​មក​ចូលរៀន ខំ​រៀន​នឹង​បាន​សញ្ញាបត្រ​១ អ៊ីចឹង​អនាគត​របស់​កូន​-​ក្មួយ នឹង​ក្លាយទៅជា​មនុស្ស​ម្នាក់​ដែលមាន​ជំនាញ​យកទៅ​ប្រើប្រាស់​មួយ​ជីវិត ហើយ​រាជរដ្ឋាភិបាល​ធានា​ជួយ​រក​ការងារ​ឱ្យធ្វើ​ទៀត។»

លោក​រដ្ឋមន្ត្រី បាន​លើកឡើងថា ការ​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​បាន​ចូលរៀន​ជំនាញ គឺជា​ការ​ជួយ​ឱ្យ​ពួកគាត់​ទទួល​បាន​ចំណូល​បន្ថែម ចាក​ឆ្ងាយ​ពី​ភាព​ក្រីក្រ ដែល​ប្រសើរ​ជាង​នៅផ្ទះ​ធ្វើការ​ងារ​តាម​ទម្លាប់​ជាមួយ​ឪពុកម្តាយ ឬ​ទៅ​ស៊ីឈ្នួល​រកប្រាក់​ដែល​ទទួលបាន​ចំណូល​មិន​ទៀងទាត់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម